អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

លោក ជា ស៊ីម៖ មរណភាពជាសច្ចធម៌ ឯអំពើល្អជាប្រវត្តិសាស្ត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សម រង្ស៊ី ​បាន​ហៅស​ព​លោក ​ជា ស៊ីម ​ថា​​«វីរបុរស»​។ ​ទីបំផុត ​​វីរភាព​​នៃ​​អតីត​​មេ​ដឹក​នាំ​​​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា ​ត្រូវ​បាន​​ទទួល​ស្គាល់​​ជា​សាធារណៈ​ដោយ​​ប្រធាន​​គណបក្ស​​ប្រឆាំង​។ ​នេះ​ជា​កាយវិការ​ដែល​គួរ​តែ​ជា​គំរូ​ចំពោះ​ប្រជាជន​កម្ពុជា​ឯទៀ​ត​ៗ​ ក្នុង​​ការ​​លើក​ទឹក​ចិត្ត​អ្នក​ស្នេហាជាតិខ្មែរ​ផ្សេង​ៗ​ទៀត​។

លោក ជា ស៊ីម (​កាល​នៅ​មាន​ជីវិត​)​
លោក ជា ស៊ីម (​កាល​នៅ​មាន​ជីវិត​)​ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​កម្ពុជា​មួយចំនួន​គឺ​អសីលធម៌ និង​ខ្វះ​សុជីវធម៌​យ៉ាងខ្លាំង​ចំពោះ​មរណភាព​នៃ​រដ្ឋបុរស​ម្នាក់។ ពួកគេ​បានបង្ហាញ​ជា​សាធារណៈ នូវ​ភាព​រីករាយ​ចំពោះ​ការបាត់បង់​លោក ជា ស៊ីម ដែលជា​អតីត​ប្រធានព្រឹទ្ធសភា​កម្ពុជា និង​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ ផ្ទុយទៅវិញ លោក សម រង្ស៊ី ដែល​តែងតែ​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាំងជាងគេ បានទទួល​ស្គាល់​លោក ជា ស៊ីម ថា​ជា«វីរជន»។

លោក​ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ បានកត់សម្គាល់​ឃើញ​តាំងពី​ឆ្នាំ១៩៩៣មក​ថា លោក ជា ស៊ីម បានបង្ហាញ«ឧ​ត្ត​ម​គតិ​រួបរួម​ជាតិ និង​ស្នេហា​ជាតិ»ដូច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែរ។ ការ​ថ្លែង​របស់លោក សម រង្ស៊ី នៅ​ថ្ងៃ​ម្សិលមិញ គូសបញ្ជាក់​អំពី​គុណូបការៈ​នៃ​អតីត​ប្រធានរដ្ឋសភាជាតិ​កម្ពុជា។ នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជូន​ក្រុមគ្រួសារ​សព លោក សម រង្ស៊ី ក៏បាន​លើកឡើងថា លោក ជា ស៊ីម «បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ក្នុង​ការងារ​ស្ថាបនា​ជាតិ និង​បង្រួបបង្រួម​ជាតិ»កម្ពុជា​ដែរ។

ទន្ទឹមនឹងនេះ សមាគម​អាដហុក កា​ពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែលជា​ទូទៅ​មិនសូវ​ទុក​មុខ​ឱ្យ​ចន្លោះប្រហោង​ក្នុងការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល យល់ឃើញថា អវត្តមាន​របស់​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា «គឺជា​ការបាត់បង់​មគ្គុទេ្ទសក៍​ដ៏​ឆ្នើម»របស់​កម្ពុជា។ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​នេះ​មើលឃើញថា លោក ជា ស៊ីម «មាន​គុណូបការៈ​ក្នុងការ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ឱ្យ​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍ និង​កសាង​ប្រទេស​កម្ពុជា ឱ្យ​រីកចម្រើន​ឡើងវិញ»។

ជាក់ស្តែង​ណាស់ លោក ជា ស៊ីម ពេលនោះ​ជា​ប្រធាន​ស្រុក​មួយរូប បាន​ងើប​បះបោរ​ប្រឆាំងនឹង​របប កម្ពុជា​ប្រជាធិបតេយ្យ ពេល​មេដឹកនាំ​ខ្មែរក្រហម​បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​ជា​បន្តបន្ទាប់​ប្រមាណ​ជា១លាន៧សែន​នាក់ ដោយសារ​ជំងឺ ការ​បង្អត់អាហារ និង​ការកាប់សម្លាប់។ ការរើបម្រះ​ចេញពី​អំពើ​ឃោ​ឃៅ​នៃ​ពួក​កុម្មុយនីស្ត​ជ្រុលនិយម តាមរយៈ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ០២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយមាន​រូបលោក​ជា​អនុប្រធាន និង​លោក ហេង សំរិន ជា​ប្រធាន បាន​រំដោះប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុតពី​ការកាប់សម្លាប់​ទូទាំងប្រទេស​នៅ​ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ចលនា​បដិវត្តន៍​នេះ បាន​ស្តារ​កម្ពុជា​ឡើងវិញ​បន្តិចម្តងៗ ពី​ការបំផ្លិចបំផ្លាញ​ដល់​ឫសគល់​ស្ទើរ​គ្រប់​វិស័យ​នៃ​សង្គម រហូត​ឈានដល់​ការរីកចម្រើន​ក្នុង​កម្រិត​បច្ចុប្បន្ន។

ជាការ​ពិត ក្នុងការ​រំដោះប្រជាជន​កម្ពុជា​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​របស់លោក ជា ស៊ីម បាន​ពឹង​ផ្អែកលើ​កម្លាំង​កងទ័ព​វៀតណាម​ស្ទើរតែ​ទាំងស្រុង។ ការណ៍​នេះ​ត្រូវបាន​អ្នកសង្កេតការណ៍​ជាច្រើន​ចោទថា វៀតណាម​បាន​ឈ្លានពាន​កម្ពុជា និង​បាន​ត្រួតត្រា​ប្រទេស​នេះ​តាមរយៈ«បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» ក្រោយមក​ប្តូរ​ជា«គណបក្ស​ប្រជាជន​កម្ពុជា» ដែលជា​ឧបករណ៍​នយោបាយ​រប​ស់រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។ នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​ប្រឆាំងនឹង​ការឈ្លានពាន​នោះ ចោទ​គណបក្ស​ប្រជាជន​កម្ពុជាពេញៗមាត់​ថា​ជា«អាយ៉ង»របស់​វៀតណាម បើទោះបីជា​រដ្ឋាភិបាល​នេះ​បាន​ខិតខំ​ពង្រីក​ចំណង​ការទូត ទាក់ទង​ពាណិជ្ជកម្ម និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ដោយ​សេរី​ក៏ដោយ។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់កាប់​អំណាច​អស់​រយៈពេល៣៦ឆ្នាំជាប់ៗគ្នា ត្រូវបាន​គណបក្សប្រឆាំង និង​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ឡើង មើលឃើញថា​មានគុណ​វិបត្តិធំៗមួយចំនួន​ខាង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​ការពារជាតិ។ បញ្ហា​ទាំងនោះ​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ជា ស៊ីម បាត់បង់​ការគាំទ្រ​យ៉ាងគំហុក។

ទោះបីជា​យ៉ាងណាក៏ដោយ គេ​ក៏ត្រូវ​ទទួលស្គាល់​ដែរ​ថា ការដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ក្រោយ​របប​កម្ពុជា​ប្រជា​ធិ​ប​តេយ្យ ដែល​បាន​ព្យាយាម​លុបបំបាត់​វប្បធម៌​រាប់ពាន់​ឆ្នាំ​របស់​ខ្មែរ តាមរយៈ​ការបង្កើត​មនុស្ស​ថ្មី​ដែល​បដិសេធ​ចំណេះដឹង និង​សមិទ្ធិផល​របស់​បុព្វការី គឺជា​បន្ទុក​ដ៏​ធ្ងន់​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​ស្តារ​មាតុភូមិ​របស់ខ្លួន។ ទន្ទឹមនឹងនេះ គេ​ក៏​សង្កេតឃើញ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ដែរ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោក ជា ស៊ីម ជា​ប្រធាន​តាំងពី​ឆ្នាំ១៩៩១មក។ លទ្ធផល​នេះ​មិន​ពិបាក​យល់​ទេ​សម្រាប់​អ្នក​ដែល​ធ្លាប់បាន​ហែល​ឆ្លង​សម័យ​សង្គ្រាម និង​របប​ខ្មែរក្រហម ប៉ុន្តែ​វា​ទំនងជា​ពិបាក​យល់​ណាស់​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់បាន​រត់លូន​ក្រោម​គ្រាប់ផ្លោង និង​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការបង្ខំ​ឱ្យ​ធ្វើការ​ហួសកម្លាំង ការ​បង្អត់អាហារ ការឈឺ​គ្មាន​ថ្នាំ​ព្យាបាល ការធ្វើ​ទារុណកម្ម និង​ការកាប់សម្លាប់​ដោយ​គ្មាន​ការ​ជំ​នុំជម្រះ​តាមផ្លូវ​ច្បាប់។ តាមពិត អ្វីៗទាំងនេះ​បានកើត​ឡើង​ចំពោះ​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​លោក ជា ស៊ីម និង​សហការី​របស់គាត់​ជាច្រើនរូប​ទៀត​បាន​ពុះពារ​លុបបំបាត់​រហូត​ដល់​បាន​ជ័យជម្នះ។

ពេលនេះ​ជា​ពេលដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​មានឱកាស​បាន​ក្រេបជញ្ជក់​ចំណេះដឹង​ពី​សាលារៀន និង​មានលទ្ធភាព​រស់នៅ​ប្រសើរ​ជាង​សម័យ​សង្គ្រាម និង​សម័យ​ខ្មែរក្រហម។ មិនគួរ​ប្រជាជន​កម្ពុជា​ខ្លះ​បែរជា​បដិសេធ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ហើយ​បង្ហាញ​សេចក្តី​រីករាយ​លើ​គំនរ​ទុក្ខ​ជនរួមជាតិ​របស់ខ្លួន ជាពិសេស​ចំពោះ​មរណទុក្ខ​នៃ​លោក ជា ស៊ីម ដែល​បាន​ប្រឆាំង​យ៉ាង​មុតមាំ​ចំពោះ​ការជិះជាន់ ការបំបាត់​សិទ្ធិសេរីភាព ក៏ដូចជា​ប្រឆាំងនឹង​អំពើ​អមនុស្សធម៌​គ្រប់​ប្រភេទ តាំងពី​ពេលដែល​លោក​ទើប​មាន​អាយុ១៥ឆ្នាំ​នៅឡើយ តាមរយៈ​ការចូល​តស៊ូ​ក្នុង​ចលនា​ខ្មែរឥស្សរៈ​ដើម្បី​ឯករាជ្យ​ជាតិ​កម្ពុជា។

លោក សម រង្ស៊ី បាន​ធ្វើជា​គំរូ​ល្អ​សម្រាប់​អ្នក​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ។ លោក​បានទទួល​ស្គាល់​នូវ​វីរភាព​របស់លោក ជា ស៊ីម។ កាយវិការ​របស់លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​នឹង​អាចរួមចំណែក​លើកស្ទួយ​សីលធម៌ និង​សុជីវធម៌​ក្នុងការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​មួយកម្រិត​ទៀត។ ជន​ណា​ដែល​មើល​ឃើញតែ​គុណវិបត្តិ​របស់លោក ជា ស៊ីម ហើយ​មើលស្រាល​ចំពោះ​ទឹកចិត្ត​ស្នេហា​ជាតិ និង​ការលះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន​របស់​រដ្ឋបុរស​កម្ពុជា​រូបនេះ ដើម្បី​ប្រយោជន៍​មាតុភូមិ​កម្ពុជា គឺជា​ជន​អកតញ្ញូ។ ចំពោះ​យុវជន​ជំនាន់​ក្រោយ គេ​ចាំបាច់​ត្រូវ​ដឹងថា លោក ជា ស៊ីម ជា​បុព្វការី ដែល​បាន​ជួយ​ឪពុកម្តាយ ឬ​ជីដូន​ជីតា ពួកគេ​ឱ្យ​រួច​ជីវិត​ពីរ​សេចក្តីស្លាប់​ក្នុង​របប​វាលពិឃាត។ ការសិក្សា​ស្វែងយល់​អំពី​វីរភាព​របស់លោក ជា ស៊ីម ឱ្យបាន​ច្បាស់លាស់​ទើប​ស​ម​ជា​កុលបុត្រ កុលធីតា​ខ្មែរ។ លោក ជា ស៊ីម ស្លាប់​គឺជា​សច្ចធម៌ រីឯ​អំពើ​ល្អ​របស់លោក​ចំពោះ​មាតុភូមិ​គឺជា​ប្រវត្តិសាស្ត្រ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ