អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី ថា​លិខិត​ផ្ញើ​លោក​ហ៊ុន សែន គ្រាន់​តែ​ជា​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​លោក​!

ក្រោយ​ពី​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ បាន​ផ្ញើ​លិខិត​មួយ ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ដើម្បី​សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្នក​ដែល​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ប្រមាថ​គ្រួសារ​លោក​ហ៊ុន សែន - មក​ដល់​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ ឬ​ក៏​តបតរ​លិខិត​ជា​ផ្លូវ​ការ ទៅ​លោក​សម រង្ស៊ី វិញ​នៅ​ឡើយ​ទេ។ អ្នក​វិភាគ​មួយ​ចំនួន យល់​ថា​នេះ​ជា​ការ​បន្ទន់​ឥរិយាបថ​របស់​ប្រមុខ​បក្ស​ប្រឆាំង ដើម្បី​រំងាប់​កម្តៅ​នយោបាយ ប៉ុន្តែ​លោក​សម រង្ស៊ី ផ្ទាល់ និយាយ​ថា កត្តា​នេះ​គ្រាន់​តែ​ជា​សីលធម៌ និង​ទម្លាប់​នៃ​ភាព​ថ្លៃថ្នូរ​របស់​បក្ស​ប៉ុណ្ណោះ។

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ទី ១៤​មិថុនា ដល់​ថ្ងៃ​ទី ១៦​មិថុនា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​មិន​ទាន់​បាន​បង្ហាញ​ប្រតិកម្ម​ជា​ផ្លូវ​ការ​ណាមួយ​តប​ទៅ​នឹង​លិខិត​របស់​លោក​សម រង្ស៊ី ដែល​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​ជន​ណា​ ដែល​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​មិន​សមរម្យ ប្រមាថ និង​ចោទ​ប្រកាន់​លើ​កូន​ប្រុស និង​ភរិយា​របស់​លោក​ហ៊ុន សែន ថា​ជា​កូន​របស់​មេដឹកនាំ​វៀតណាម​។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​នោះ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អន្តរជាតិ​មួយ​ថា លិខិត​ដែល​លោក​ផ្ញើ​ទៅ​កាន់​លោក​ហ៊ុន សែន នោះ​គឺ​លោក​មិន​បាន​រំពឹង​ចាំ​ចម្លើយ​តបមក​វិញ​នោះ​ទេ។ លិខិត​នោះ ផ្ញើ​ចេញ​ទៅ​ គឺ​គ្រាន់​តែ​ដើម្បី​បញ្ជាក់​ពី​​សីលធម៌ និង​ភាព​ថ្លៃថ្នូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ។​

ជាមួយ​គ្នា​នេះ លោក​សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​នេះ​ថា​ គណបក្ស​មិន​បាន​ដឹង​ពី​ទឹក​ចិត្ត​របស់​ប្រធាន​បក្ស​គឺ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ជុំវិញ​បញ្ហា​នេះ​យ៉ាង​ណា​ទេ ដោយសារ​នេះ គឺ​ជា​រឿង​បុគ្គល និង​បុគ្គល មិន​មែន​ជា​រឿង​គណបក្ស​ទាំង​មូល​នោះ ឡើយ។​

ប៉ុន្តែ​លោក​ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​បង្ហាញ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា ពាក្យ​ពេចន៍​ក្នុង​លិខិត​ និង​សម្តី​របស់​លោក​សម រង្ស៊ី ដែល​ផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន គឺ​ខុស​គ្នា​ស្រឡះ ដូច​មេឃ និង​ដី។ លោក​ផៃ ស៊ីផាន ថា​លិខិត​របស់​លោក​សម រង្ស៊ី គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ដដែល​នេះ បាន​ថា​លោក​សម​ រង្ស៊ី​ បាន​ប្រើ​ពាក្យ​ផ្លែផ្កា មិន​ទទួល​ស្គាល់​កំហុស ហើយ​មិន​គោរព​ច្បាប់​រដ្ឋ ព្រម​ទាំងគ្មាន​ស្មារតី​រួម​រស់​គ្នា​ជា​មហា​គ្រួសារ។

សូម​បញ្ជាក់​ថា ក្នុង​បទ​សម្ភាសន៍​ពី​ក្រៅ​ប្រទេស​នោះ លោក​សម រង្ស៊ី បាន​និយាយ​ថា បក្ស​កាន់​អំណាច តែងតែ​បង្វែរ​ប្រធាន​បទ ហើយ​ចូលចិត្ត​តែ​លើក​យក​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​ ឥតប្រយោជន៍​ មក​និយាយ មិន​ព្រម​ស្វែង​រក​ដំណោះស្រាយ ជុំវិញ​បញ្ហា​ដែល​រាស្ត្រ​កំពុង​ព្រួយ​បារម្ភ រួមមាន​បញ្ហា​ដីធ្លី រឿង​ព្រំដែន រឿង​អន្តោប្រវេសន៍ ឬរឿងសិទ្ធិ​មនុស្ស​អ្វី​នោះទេ​។ ក៏​ប៉ុន្តែ​គណបក្ស​កាន់​អំណាច​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​នោះ​គឺ​ជា​យន្តការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​នីតិរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ