អានតួអត្ថបទ
កម្ពុជា

មន្រ្តី​ក្រសួង​សុខាភិបាល​ថា​កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ MERS ទេ

ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា កំពុង​តែ​រីក​រាល​ដាល​គួរ​ឲ្យ​បារម្ភ​នៅ​តំបន់​អាស៊ី​។ នៅ​កូរ៉េ​ខាង​ត្បូង អ្នក​ជំងឺ MERS ​២​នាក់​បាន​ស្លាប់ និង​២៣នាក់​ទៀត​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ដោយ​ឡែក ចំពោះ​ប្រទេស​កម្ពុជា ​នៅ​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ MERS នេះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មន្ដ្រី​ជំនាញ​សុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ជំងឺ​ផ្លូវ​ដង្ហើម​នេះ។

​មេរោគ​ជំងឺ​​ផ្លូវ​​ដង្ហើម​មជ្ឈឹម​​បូព៌ា​​​ (MERS) ​​​
​មេរោគ​ជំងឺ​​ផ្លូវ​​ដង្ហើម​មជ្ឈឹម​​បូព៌ា​​​ (MERS) ​​​ REUTERS/NIAID
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា MERS ​នៅ​ឡើយ​ទេ។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត ​លី សូវ៉ាន់​ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា។ បើ​តាម​លោក​វេជ្ជបណ្ឌិត​ លី សូវ៉ាន់ ក្រសួង​សុខាភិបាល​កំពុង​តែ​តាម​ដាន​ជំងឺ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទាំង​នៅ​ក្នុង​ប្រទេស ​ក្នុង​តំបន់ ​និង​ក្នុង​សកល​លោក។ ក្រៅ​ពី​នេះ បើ​តាម​លោក​វេជ្ជបណ្ឌិត​ ក្រសួង​សុខាភិបាល​ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​រាត​ត្បាត​ជំងឺ MERS ​មក​កម្ពុជា។ ក្នុង​នោះ ​មណ្ឌល​និង​ឧបករណ៍​ស្រាវ​ជ្រាវ​ជំងឺ MERS ត្រូវ​បាន​រៀប​ចំ​នៅ​អាកាសយាន្តដ្ឋាន​ភ្នំពេញ និង​សៀមរាប។ បន្ថែម​ពី​លើ​នោះ ក្រសួង​សុខាភិបាល​កម្ពុជា​ក៏​បាន​រៀប​ចំ​មន្ទីរ​ពិសោធន៍ និង​ក្រុម​ឆ្លើយ​តប​បន្ទាន់ រួច​ស្រេច​ហើយ​ដែរ។

គួរ​ជម្រាប​ជូន​ថា ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ដូច្នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា កំពុង​តែ​រីក​រាល​ដាល​យ៉ាងគួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ប្រទេស​ក្នុង​ឧបទ្វីប​មជ្ឈឹម​បូព៌ា និង​នៅ​ប្រទេស​ចិន ព្រម​ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា​កូរ៉ូណា​វីរុស ហៅ​កាត់​ថា MERS ​មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺ SARS និង​មាន​ប្រភព​មក​ពី​តំបន់​មជ្ឈឹម​បូព៌ា នៅ​ឆ្នាំ​២០១២។ កូរ៉ូណាវីរុស ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​នៅ​លើ​សត្វ​ប្រចៀវ និង​សត្វ​អូដ្ឋ។

​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា MERS មាន​រោគ​សញ្ញា​ដូច​ជា គ្រុន​ក្ដៅ ក្អក ពិបាក​ដក​ដង្ហើម រងារ​ញាក់ ​និង​ឈឺ​បំពង់​ក ជា​ដើម។ ដោយ​សារ​តែ​ជំងឺ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ លោក​វេជ្ជបណ្ឌិត ​លី សូវ៉ាន់ បាន​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ប្រុង​ប្រយ័ត្ន និង​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ប្រសិន​បើ​មាន​រោគ​សញ្ញា​អស់​ទាំងនេះ។ ហើយ​ដើម្បី​បង្កា​ជំងឺ​នេះ លោក​វេជ្ជបណ្ឌិត​ផ្ដល់​ជា​អនុសាសន៍​ថា ​សាធារណជន​ទូទៅ ត្រូវ​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ត្រូវ​ខ្ទប់​មាត់​ឬ​ពាក់​ម៉ាស នៅ​ពេល​ក្អក​ឬ​កណ្ដាស់។ ផលិត​ផល​សាច់​និង​ស៊ុត ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ និង​មិន​ត្រូវ​បរិភោគ​សត្វ​ឈឺ​ឬ​ងាប់​ដោយ​សារ​ជំងឺ។ ចំណែក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​តំបន់​មជ្ឈឹម​បូព៌ា ឬ​ប្រទេស​ដែល​មាន​ជំងឺ MERS រាត​ត្បាត ចាំ​បាច់​ត្រូវ​ប្រកាន់​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​ជៀសវាង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម សត្វ​ឈឺ ឬ សត្វ​អូដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ