អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​វៀត​ណាម​ដោះ​លែង​ប្រធាន​អង្គការ​កុមារ​របស់​​កម្ពុជា​នៅ​ថ្ងៃ​នេះ​

ប្រធាន​អង្គការ​កុមារ​  C-Rights​ ក្នុង​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ដោះ​លែង​វិញ​ នៅ​ថ្ងៃទី៥​ ខែកក្កដា​នេះ​។ ​នេះ​បើតាម​លោក​ ឯម​ សុភា​អ្នក​ចាត់​ការ​ទូទៅ​អង្គការ​ C-rights​។ ​ជាការ​ដោះ​លែង​ ក្រោយ​ពី​លោកត្រូវ​បាន​ប្រជា​ពលរដ្ឋ​វៀតណាម​ចាប់​ខ្លួន​ដោយ​អំពើហិង្សា​នៅ​ឃុំត្នោត​ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយរៀង ដោយ​ចោទ​ប្រកាន់​ថា​រូប​លោក​បាន​ចូល​ក្នុង​តំបន់​ព្រំដែន​ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក ផែន ប៊ុនធឿន ប្រធានអង្គការ C-Right ជាអង្គការកុមារ ប្រចាំខេត្តស្វាយរៀង៕
លោក ផែន ប៊ុនធឿន ប្រធានអង្គការ C-Right ជាអង្គការកុមារ ប្រចាំខេត្តស្វាយរៀង៕ @Phen Buntoeun
ផ្សាយពាណិជ្ជកម្ម

ការ​ដោះ​លែង​លោក​ ផែន​ ប៊ុន​ធឿន​ ប្រធាន​អង្គការ​ C-Right​s ជា​អង្គការ​កុមារ ​ប្រចាំ​ខេត្ត​ស្វាយ​រៀង​ បាន​ធ្វើឡើង​នៅ​ថ្ងៃ​នេះ ​ដោយ​មាន​ការ​សហការ​ជា​មួយ​នឹង​អាជ្ញាធរ​កម្ពុជា ​និង​អាជ្ញាធរ​វៀតណាម។​ នេះ​បើ​តាម​ការបញ្ជាក់​របស់ ​លោក ​ឯម​ សុភា ​អ្នក​ចាត់​ការ​ទូទៅ​របស់​អង្គការ​ C-Rights។ ​លោក​បាន​បន្ថែម​ថា ​ការ​ចាប់​ខ្លួន​ លោក​ ផែន​ ប៊ុន​ធឿន​ បាន​ធ្វើ​ឡើង​នៅ​រសៀល​ម៉ោង​ ៤​ ថ្ងៃទី៤ ​ខែកក្កដា ​ដោយ​ប្រជា​ពលរដ្ឋ​វៀតណាម​មួយក្រុម​។

 
ការ​ចាប់​ខ្លួន​នោះ​ត្រូវ​បាន​លោក​ ឯម​ សុភា ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងែ​នោះ​លោក​ ផែន​ ប៊ុន​ធឿន​ បាន​រៀប​ចំកម្ម​វិធី​មួយ​សម្រាប់​កុមារ​ៗ ​ប្រមាណ​៤០​នាក់​ ដែល​ចង់​ស្គាល់​ព្រំ​ដែន​កម្ពុជា ​ហើយ​លោក​ក៏​បាន​ដឹក​នាំ​កុមារទាំង​នោះ ​ទៅ​កាន់​តំបន់​ព្រំដែន​ក្នុង​ឃុំ​ត្នោត​ ស្រុក​កំពង់រោទិ៍ ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ការិយាល័យ​អង្គការ C-Rights ។

ក្រោយ​ពី​នាំ​កុមារ​ដើរ​មិន​ទាន​ដល់​តំបន់​ព្រំដែន​នោះ​ផង​ លោក​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​មាន​ទាំង​ការ​ប្រើ​អំពើហិង្សា​មក​លើ​រាង​កាយ​របស់​លោក​ផង​ដែរ​។ ​មិន​យូរ​ប៉ុន្មាន ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​ភ្លាមៗ ​លោក​ក៏​ត្រូវ​បានអាជ្ញាធរ​វៀតណាម​បញ្ជូន​ខ្លួន​ទៅ​កាន់​ខេត្ត​ឡុង​ អាន​ ប្រទេស​វៀតណាម​។ ​ចំណែក​ឯកុមារ​ប្រមាណ​៤០​នាក់នោះ​មិន​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​វៀតណាម​ធ្វើ​បាប​អ្វី​នោះ​ទេ​ ហើយ​ពួក​គេ​ក៏​បាន​ត្រឡប់​មក​ការិយាល័យ​អង្គការវិញ​ដោយ​សុវត្ថិ​ភាព។ 

សូម​បញ្ជាក់​ថា​បង្គោល​ព្រំដែន​ស្ថិត​ក្នុង​ឃុំត្នោត​ ស្រុកកំពុងរោទិ៍​ កាល​ពី​ថ្ងៃទី​២៨ ​ខែ​មិថុនា​កន្លង​ទៅ ​ធ្លាប់​កើតអំពើ​ហិង្សា​ម្តង​រួច​មក​ហើយ​រវាង​ភាគី​កម្ពុជា ​និង​វៀតណាម ​ដែល​បាន​បណ្តាល​ឲ្យ​ភាគី​កម្ពុជា​ប្រមាណ១០នាក់​រង​របួស ​និង​ភាគី​វៀតណាម​ប្រមាណ​៨នាក់​រងរបួស។

មន្ត្រី​នគរបាល​ព្រំដែន​ក្នុង​ស្រុក​កំពង់​រោទិ៍ ​ខេត្ត​ស្វាយ​រៀង​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ​ខាង​អាជ្ញាធរ​វៀតណាម​បាន​បញ្ជូន​ខ្លួន​លោក​ ផែន​ ប៊ុនធឿន ​មក​ក្នុង​ទឹក​ដី​កម្ពុជា​វិញ​នៅ​ព្រឹក​នេះ។​ ហើយ​លោក​បញ្ជាក់​ថា​ការចាប់​ខ្លួន​នេះ ​គឺ​ភាគី​វៀតណាម​ចោទ​ប្រកាន់​ លោក​ ផែន​ ប៊ុនធឿន​ថា​បាន​ចូល​ក្នុង​តំបន់​ព្រំដែន​ដោយ​គ្មាន​ការអនុញ្ញាត។

ចំណែក​ឯ​លោក ​នុន​ បូពិន​ណា​រ័ត្ន ​ជា​មន្ត្រី​អង្គការ​លី​កា​ដូ​ប្រចាំ​ខេត្ត​ស្វាយ​រៀង​បាន​បញ្ជាក់​ថា​ការ​ដោះ​លែងលោក​ ផែន​ ប៊ុន​ធឿន ​នេះ​គឺ​ដោយ​សារ​តែ​មាន​ការ​អន្តរាគម​ពី​អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​ ទៅ​អាជ្ញាធរ​ខេត្តឡុង អាន ​ប្រទេស​វៀតណាម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ