អានតួអត្ថបទ
កម្ពុជា

ពិធី​គោរពព្រះ​​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​នេះ ស្ងប់​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធសម្ដេច​ព្រះ​បាទ នរោត្តម សីហនុ គម្រប់​ខួប​៣​ឆ្នាំ នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដូច​រៀង​រាល់​ឆ្នាំ​ដែរ​​។ ស្ថាប័ន​ជាតិ រួម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល គ្រប់​ក្រសួង​មន្ទីរ បាន​ដាក់​វេន​គ្នា​ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតនកោដ្ឋ នៅ​វិមាន​តម្កល់​ព្រះ​បរមរូប ខាង​កើត​វិមាន​ឯករាជ្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​តុលា​។ បើ​ទោះ​បី​ជា​មាន​រៀបចំ​ឡើង​ដូច​រាល់​ឆ្នាំ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ពិធី​គោរពព្រះ​​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​នេះ​ត្រូវ​គេ​កត់​សម្គាល់​​ឃើញ​ថា មាន​បរិយាកាស​​ស្ងប់​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ​។

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ នរោត្តម សីហនុ គម្រប់​ខួប​៣​ឆ្នាំ នៅ​វិមាន​ព្រះ​បរមរូប ខាង​កើត​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥
ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ នរោត្តម សីហនុ គម្រប់​ខួប​៣​ឆ្នាំ នៅ​វិមាន​ព្រះ​បរមរូប ខាង​កើត​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​តុលា​នេះ ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល គ្រប់​ក្រសួង​មន្ទីរ បាន​ដាក់​វេន​គ្នា​ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតនកោដ្ឋ នៅ​វិមាន​តម្កល់​ព្រះ​បរមរូប ខាង​កើត​វិមាន​ឯករាជ្យ​​​។ ដោយ​អវត្តមាន​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន លោក ស ខេង នាយក​រដ្ឋ​មន្ដ្រី​ស្ដី​ទី បាន​ដឹក​នាំ​គណៈប្រតិភូរដ្ឋាភិបាល ដាក់​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប​។

ក្រៅ​ពី​ពិធី​នៅ​វិមាន​តម្កល់​ព្រះ​បរមរូប ខាង​កើត​វិមាន​ឯករាជ្យ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា សម្ដេច​ព្រះ​បាទ​នរោត្តម សីហនុ ក៏មាន​ប្រារព្ធ​ធ្វើ​ផង​ដែរ នៅ​ព្រះ​បរមរាជវាំង នៅ​ថ្ងៃ​ទី​១៥​តុលា​នេះ​​។ ជា​ពិធី​បែប​សាសនា​ផ្លូវការ ដោយ​​មាន​ការ​និមន្ត​ព្រះ​សង្ឃ​បង្សុកូល​ឧទ្ទិស​កុសលថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនកោដ្ឋ​។ ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កំពូល​ៗ​ពី​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​សាសនា​ផ្លូវការ​នៅ​ក្នុង​ព្រះ​បរមរាជវាំង រួម​ជាមួយព្រះ​រាជវង្សានុវង្ស​ផង​ដែរ។

ដោយ​ឡែក គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅកម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រារព្ធ​ពិធី​រំលឹក​ព្រះ​វិញ្ញាណក្ខន្ធ​នេះ​ដែរ នៅ​ទី​ស្នាក់ការគណបក្ស ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ដ្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ជា​ច្រើន​រូប​។ លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លៀត​ក្នុង​ឱកាស​នោះ រំលឹក​ពី​ស្នាព្រះ​ហស្ត​របស់​ព្រះ​ករុណា ព្រះ​បាទ​នរោត្តម សីហនុ ក្នុង​ការ​ការពារ និង​ដឹក​នាំ​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក​ផង​ដែរ​​។

​បើ​ទោះ​បី​ជា​មាន​រៀបចំ​ឡើង​ដូច​រាល់​ឆ្នាំ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ពិធី​គោរពព្រះ​​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​នេះ​ត្រូវ​គេ​កត់​សម្គាល់​​ឃើញ​ថា មាន​បរិយាកាស​​ស្ងប់​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ​ និង​គ្មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​និង​វិទ្យុ​ទេ​។ គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បានរៀបចំ​ឡើង​យ៉ាង​អធឹកអធម​។ ក្រៅ​ពី​ពិធី​នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប​ខាង​កើត​វិមាន​ឯករាជ្យ និង​ពិធី​សាសនា​នៅ​ព្រះ​បរមរាជវាំង ក៏​មាន​ផង​ដែរ​​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​រាប់​រយ​អង្គ​នៅ​មុខ​ព្រះ​បរមរាជវាំង​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ និង​មន្ដ្រី​រាជការ​យ៉ាង​ច្រើន​កុះករ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ