អានតួអត្ថបទ
កម្ពជា

លោក​​ហ៊ុន​ សែន ចុះហត្ថលេខា​បង្កើត​គណៈកម្មការ​ជាតិ​បង្រ្កាប​បទល្មើស​​ព្រៃឈើ​​ជា​​ផ្លូវ​ការ​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​ទើប​តែ​បាន​ចុះ​ហត្ថលេខា​កាល​ពី​យប់​ថ្ងៃទី​១៥​មករា ​លើ​សេចក្តី​សម្រេច​ស្តីពី​ការ​បង្កើត​​គណៈកម្មការ​​ជាតិ​បង្រ្កាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា។​ លោក សៅ សុខា ​ដែល​ប្រធាន​​គណៈកម្មការ​​ជាតិនេះ​​ ​បាន​​បោះ​​មួយ​​ជំហាន​​ទៅ​​មុខ​ ​​​នៅ​​ក្នុង​បេសកម្ម​​បង្រ្កាប​​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ តាម​រយៈ​ការ​បញ្ជូន​កង​កម្លាំង​កង​រាជ​អាវុធហត្ថ​ទៅ​កាន់​ខេត្ត​គោលដៅ​សំខាន់ៗ ​បន្ទាប់​ពី​មាន​បទបញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​សុក្រ។​ បើ​តាម​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូប​នេះ ​លោក​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៏​ក្រោយ​នេះ ​ដើម្បី​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោក សៅ សុខា​ អគ្គមេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​នៅ​ថ្ងៃសៅរិ៍​នេះ​ថា ​លោក​បាន​បញ្ជូន​កង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​របស់​លោក ​ទៅ​កាន់​ច្រក​ព្រំដែន​អស់​ហើយ ​តាំង​ពី​យប់​ថ្ងៃទី​១៥​មករា​មក ​ពោល​គឺ​បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ផ្ទាល់​មាត់​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ។​

នេះ​គឺ​ជាការ​ឈាន​មួយ​ជំហាន​ទៅ​មុខ ​របស់​គណៈ​កម្មការ​ពិសេស ​ដែល​ទើប​ត្រូវ​បាន​បង្កើ​ត​ឡើង ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦ ​ពោល​គឺ ​មុន​ពេលដែល​គណៈកម្មការ​ពិសេស​នេះ ​បើក​កិច្ច​ប្រជុំ​ផ្លូវ​ការ​ ជា​លើក​ដំបូង​ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់ ​លោក សៅ សុខា​ ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃទី​១៥​មករា​ឆ្នាំ២០១៦។​

យោង​តាម​សេចក្តី​សម្រេច​នេះ ​គណៈកម្មការ​ពិសេសនេះ​ ដឹកនាំ​ដោយ​លោក សៅ សុខា អគ្គមេបញ្ជាការ​រង នៃកង​យោធពលខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​អម​ដោយ​អនុប្រធាន​១​រូប​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ូ សាគុណ ​អគ្គស្នង​ការ​រង ​នគរបាលជាតិ ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន។ ​គណៈកម្មការ​នេះ ​ដោយមាន​​សមាជិក៨​រូប​ទៀត ​រួមមាន ​លោក ឆេង គឹមស៊ុន​ តំណាង​មក​ពី​ក្រសួង​កសិកម្ម​ និង​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ, ​លោក ផៃ ប៊ុនឈឿន​ តំណាង​មក​ពី​ក្រសួង​បរិស្ថាន​ និង​អភិបាល​ខេត្ត​ចំនួន៦ ​រួមមាន​ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ​ខេត្ត​ក្រចេះ ​ខេត្ត​កំពង់ចាម​ ខេត្ត​មណ្ឌលគីរី ​ខេត្ត​រតនគីរី ​និង​ខេត្តស្ទឹងត្រែង។​

យោង​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ត្រង់​ប្រការ​២.​ បាន​ចែង​អំពី​តួនាទី​របស់​គណៈកម្ម​ការ​ពិសេស​នេះ ​គឺ​មាន​ភារកិច្ច​ទប់​ស្កាត់ ​និង​បង្ក្រាប​សកម្មភាព​អនាធិបតេយ្យ​ដែល​បណ្តាល​មក​ពី​ការ​កាប់​ព្រៃឈើ ​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ ​និង​បទល្មើស​ព្រៃឈើ​នានា ​ដែល​ស្ថិត​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​ និង​រៀបចំ​ស្រាវ​ជ្រាវ​រក​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​កាប់ ​និង​នាំចេញ​ឈើ​ខុស​ច្បាប់ ​ហើយ​កសាង​សំណុំ​រឿង​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ។​ បន្ថែ​​មលើ​នេះ ​គណៈកម្មការ​ពិសេស​នេះ ​ក៏មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ប្រើប្រាស់​កញ្ចប់​ថវិការ​ពិសេស​រាជរដ្ឋាភិបាល ​រួម​ទាំង ​មាន​សិទ្ធិ ​បង្កើត​ក្រុម​ប្រតិបត្តិការ​មួយ​តាម​ការ​ចាំបាច់​ ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួមទាំង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ។ ​អ្វី​ដែល​ពិសេស​ជាង​នេះទៅ​ទៀត​នោះ ​គណៈ​កម្មការ​ពិសេស​នេះ ​អាច​ប្រើ​ប្រាស់​ឧត្ថម្ភាគ​ចក្រ​ចំនួន​ពីរ​គ្រឿង ​របស់​កងទ័ពអាកាស ​ដើម្បី​បំពេញ​បេសកម្ម​ការងារ​របស់​ខ្លួន​ផងដែរ។​

លោក ឈុំ សាវុធ​ ប្រធាន​បណ្តាញ​ស្រាវ​ជ្រាវ​ព្រៃឈើ​កម្ពុជា ​បន្ទាប់​ពី​លោក ​ឈុត វុទ្ធី ​បាន​ស្វាគមន៏​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ ​ប៉ុន្តែ​វា​ចង់​ហួស​ពេល​ទៅ​ហើយ។​

សូម​បញ្ជាក់ថា ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ​រង​នូវ​ការ​កាប់​បំផ្លាញ់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​យ៉ាង​អនាធិបតេយ្យ។ ​ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ច្រើន​ជាង​គេ​បំផុត ​និង​បន្ទាប់​មក​ទៀត ​គឺ​ប្រទេស​វៀតណាម៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ