អានតួអត្ថបទ
កម្ពុជា

លោក មា​ជ សុវណ្ណារ៉ា បន្ត​ជាប់ឃុំ រង់ចាំ​សវនាការ​នៅ​ថ្ងៃទី២៥មីនា

ចៅក្រម​តុលាការ​កំពូល នា​ព្រឹក​ថ្ងៃទី១១មីនា​នេះ បានសម្រេច បន្ត​ឃុំខ្លួន​លោកមា​ជ​សុវណ្ណារ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោកមា​ជ​សុវណ្ណារ៉ា ត្រូវ​ឡើង​តុលាការ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២៥មីនា ដើម្បី​ជំនុំជម្រះ​ក្នុង​សំណុំរឿង​បាតុកម្ម​កើត​អំពើហិង្សា ថ្ងៃ១៥កក្កដា។

លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​
លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ដូច​ការសម្រេច​របស់​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១១មីនា​នេះ ចៅក្រម​តុលាការ​កំពូល បានសម្រេច មិន​ដោះលែង លោក មា​ជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។

កាលពី​ព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ តុលាការ​កំពូល បាន​បើកសវនាការ​លើ​បណ្តឹង​នៅក្រៅ​ឃុំ របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា។ លោក មា​ជ សុវណ្ណារ៉ា នៅ​ព្រឹក​ថ្ងៃទី១១មីនា​នេះ នៅតែ​ចាត់ទុក​សំណុំរឿង​ក្តី​លើ​រូបលោក ថា​ជា​រឿង​នយោបាយ។ លោក​ទាមទារ​ឲ្យ​មាន​កិច្ចប្រជុំ​រវាង​លោក​សមរង្ស៊ី និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ទើប​អាច​ដោះស្រាយបាន។

លោកមា​ជ​សុវណ្ណារ៉ា បាន​បញ្ជាក់ថា “ក្នុងនាម​យើង​ជា​គណៈកម្មការ​នាយក ខ្ញុំ​មនុស្ស​ទី៦៤ ក្នុងចំណោម​មនុស្ស ១២៣ នាក់ នៅក្នុង​គណបក្ស ហើយ​រឿង​អី​ខ្ញុំ​ទៅជា​មេដឹកនាំ​កុប្បកម្ម ហើយ​ដែរ​ទៅនេះ គឺ​ទៅ​ក្នុងនាម​យើង​គោរព​រដ្ឋធម្មនុញ្ញ​មាត្រា ៣៨ ដើម្បី​ទៅ​ចូលរួម​បញ្ចេញ​មតិយោបល់ បែរជា​ទៅជា​ខ្ញុំ​ជា​អ្នកដឹកនាំ​កុប្បកម្ម។ វា​អត់​ត្រូវ។ កាលណា​គេ​មាន​នយោបាយ​ចាត់តាំង គេ​មាន​នយោបាយ​ច្បាស់លាស់​ណាស់។ វា​មិនដែល​អាណា​ទៅធ្វើ​មនុស្ស ៥០ ទៅ ៦០ នាក់។ នៅពេលនោះ ទិដ្ឋភាព​ជាក់ស្តែង អ្នកកាសែត​ឯករាជ្យ មើលឃើញ​ហើយ​ថា នរណា វាយ​នរណា?។ ខ្ញុំ​និយាយ មានតែ​អហិង្សា​ទៅទៀត ហើយ​បែរជា​អីចឹង? ខ្ញុំ​អត់​យល់​ទេ!។

សំណុំរឿង​បាតុកម្ម​កើត​អំពើហិង្សា ថ្ងៃ១៥កក្កដា នឹងត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​លើ​អង្គសេចក្តី នៅ​ថ្ងៃទី២៥មីនា។ ជា​សំណុំរឿង ដែល​តុលាការ បាន​ចោទប្រកាន់​លើ​លោកមា​ជ​សុវណ្ណារ៉ា ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន ១១ នាក់ ក្នុងនោះ ៥ នាក់ នៅក្នុង​ពន្ធនាគារ ពីបទ​ដឹកនាំ​កុប្បកម្ម និង​បង្ក​អំពើហិង្សា ក្នុងពេល​ធ្វើបាតុកម្ម​រំ​ដោះ​ទីលាន​ប្រជាធិបតេយ្យ ដែលមាន​ការប៉ះទង្គិច​រវាង​បាតុករ និង​ក្រុម​កងសន្តិសុខ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១។

លោក មា​ជ សុវណ្ណារ៉ា ដែល​ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤អាច​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ពី​ជាង ២០ ឆ្នាំ ទៅជិត ៤០ ឆ្នាំ។ ប៉ុន្តែ​សង្គម​ស៊ីវិល និង​អ្នកតាមដាន​នយោបាយ នៅតែ​មើលឃើញថា ករណី​ចាប់ខ្លួន និង​កាត់ទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ ជា​រឿង​នយោបាយ។ ម្យ៉ាងទៀត សំណុំរឿង​ហិង្សា​ដូចគ្នា ដែល​ក្រុម​សន្តិសុខ និង​កងកម្លាំងប្រដាប់អាវុធ វាយ និង​បាញ់សម្លាប់​បាតុករ គឺ​មិនត្រូវ​តុលាការ ចាត់ការ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ