អានតួអត្ថបទ
កម្ពុជា

កម្ពុជា ពង្រឹង​ប្រព័ន្ធ​ការពារ​ជំងឺ MERS បន្ថែម ខណៈ​ថៃ មាន​រកឃើញ​មេរោគ​នេះ

ទោះបីជា​កម្ពុជា មិនទាន់​រកឃើញ​មាន​មេរោគ​ផ្លូវដង្ហើម​ម​ជ្ឈិម​បូព៌ា ឬ មើ​ស នៅក្នុង​ប្រទេស​ក៏ដោយ ប៉ុន្តែ​ក្រសួងសុខាភិបាល បានរៀបចំ​វិធានការណ៍​បន្ថែម​រួចជាស្រេច ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការរីក​រាលដាល​មេរោគ​នេះ ចូលក្នុង​ប្រទេស។ សកម្មភាព​បំពាក់​ឧបករណ៍​ពិនិត្យ​អ្នកទេសចរ ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់ នៅតាម​ព្រលានយន្តហោះ​អន្តរជាតិ ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប និង​នៅតាម​ច្រកព្រំដែន។ គិត​មកដល់​ថ្ងៃទី ២០មិថុនា​នេះ មេរោគ​មើ​ស បានសម្លាប់​មនុស្ស ២៤នាក់ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​មាន​អ្នក​ឆ្លង ១៦៦នាក់។ ប្រទេស​ថៃ ទើបបាន​ប្រកាស​ក្នុង​សប្តាហ៍​នេះ​ថា បាន​រកឃើញ​មេរោគ​នេះ​ពី​អ្នកទេសចរ សញ្ជាតិ​អូ​ម៉​ង់។    

សកម្មភាពត្រួតពិនិត្យអ្នកទេសចរ នៅក្នុងប្រទេសកម្ពុជា
សកម្មភាពត្រួតពិនិត្យអ្នកទេសចរ នៅក្នុងប្រទេសកម្ពុជា រូបភាព៖ CDC
ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាល បានបញ្ជាក់​ពី សកម្មភាព​ចាត់​វិធានការណ៍​ទប់ស្កាត់​មេរោគ​ម​ជ្ឈិម​បូព៌ា ឬ​ហៅថា មើ​ស ជា​បន្តបន្ទាប់​នៅលើ​គេហទំព័រ​របស់ខ្លួន បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា​ប្រទេស​ថៃ បាន​រកឃើញ​មេរោគ​នេះ ពី​បុរស​សញ្ជាតិ​អូ​ម៉​ង់ វ័យ ៧៥ឆ្នាំ​ម្នាក់។ សកម្មភាព​ទាំងនោះ រួមមាន​ការបំពាក់​ម៉ាស៊ីន​ស្កេ​ន និង​ឧបករណ៍​ពិនិត្យ​រក​សញ្ញា​នៃ​មេរោគ​មើ​ស នៅតាម​ព្រលានយន្តហោះ​អន្តរជាតិ ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប និង​នៅតាម​ច្រកព្រំដែន។

 
ក្រៅពីនោះ ក្រសួងសុខាភិបាល ក៏មាន​វិធានការណ៍​បង្ការ និង​ឆ្លើយតប​រួចជាស្រេច ដោយ​រួមមានការតាមដាន​សុខភាព​អ្នកដំណើរ ដែល​មកពី​ក្រៅប្រទេស ជាពិសេស​មកពី​ប្រទេស​កូរ៉េខាងត្បូង និង​ម​ជ្ឈិ​ម​បូព៌ា។ ត្រៀម​មន្ទីរ​ពិសោធ​ន៍​សំ​រាប់រក​អត្តសញ្ញាណ​មេរោគ​លើ​ករណី​អ្នកជំងឺ​សង្ស័យ។ ត្រៀម​មន្ទីរពេទ្យ​ព្យា​​បាល និង​ដាក់​អ្នកជំងឺ​ដោយឡែក។ ហើយ​ក្រសួង បាន​បើក​ទូរស័ព្ទ​ទាន់​ហេតុ​ការ​ណ៍ លេខ ១១៥ សម្រាប់​ករណី​សង្ស័យ​ពី​មេរោគ​មើ​ស​នេះ។

ក្នុងនោះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​សំណូមពរ​ឲ្យ​ប្រជាជន ត្រូវតែ​ការពារ​ខ្លួន​ឲ្យ​បានល្អ ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ។ ពលរដ្ឋ ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជុំវិញ​អ្នកជំងឺ។ ជៀសវាង​ការប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​កសិដ្ឋាន ឬ​សត្វ​រស់ ជាដើម។ ហើយ​សម្រាប់​អ្នកមាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ត្រូវតែទៅ​ជួប​គ្រូពេទ្យភ្លាម។

គួរ​ជម្រាបជូន​ថា ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈិម​បូព៌ា (មើ​ស) បង្កដោយ​វីរុស​ឈ្មោះ កូ​រ៉ូ​ណាវី​រុស។ ជំងឺ​នេះ មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺ SARS និង​ត្រូវបាន​រកឃើញ​ដំបូង នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត នៅ​ឆ្នាំ២០១២​។ ហើយ​នៅ​ថ្ងៃទី ២០ឧសភា ឆ្នាំ ២០១៥កន្លងទៅនេះ ប្រទេស​កូរ៉េខាងត្បូង បានបញ្ជាក់​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ នៅក្នុង​ប្រទេស។ ខណៈ​ក្នុង​សប្តាហ៍​នេះ នៅ​ប្រទេស​ថៃ ក្បែរ​ខាង​កម្ពុជា ក៏បាន​បញ្ជាក់​ពី​វត្តមាន​របស់​មេរោគ​មើ​ស​នេះ ក្នុងប្រទេស​របស់ខ្លួន​ផងដែរ។ តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ អ្នកមាន​ផ្ទុកមេរោគ​មើ​ស​នោះ មិនមែនជា​ជនជាតិ​ថៃ​ទេ តែ​ជា​បុរស​ជនជាតិ​អូ​ម៉​ង់ មាន​អាយុ ៧៥ឆ្នាំ​ដែល​បាន​មកដល់​ទឹកដី​ថៃ កាលពី​ថ្ងៃទី១៥ មិថុនា ដើម្បី​ព្យាបាល​ជំងឺ​បេះដូង​នៅក្នុង​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​ស្ថិត ក្នុង​ទីក្រុង​បាងកក។ ប៉ុន្តែ​ស្ថានភាព​របស់​បុរស​នោះ បាន​ធូរស្បើយ​ហើយ នៅពេលនេះ៕

 

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ