អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​ចូល​រួម​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរម​អដ្ឋិ​សម្តេច​ ព្រះនរោត្តម​សីហនុ​

តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ដឹក​នាំ​​ដោយ​ លោក ​កឹម ​សុខា ​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ បាន​​ចូល​រួម​​ក្នុង​​ពិធី​​ដាក់​​កម្រង​ផ្កា​ និង​​គោរព​​ព្រះ​​វិញ្ញាណក្ខន្ធ​ ព្រះ​​បរម​រូប​​ព្រះបាទ​ សម្តេច​ នរោត្តម​ សីហនុ ​នៅ​ក្បែរ​​វិមាន​ឯករាជ្យ​។ ​លោក ​កឹម ​សុខា ​ប្រធាន​ស្តី​ទី​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​​បាន​​បញ្ជាក់​ថា​ ការ​ចូល​រួម​​នេះ​ គឺ​ ក្នុង​នាម​​គណបក្ស​​សង្គ្រោះ​​ជាតិ​ មិន​មែន​​ក្នុង​នាម​​រដ្ឋ​សភា​ជាតិ​​នោះ​ទេ​។​

ថ្នាក់​ដឹក​នាំ​គ​ណបក្ស​សង្រ្គោះ​ជាតិ​ដាក់​កម្រង​ផ្កា ​និង ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមរូប​ព្រះ​បាទ​ នរោត្តម ​សីហនុ​។​
ថ្នាក់​ដឹក​នាំ​គ​ណបក្ស​សង្រ្គោះ​ជាតិ​ដាក់​កម្រង​ផ្កា ​និង ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមរូប​ព្រះ​បាទ​ នរោត្តម ​សីហនុ​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​សម្ដេច ព្រះ​នរោត្តម សីហនុ នឹង​ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ គឺ ចាប់ពី​ថ្ងៃ ទី ១០ កក្កដា នេះ ដល់​ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៤។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ បណ្តា​ក្រសួង ស្ថាប័ន​នីមួយៗ និង​មន្ត្រីរាជការ បានដាក់​កម្រងផ្កា និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រូប​របស់​អតីត​ព្រះមហាវីរក្សត្រ ព្រះបាទ​នរោត្តម សីហនុ នៅក្បែរ​វិមានឯករាជ្យ។ក្នុងចំណោម​អ្នកចូលរួម​ទាំងនោះ ក៏មានដែរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ លោក កឹម សុខា។

ក្រោយពី​ដាក់​កម្រងផ្កា​រួច លោក កឹម សុខា បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងចូលរួម​ដង្ហែ​ព្រះ​បរម​អដ្ឋិ សម្តេច ព្រះសីហនុ នៅ​ថ្ងៃទី ១១ កក្កដា បន្តទៀត ប៉ុន្តែ លោក​បញ្ជាក់ថា វត្តមាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹងចូលរួម​នៅ​ថ្ងៃស្អែក​នេះ គឺ ធ្វើឡើង​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ក្នុងនាម​រដ្ឋសភា​នោះទេ។ មិនមែន​ក្នុងនាម​រដ្ឋសភា​ពី​ព្រោះតែ​គណបក្ស​នេះ​បានធ្វើ​ពហិកា​មិន​ចូល​សភា​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី២៨កក្កដា ឆ្នាំ ២០១៣ រហូតមក។

លោក កឹម សុខា​បាន​បញ្ជាក់ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ប្រារព្ធ​ពិធី​ដ៏​មាន​សារសំខាន់​នេះ​ពីព្រោះ​ព្រះករុណា សម្តេច ព្រះសីហនុ គឺជា​ព្រះបិតា​ជាតិ មិនមែនជា​ព្រះបិតា​សម្រាប់​គណបក្សនយោបាយ​ណាមួយ​នោះទេ ។ ទន្ទឹមគ្នា​នេះដែរ លោក កឹម សុខា បាន​រម្លឹក​ឡើងវិញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះអង្គ​នៅពេល​ទ្រង់​ប្រថាប់​ជា​ព្រះមហាក្សត្រ និង ជា​ព្រះប្រមុខរដ្ឋ។

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​សង្កត់ធ្ងន់ថា នៅពេល​មានការ​ជាប់គាំង​នយោបាយ ឬ​មានទំនាស់​នយោបាយ សម្តេច ព្រះសីហនុ តែងតែបាន​ដើរ​តូ​នាទី​ក្នុង​ផ្សះផ្សារ​ជាតិ និង បង្រួបបង្រួម​ជាតិ ។ ចំពោះ​បញ្ហា​ជាប់គាំង​នយោបាយ​ក្នុងពេល​ប​ច្ច​ប្បន្ន លោក កឹម សុខា បាន​គូសបញ្ជាក់ថា លោក​ចង់​ឲ្យ​បញ្ចប់បញ្ហា​ទាំងនេះ​មុន​ដល់​រយៈពេល​មួយឆ្នាំ​នៃ​ការជាប់គាំង​តាំងពី​ក្រោយ​ការបោះឆ្នោតជាតិ​កាលពី​ឆ្នាំទៅ។  

សូមបញ្ជាក់ថា ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​របស់​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​រដ្ឋាភិបាល​រៀបចំឡើង​យ៉ាង​អធិកអធម​រយៈពេល​បី​ថ្ងៃ​ដោយមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ