អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ម៉ៅ មុន្នីវណ្ណ៖ តំណាង​រាស្រ្ត​សង្គ្រោះជាតិ បន្ត​ចុះ​មូលដ្ឋាន​ដរាប​ណា​បក្ស​មិន​ទាន់ស្លាប់

ក្រោយ​ពិធី​បុណ្យ​អុំ​ទូក​បាន​បិទ​បញ្ចប់ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ត​ចុះ​ទៅ​មូល​ដ្ឋាន​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន នៅ​ក្នុង​កាលៈទេសៈ​នយោបាយ​តាន​តឹង​បែប​នេះ។ តាម​រយៈ​សកម្មភាព​នេះ លោក ម៉ៅ មុន្នីវណ្ណ ថា តំណាង​រាស្រ្ត​សង្គ្រោះជាតិ​នៅ​តែ​បន្តចុះ​ទៅ​មូលដ្ឋាន ដរាប​ណា​បក្ស​នៅ​មាន​ជីវិត។

រូបថតៈ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​០៥​ខែ​វិ​ច្ឆិកា​ឆ្នាំ​២០១៧
រូបថតៈ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​០៥​ខែ​វិ​ច្ឆិកា​ឆ្នាំ​២០១៧ @Chhoeun Chhum
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​សំខាន់ៗ​កំពុង​តែ​មាន​វត្តមាន​នៅ​ក្រៅ​ប្រ​ទេ​ស​​ក៏​ដោយ តែ​តំណាង​រាស្ត្រ​ខ្លះ​ដែល​កំពុង​មាន​វត្ត​មាន​នៅ​ស្រុក​បាន​បង្ហាញ​វត្ត​មាន​របស់​ខ្លួន​ជាមួយ​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន។

លោក ម៉ៅ មុន្នីវណ្ណ ប្រធាន​ស្តី​ទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ថ្លែង​ប្រាប់​​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​ទី​៥​វិច្ឆិកា​នេះ​ថា គោល​បំណង​នៃ​ការ​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​​តាម​មូលដ្ឋាន គឺ​ដើម្បី​ពង្រឹង​ស្មារតី​របស់​ពួក​គាត់​នៅ​ក្នុង​កាលៈទេសៈ​នយោបាយ​ដែល​​គណបក្ស​សង្គ្រោះជាតិ​កំពុង​ជួប​ព្យុះ​បក់​បោក។

ឆ្លៀត​ពេល​នេះ លោក ម៉ៅ មុន្នីវណ្ណ ក៏​បាន​អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រក្សា​ភាព​អត់​ធ្មត់​ព្រោះ​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ទេ ដែល​គណបក្ស​ប្រឆាំង​តែង​ជួប​ព្យុះ​ភ្លៀង​ដូច​ស្ថានការ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ។

រីឯ​សង្គម​ស៊ីវិល​ថា នេះ​ជា​ឱកាស​ល្អ​ដែល​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​ចុះ​ទៅ​​ជួប​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន។ ប្រយោជន៍​នៃ​ការ​ចុះ​ទៅ​កាន់​មូលដ្ឋាន​នេះ ក៏​ជា​ចំ​ណែក​មួយ​ផ្ដល់​ភាព​ជឿជាក់​ចំពោះ​អ្នក​គាំទ្រ​ថា ពួក​គេ​មិន​ឯកា។ លោក សម គន្ធាមី ប្រធាន​អង្គការ​និច​ហ្វិក​ដែល​ជា​ស្ថាប័ន​មួយ​ធ្វើ​ការ​ងារ​ទាក់​ទង​ដំណើរ​ការ​បោះឆ្នោតមាន​យោបល់​ថា បញ្ហា​ផ្លូវ​ច្បាប់​តំណាង​រាស្ត្រ​សង្គ្រោះជាតិ​គួរ​ទុក​មួយ​ឡែក​សិន ដោយងាក​ទៅ​ជួប​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​ដែល​មាន​ចំនួន​ជាង​៥​ពាន់​ទើប​ជារឿង​ប្រសើរ។ ធ្វើ​ដូច្នេះ​កុំ​ឲ្យ​ពួក​គាត់​ជឿ​តាម​ការ​អូស​ទាញ​នានា។ នេះ​បើ​តាម​លោក សម គន្ធាមី។

តែយ៉ាងណាក៏ដោយ លោក សុន ឆ័យ អ្នក​នាំ​ពាក្យ​គណក្ស​សង្គ្រោះជាតិ​បាន​លើកឡើង​ថា វីរៈ​ភាព​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គឺ​ជា​គំរូ​មួយ​គួរ​ឲ្យ​គោរព​ដោយ​មិនជឿ​តាម​ការ​អូស​ទាញ​ទាំង​ឡាយ។ សូមបញ្ជាក់ថា នៅ​មិន​យូរ​ទៀត​ទេ​ឱសាន​វាទកំណត់​ជោគ​វាស​នា​គណបក្ស​សង្គ្រោះជាតិ នឹង​ដឹង​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកាខាង​មុខ​តាម​រយៈ​​សវនាការ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ