អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ទទួលបាន​សេចក្ដីព្រាងច្បាប់ NGO ហើយ តែ​មិនទាន់​កំណត់​ថ្ងៃ​ពិភាក្សា​អនុម័ត

រដ្ឋសភាជាតិ​កម្ពុជា ទើបតែ​ទទួលបាន​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ជូនទៅ​កាន់​រដ្ឋសភា បន្ទាប់ពី​កែសម្រួល​លើ​មាត្រាសំខាន់ៗចំនួន​ពីរ។ យ៉ាងណាក៏ដោយ រដ្ឋសភា​នៅតែ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ អំពី​កាលបរិច្ឆេទ​នៃ​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ព្រមទាំង​ការពិភាក្សា​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​ជា​ផ្លូវការ។

រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ
រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​បញ្ជូន​ទៅដល់​រដ្ឋសភាជាតិ​ហើយ នៅ​រសៀល​ថ្ងៃ​អង្គារ ទី១៦ខែមិថុនា។ អ្នកនាំពាក្យ​រដ្ឋសភាជាតិ លោក ឈាង វុន មិនបាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អំពី​កាលបរិច្ឆេទ​ដែល​រដ្ឋសភា​នឹង​រៀបចំ​ឲ្យ​មាន​សិក្ខា​សិលា​ពិគ្រោះ​យោបល់ ឬ​ពិភាក្សា​អនុម័ត​ជា​ផ្លូវការ​លើ​សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ទេ។

បើតាម​អ្នកនាំពាក្យ​រូបនេះ មានការ​ងារ​ច្រើនណាស់​ដែល​រដ្ឋសភា​ចាំបាច់​ត្រូវធ្វើ បន្ទាប់ពី​សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​បញ្ជូន​មកដល់​រដ្ឋសភា។ ក្នុងនោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ​ទៅកាន់​គណៈកម្មការ​ជំនាញ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ផ្ដល់យោបល់​ជាមុនសិន។ ហើយ​ក្រោយពី​នោះ នឹងមាន​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល មុននឹង​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​​។

គួរ​រំលឹក​ជូន​ថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​តាក់​តែង​ឡើង​ដោយ​ក្រសួងមហាផ្ទៃ​នេះ រួមមាន៩ជំពូក និង៣៩មាត្រា និង​ត្រូវបាន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ពិភាក្សា​និង​អនុម័ត​កាលពី​ថ្ងៃទី៥មិថុនា​កន្លងទៅ។ មុននឹង​ទៅដល់​ដៃ​រដ្ឋសភា រដ្ឋាភិបាល​បានធ្វើ​ការលុបចោល​នូវ​មាត្រា​ចំនួន២ និង​កែសម្រួល​មាត្រា​ចំនួន២ សំខាន់។

កំណែប្រែ​ចុងក្រោយ​នៃ​សេចក្តីព្រាងច្បាប់​នេះ គឺ​មិនចាំបាច់​តម្រូវឱ្យ​អង្គការ​សមាគមជាតិ និង​អន្តរជាតិ​ចុះបញ្ជី​ឡើងវិញ​នៅ​ក្រសួងមហាផ្ទៃ​និង​ក្រសួងការបរទេស​ទៀត​នោះទេ។ មានន័យថា អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តជាតិ​មាន​ជាង៤ពាន់​ដែល​ចុះបញ្ជី​រួចរាល់​នៅ​ក្រសួង​ទាំងពីរ អាចបំពេញ​បេសកម្ម​ការងារ​របស់ខ្លួន​ដដែល។ ចំណែកឯ​លក្ខខណ្ឌ​សំរាប់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ថ្មី ដែលមាន​បំណង​មក​បំពេញ​បេសកម្ម​ការងារ​នៅ​កម្ពុជា ក៏​មិនមាន​ភាពស្មុគស្មាញ​ដូច​មុន​នេះដែរ។ រីឯ​មាត្រា​ដែល​បានចែង​ពី​ការធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​សង្គម​ស៊ីវិល​វិញ ក៏​មិន​តម្រូវឱ្យធ្វើ​របាយការណ៍​មកកាន់​ក្រសួងមហាផ្ទៃ​ទៀត​ដែរ។ ក្រសួងមហាផ្ទៃ​គ្រាន់តែ​ស្នើសុំ​ច្បាប់​ចម្លង​មួយ​នៃ​របាយការណ៍​ប្រចាំឆ្នាំ ដែល​អង្គការ​ទាំងនោះ បាន​ផ្ញើ​ទៅកាន់​ប្រទេស​ម្ចាស់ជំនួយ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ