អានតួអត្ថបទ
កម្ពុជា

តុលាការ​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២​មេសា​ថា ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ជា​ធរមាន​។ ការ​បញ្ជាក់​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ​ ហៅ​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ថា ធ្វើ​ឡើង​ដោយ​រំលោភ​លើ​អភ័យឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ ដែល​ធានា​ដោយ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​។

លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។
លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។ @Sam Rainsy Page
ផ្សាយពាណិជ្ជកម្ម

ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ជា​អក្សរ វីដេអូ ផែនទី​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែនវៀតណាម ​របស់​លោក អ៊ុំ សំអាន នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វាយ​តម្លៃ​ថា មាន​ខ្លឹមសារ និង​ចរិត​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ការ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​។ ថ្វី​ត្បិត​តែ​ការ​ផ្សព្វផ្សាយ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ គេ​នៅ​តែ​អាច​រក​ឃើញ​ខ្លឹមសារ​ជា​អក្សរ និង​វីដេអូ​ដើម​ទាំង​ស្រុង​នៅ​ឡើយ​។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ អយ្យការ​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ ចាត់​ទុក​ថា សកម្មភាព​របស់​លោក អ៊ុំ សំអាន ជា​បទ​ល្មើស​ជាក់​ស្ដែង ដែល​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួនតំណាង​រាស្ត្រ​រូប​នេះ​​បាន​ស្រប​តាម​ច្បាប់​ជា​ធរមាន ដោយ​មិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ឡើយ​។

សូម​ជម្រាប​ជូន​ថា លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា និង​ក្រោយ​មក ត្រូវ​បាន​ព្រះ​រាជ​អាជ្ញាអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ សាលា​ដំបូង​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ដើម្បី​បន្ត​សំណុំ​រឿង​ក្ដី​នេះ​បន្ថែម​ទៀត បន្ទាប់​ពី​ទទួល​បាន​ការ​សម្រេចរបស់​រដ្ឋសភា ឲ្យ​​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​របស់​លោក អ៊ុំ សំអាន ចុះ​ថ្ងៃ​ទី​១២​មេសា​។

សូម​ជម្រាប​ជូន​ថា ការ​បញ្ជាក់​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ​ហៅ​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ថា ធ្វើ​ឡើង​ដោយ​រំលោភ​លើ​អភ័យឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ ដែល​ធានា​ដោយ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​។ សម្រាប់​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យោង​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ តំណាង​រាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ​សភា មិន​អាច​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន ដោយ​ហេតុ​ថា​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ​។

សម្រាប់​ការ​ប្រជុំ​រដ្ឋសភា​ដើម្បី​បោះ​ឆ្នោត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​លោក អ៊ុំ សំអាន ទៀតសោត គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៣​មេសា បាន​បរិហារ​ថា ជា​កិច្ច​ប្រជុំ​ដែល​រំលោភ​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ បើ​តាម​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រេច​អំពី​ការ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋសភា គេ​ត្រូវ​ការកូរ៉ុម​ប្រជុំ​និង​សំឡេង​អនុម័ត​លើស​ពី​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​។

គួរ​រំលឹក​ថា ការ​ប្រជុំ​សម្រេច​បន្ត​នីតិ​វិធី​លើ​សំណុំ​រឿង​លោក​អ៊ុំ សំអាន របស់​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១២​មេសា ធ្វើ​ឡើង​ដោយ​មានតំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​៦៣​រូប​ប៉ុណ្ណោះ​ចូល​រួម​ប្រជុំ​។ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​បាន​ធ្វើ​ពហិការ មិន​ចូល​ប្រជុំ​អនុម័ត​សេចក្ដី​សម្រេច​នេះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ