អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុន ឆ័យ អះអាង​ថា គណបក្សសង្គ្រោះជាតិរឹតតែរឹងមាំ

ទោះ​ត្រូវ​ព្យុះ​ភ្លៀង​បោក​បក់​កើត​មាន​នៅចំពោះ​មុខ​ក៏​ដោយ ក៏​លោ​ក ​សុន ឆ័យ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​អះអាង​នៅថ្ងៃ​សៅរ៍​នេះថា គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​រឹត​រឹង​មាំ ហើយ​រឹង​មាំ​ជាង​មុន​ទៅ​ទៀត។

រូបថតៈ​អ្នក​គាំទ្រ​ចូល​រួម​មីទ្ទីញ​​របស់​​បក្ស​​សង្គ្រោះ​ជាតិ​
រូបថតៈ​អ្នក​គាំទ្រ​ចូល​រួម​មីទ្ទីញ​​របស់​​បក្ស​​សង្គ្រោះ​ជាតិ​ @RFI
ផ្សាយពាណិជ្ជកម្ម

លោក សុន ឆ័យ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​អះអាង​ថា ភាព​រឹង​រឹត​តែ​រឹង​មាំរបស់​គណបក្ស​សង្គ្រោះជាតិ​នោះ​គឺ ការ​ពង្រឹង​សាមគ្គីភាព​របស់​គណបក្ស ក្នុង​គោលបំណង​ឆ្លើយតប​នឹង​ការ​ចង់​បាន​របស់​ពលរដ្ឋ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតនា​ពេល​ខាង​មុខ។

បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​ទី​៤​វិច្ឆិកា​នេះ សង្កត់​ធ្ងន់​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​រំលាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ក៏​ដោយ ក៏​លោក សុន ឆ័យ បានបន្ត​គូសបញ្ជាក់​ថា គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​យល់​ឃើញ​ថា ខ្លួន​ឯង​គ្មាន​កំហុសឈាន​ដល់​ការ​រំលាយ​នោះ​ទេ។ ហើយ​ប្រសិន​បើ​សង្គ្រោះជាតិ​រំលាយ​មែន​នោះ រដ្ឋាភិបាល​នឹង​ទទួល​រង​ការ​ថ្កោលទោស​ពី​ពលរដ្ឋ​ជាង​៣​លាននាក់​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ពិសេស​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ។ ​នេះ​បើ​តាម​លោក សុន ឆ័យ។

យ៉ាង​ណា​ក៏​ដោយ ផ្ទុយ​ពី​ការ​អះអាង​របស់​លោក សុន ឆ័យ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ជា​ដើម​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះជាតិ​ងាយ​រង​គ្រោះ​ដោយ​ការរំលាយ​ខ្លាំង​ណាស់ ព្រោះ​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ជួប​ប្រទះ​ព្យុះ​ភ្លៀង​ជា​ច្រើន។ ព្យុះ​ភ្លៀង​ទាំង​នោះ​រួមមានៈ ប្រធាន​គណបក្ស​លោក កឹម សុខា កំពុង​រង​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់​ជាតិ, គណបក្ស​ប្រឈម​នឹង​ការ​រំលាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ខាង​មុខ, សំណុំ​រឿង​លោក ម៉ៅ មុនីវណ្ណ ត្រូវ​បាន​អតីត​ប្រធានបក្ស​លោក សម រង្ស៊ី ចោទ​ថា​ចង់ធ្វើ​បក្ស​ប្រហារ, ការ​សម្រុក​ចេញ​ទៅ​ក្រៅ​ប្រទេស​ពី​សំណាក់​មន្ត្រី​សំខាន់ៗ​នៃ​គណបក្សសង្គ្រោះ​ជាតិ, ចលនា​នៃ​ការ​ចាក​ចេញ​បណ្ដើរៗ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ជាដើម​។

ជុំ​វិញ​សំណុំ​រឿង​នេះ លោក សុន ឆ័យ អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង​បាន​កត់​សម្គាល់​ថា ចល​នា​នៃ​ការ​ចាក​ចេញ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ចុះចូល​ជា​មួយ​គណបក្ស​កាន់​អំណាច រហូត​មក​ទល់​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​តួលេខ​មួយតិច​តួច​នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​សង្គ្រោះជាតិ​ដែលមាន​ចំនួន​ជាង​៥​ពាន់​នាក់។ លោក សុន ឆ័យ យល់​ឃើញ​ថា ការណ៍​នេះ​មិន​គំរាម​កំហែង​ដល់​ស្ថិរភាព​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។

តែផ្ទុយមកវិញ លោក គិន ភា អនុប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិ​សភា​កម្ពុជា​យល់​ឃើញ​ថា និន្នាការ​របស់​សមាជិក​បក្ស​ប្រឆាំង​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​នឹង​មាន​ការ​កើន​ឡើង ពិសេស​នៅ​ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ