អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​ និង​សម្តេច​ម៉ែ ​ យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ជា ស៊ីម​ ថ្ងៃ​នេះ

ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​ បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​សម្តេច​ម៉ែ មុនីនាថ សីហនុ បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០​មិថុនា​នេះ​ ដែល​ជា​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​សព​ជា​ផ្លូវ​ការ។ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​នៅ​មាន​ស្ថាប័ន​ជាតិ​កំពូល​ៗ​ទៀត​ ដែល​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ជា ស៊ីម ក្នុង​នោះ​រួមមាន​ស្ថាប័ន​ព្រឹទ្ធសភា​ រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា។

ព្រះ​ករុណា ព្រះ​បាទ​សម្តេច​​​ព្រះ​​បរមនាថ​​ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​សម្តេច​ម៉ែ ​មុនីនាថ​ សីហនុ​ បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធសពលោក ជា ស៊ីម ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​មិថុនានេះ​​
ព្រះ​ករុណា ព្រះ​បាទ​សម្តេច​​​ព្រះ​​បរមនាថ​​ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​សម្តេច​ម៉ែ ​មុនីនាថ​ សីហនុ​ បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធសពលោក ជា ស៊ីម ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​មិថុនានេះ​​ សហការី
ផ្សាយពាណិជ្ជកម្ម

ព្រះ​ករុណា​ព្រះ​បាទ​ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះ​ស្រី​លោក​ធម្មិករាជ​ និង​សម្តេច​ម៉ែ មុនីនាថ សីហនុ បាន​ស្តេច​យាង​ទៅ​ដល់​ភូមិ​គ្រឹះ​របស់​លោក ​ជា ស៊ីម ស្ថិត​នៅ​បុរី​ចំការមន នៅ​ប្រមាណ​ជា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​មិថុនា​នេះ ​ដោយ​មាន​ការ​រងចាំ​ទទួល​ស្វាគមន៍​ព្រះ​វត្តមាន​ពី​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

ព្រះ​មហាក្សត្រ និង​សម្តេច​ម៉ែ បាន​ស្តេច​យាង​លើ​កំរាល​ព្រំ​ឆ្ពោះ​ទៅ​ក្នុង​មហារោង​ អម​ដោយ​សំលេង​ភ្លេង​ត្រែទ័ព​ ក្នុង​ព្រះភ័ក្រ្ត​ស្រពោន​ដែល​បង្ហាញ​ពី​ក្តី​ទុក្ខ​សោក​ជា​ពុនពេក។

ក្រោយ​ពី​គោរព​វិញ្ញាណក្ខន្ធ​សព​ លោក ជា ស៊ីម ហើយ ព្រះ​ករុណា ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ បាន​ស្តេច​យាង​សួរ​សុខ​ទុក្ខកូន​ចៅ​សព​ និង​គណៈ​ប្រតិភូ ដែល​ឈរ​អម​ព្រះរាជ​ដំណើរ​យាង​ចេញ​របស់​ព្រះ​មហាក្សត្រ។ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ មុនីនាថ សីហនុ បាន​ស្តេច​យាង​ទៅ​កាន់​ព្រះ​បរមរាជវាំង​វិញ​ នៅ​ប្រមាណ​ជា​ម៉ោង​៩:៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ។

លោក ស ខេង បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​នោះ​ទេ​ ក្រោយ​ពី​ការ​យាង​ចាកចេញ​របស់​ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ។ ក្រៅ​ពី​លោក ស ខេង គេ​ឃើញ​មាន​វត្តមាន​របស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​រូប​ ដូចជា លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក​ឧបនាយក​រដ្ឋមន្រ្តី គាត ឈន់, លោក​យឹម ឆៃលី, និង​លោក​ឧបនាយក​រដ្ឋមន្រ្តី កែ គឹមយ៉ាន​ជា​ដើម។

ពិធី​បុណ្យ​សព​លោក​ ជា ស៊ីម គិត​ត្រឹម​ថ្ងៃ​ទី​១០​មិថុនា​នេះ​ គឺ​ជា​ថ្ងៃ​ទី​២​ហើយ នៃ​ពិធី​បុណ្យ​ផ្លូវ​ការ​ គិត​ចាប់​ពី​ថ្ងៃ​ទី​៩​មិថុនា​មក។ រដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃ​ទី​១៩​មិថុនា​ជា​ថ្ងៃ​កាន់​ទុក្ខ​ជា​ផ្លូវ​ការ ​ក៏ជា​ថ្ងៃ​បូជា​សព​លោក ជា ស៊ីម នៅ​លើ​សួន​ច្បារ​មុខ​វត្តបុទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​នៅ​ទីនោះ​ក៏​ធ្លាប់​ជា​ទី​កន្លែង​បូជា​សព​ភរិយា​របស់​លោក​ផងដែរ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៩។ លោក ជា ស៊ីម បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​៨​មិថុនា ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយ​រោគាពាធ។  ក្រៅ​ពី​ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ ដែល​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​សព​លោក​ ជា ស៊ីម នៅ​ព្រឹក​នេះ​ ក៏​មាន គណៈប្រតិភូ​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​លោក សាយ ឈុំ គណៈប្រតិភូ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក ហេង សំរិន និងគណៈប្រតិភូ​រាជរដ្ឋាភិបាល កាកបាទ​ក្រហម​កម្ពុជា និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ជា ស៊ីម ជា​បន្ត​បន្ទាប់ផង​ដែរ។

បើ​តាម​គំរោង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ជា ស៊ីម នៅព្រឹក​ថ្ងៃ​ទី​១១​មិថុនា​ស្អែក​នេះ​ដែរ​ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​មិញ​នេះ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ