អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល ព្រមាន​បោះឆ្នោត​ទំលាក់​បក្ស​កាន់​អំណាច បើ​អនុម័ត​ច្បាប់​អង្គការ

ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជា​១០០​នាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៣ មិថុនា​នេះ​ បាន​ជួប​ប្រជុំ​គ្នា​នៅ​មុខ​សភាជាតិ​ ដើម្បី​ដាក់​ញត្តិ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​សហជីព​ សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​រដ្ឋសភា​គ្រោង​នឹង​ដាក់​អនុមត័។ សង្គម​ស៊ីវិល​ក៏​បាន​អះអាង​​ផងដែរ​ថា ​ខ្លួន​នឹង​បោះឆ្នោត​ទំលាក់​គណបក្ស​នយោបាយ​ណា​ដែល​គាំទ្រ​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ប្រមាណ​ជា​១០០​នា​ក់​​ បាន​ជួប​ប្រជុំ​គ្នា​នៅ​មុខ​សភាជាតិ​ ដើម្បី​ដាក់​ញត្តិ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​សហជីព ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​រដ្ឋសភា​គ្រោងនឹ​​ងដា​ក់​អនុមត័​។
ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ប្រមាណ​ជា​១០០​នា​ក់​​ បាន​ជួប​ប្រជុំ​គ្នា​នៅ​មុខ​សភាជាតិ​ ដើម្បី​ដាក់​ញត្តិ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​សហជីព ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​រដ្ឋសភា​គ្រោងនឹ​​ងដា​ក់​អនុមត័​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សង្គម​ស៊ីវិល​បាន​ព្រមាន​បោះឆ្នោត​ទំលាក់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ នេះ​គឺ​ជា​ខ្លឹមសារ​ដែល​សង្គម​ស៊ីវិល​បាន​ព្រមាន​ទៅ​កាន់​រដ្ឋាភិបាល​តាម​រយៈ​ញត្តិ​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា។ សង្គម​ស៊ីវិល​បាន​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ថា «ក្នុង​ករណី​ដែល​ច្បាប់​ថ្មី​ត្រូវ​បាន​អនុម័ត​ដោយ​មិន​កែប្រែ​ស្រប​តាម​គោលការណ៍​សិទ្ធ​មនុស្ស​ ថ្នាក់​ដឹកនាំ​បុគ្គលិក នៃ​អង្គការ សមាគម នឹង​មិន​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ណា​ដែល​បាន​ចូលរួម​គាំទ្រ​ការ​អនុម័ត​ច្បាប់​នេះ​នោះ​ទេ»។

សង្គម​ស៊ីវិល​ បាន​បញ្ជាក់​ថា​ច្បាប់​ដែល​មាន​៩​ជំពូក និង​៣៩មាត្រា​នេះ គឺ​ពី​ផ្ទុយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សេចក្តី​ថ្លែងការណ៍​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធ​មនុស្ស។ សិទ្ធ​មនុស្ស​ដែល​ត្រូវ​បាន​ធានា​ការពារ និង​លោក​ស្ទួយ​សិទ្ធ​សេរីភាព​គ្រប់​យ៉ាង។ ក្នុង​ញត្តិ​ដែល​បាន​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន ក្រុម​អ្នក​តវ៉ា​វបន្ថែមថា ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ​គឺ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​ផង​ដែរ។

សូម​បញ្ជាក់​ថា​ តាំង​ពី​ម៉ោង​ប្រមាណ​ជាង​៨​កន្លះ ​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ក្រុម​អ្នក​តវ៉ា​បាន​លើក​បដា​ព័ណ៌ស ​និង​ព័ណ៌​ខ្មៅ ​ដែល​មាន​សរសេរ​អក្សរ​ថា​ និយាយ​ថា​ទេ​ចំពោះ​ច្បាប់​សហជីព​ សមាគម និង​អង្គការ។​ អ្នក​ចូលរួម​មាន​មក​ពី​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក​វ៉នពៅ ក្រុម​សកម្មជន​ដីធ្លី​ស្ត្រី​បឹងកក់ និង​អង្គការ​ជា​ច្រើន​ផ្សេង​ៗ​ទៀត។ ​ក្រៅ​ពី​ស្រែក​តវ៉ា​នៅ​ខាង​មុខ​សភា​ហើយ​នោះ ក្រុម​អ្នក​តវ៉ា បាន​ដើរ​ជុំវិញ​សភា​ចំនួន​ពី​២​ជុំ​មុន​នឹង​បំបែក​គ្នា។ យ៉ាង​ណា​ក៏​ដោយ​សមត្ថកិច្ច​ដែល​ឃ្លាំ​មើល​មិន​បាន​រារាំង​បាតុកម្ម​នោះ​ទេ។

ក្នុង​អំឡុង​ពេល​ដែល​សង្គម​ស៊ីវិល កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​ខាង​ក្រៅ​សភា​នោះ គណបក្ស​សង្គ្រោះជាតិ​ក្នុង​កិច្ច​ប្រជុំ​គណៈអចិន្រ្តៃយ៍​រដ្ឋសភា​នៅ​ព្រឹក​នេះ ​បាន​ប្រកាស​ពី​គោល​ជំហរ​របស់​ខ្លួន​ដែរ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​លើក​ស្ទួយ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ឡើង​ នូវ​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល និង អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ជា​ធាតុ​សំខាន់ នៅ​ក្នុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ដែរ។​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា បក្ស​កាន់​អំណាច​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ព្រមាន​នេះ​នោះ​ទេ​ ព្រោះ​តែ​ជា​ការ​ព្រមាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​អង្គការ​ទាំង​៣៥០០​អង្គការ​នៅ​កម្ពុជា។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក ​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ