អានតួអត្ថបទ
កម្ពុជា-នយោបាយ

តំណាង​កម្ពុជា​នៅ អសប ច្រាន​ចោល​ការ​រិះ​គន់​របស់​សហគមន៍​អឺរ៉ុប​ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា

ឯកអគ្គ​រាជ​ទូត​តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ កាល​ពី​ម្សិល​មិញ បាន​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស​ប៊ុលហ្គារី តំណាង​ឱ្យ​សហគមន៍​អឺរ៉ុប នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៨ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។ ជា​សេចក្ដី​ថ្លែងការណ៍ រិះគន់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ គណៈ​ប្រតិភូ​តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​នេះ ថា​ធ្វើ​ទ្បើង​ដោយ​មិន​សម​ហេតុ​ផល មិន​ត្រឹម​ត្រូវ និង​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង របស់​ប្រទេស​កម្ពុជា។

នូ​វែ​ល​សេ​ឡង់​​អំពាវនាវ​​ឲ្យ​​​​អន្តរជាតិ​​ឃ្លាំមើល​​ស្ថានភាព​​បោះឆ្នោត​​នៅ​​កម្ពុជា​​ដែល​​គ្មាន​​បក្ស​ប្រឆាំង​
នូ​វែ​ល​សេ​ឡង់​​អំពាវនាវ​​ឲ្យ​​​​អន្តរជាតិ​​ឃ្លាំមើល​​ស្ថានភាព​​បោះឆ្នោត​​នៅ​​កម្ពុជា​​ដែល​​គ្មាន​​បក្ស​ប្រឆាំង​ UN / Paulo Filgueiras
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​ប៊ុលហ្គារី តំណាង​ឱ្យ​សហគមន៍​អឺរ៉ុប និង​ប្រទេស​គាំទ្រ​មួយ​ចំនួន​របស់​ខ្លួន នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៨ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ប្រទេស​ប៊ុលហ្គារី​បាន​ជម្រុញ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ឱ្យ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ និង​ដោះ​លែង លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ប្រទេស​ប៊ុលហ្គារី តំណាង​ឱ្យ​សហគមន៍​អឺរ៉ុប និង​ប្រទេស​គាំទ្រ​មួយ​ចំនួន​របស់​ខ្លួន នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៨ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​នេះ បាន​រិះគន់ និង​បដិសេធ​មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត នៅ​ខែ​​កក្កដា ខាង​មុខ​នេះ បើ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ដូច្នេះ ឯកអគ្គរាជ​ទូត​តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ លោក ណី សំអុល បាន​អះអាង​ថា ការ​រំលាយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ឃុំ​ខ្លួន​មេ​ដឹក​នាំ​បក្ស​នេះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់ និង​ពង្រឹង​នីតិរដ្ឋ ហើយ​រាជរដ្ឋាភិបាល មិន​មាន​តួនាទី​នៅ​ក្នុង​ការ​អន្តរាគមន៍​ពាក់​ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ឡើយ។ និង​ថា រឿង​នេះ​ក៏​មិន​ជាប់​ពាក់​ព័ន្ធ​អ្វី​ទៅ​នឹង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ដែរ។

សេចក្តី​ថ្លែងការណ៍​ដែល​មាន​កម្រាស់​បី​ទំព័រ​របស់​តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ដដែល ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​ប៊ុលហ្គារី ថា​ធ្វើ​ទ្បើង​ដោយ​មិន​សម​ហេតុ​ផល មិន​ត្រឹម​ត្រូវ និង​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​រំលោភ​គោលការណ៍​ក្រុម​ប្រឹក្សា និង​ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​បន្ទាប​តម្លៃ​អធិបតេយ្យភាព​កម្ពុជា។

តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​រិះគន់​កម្ពុជា ពី​សំណាក់​សហគមន៍​អឺរ៉ុប គឺ​ជា​ការ​ធ្វើ​ឡើង​ដែល​មាន​របៀប​វារៈ​លាក់​បាំង​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​សម្រេច​បាន និង​មាន​បំណង​បន្ទច់​បង្អាក់​គណបក្ស​កាន់​អំណាច។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ប្រទេស​ប៊ុលការី ប្រទេស​នូ​វែ​ល​សេ​ឡង់ កាល​ពី​សប្តាហ៍​មុន ក៏​ទើប​ចេញ​សេចក្តី​ថ្លែងការណ៍​រួមអំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៣៨​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​ផង​ដែរ​។ សេចក្តី​ថ្លែងការណ៍​ដែលមាន​កម្រាស់​ពីរ​ទំព័រ​ បាន​បរិយាយ​​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ក្នុង​នោះ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​និង​ឃ្លាំ​មើល​ស្ថានភាព​បោះ​ឆ្នោត​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ