Amnesty International៖ សណ្តាប់ធ្នាប់ពិភពលោក ក្រោយសង្គ្រាមលោកលើកទី២ ស្ទើរតែលែងមានហើយ
សណ្តាប់ធ្នាប់ពិភពលោក ដែលរៀបចំស្ថាបនាក្រោយពីសង្គ្រាមលោកលើកទី២ផុតរលត់ទៅ នៅពេលនេះ ស្ទើរតែ«លែងមាន»ទៅហើយ។ នេះបើតាមអង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ក្នុងរបាយការណ៍ស្តីពីសិទ្ធិមនុស្ស ចេញផ្សាយថ្ងៃពុធ ទី២៤មេសា។ របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏បានរិះគន់ សមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដែលបានលូកដៃដោយផ្ទាល់ឬដោយប្រយោល នៅក្នុងសង្គ្រាមជាច្រើនខែមកនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៤
ការរំលោភបំពានសិទ្ធិមនុស្ស កើតមានយ៉ាងធ្ងន់ធ្ងរស្ទើរតែគ្រប់ទ្វីបទាំងអស់ មិនថានៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងតំបន់ដើមបូព៌ានោះទេ។ ភ្នក់ភ្លើងសង្គ្រាមជុំទិស ជាក់ស្តែង អ៊ីស្រាអែលនិងពួកហាម៉ាសបង្កាត់ភ្លើងសង្គ្រាមនៅតំបន់ហ្កាហ្សា រុស្ស៊ីបញ្ឆេះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ជម្លោះសង្គ្រាមរ៉ាំរ៉ៃនៅភូមា នៅសូដង់ នៅអេត្យូពី ។ល។
ក្រោយពីបានតាមដានជម្លោះនិងសង្គ្រាមគ្រប់ទិសទី យ៉ាងដិតដល់ រយៈពេលជាង ១២ ខែចុងក្រោយនេះ លោកស្រី Agnès Callamard អគ្គលេខាធិការរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បញ្ជាក់ថា ប្រព័ន្ធសណ្តាប់ធ្នាប់ពិភពលោក ដល់ចំណុចមួយស្ទើរតែលែងមានទៅហើយ។ សណ្តាប់ធ្នាប់ពិភពលោក ដែលបានរៀបចំស្ថាបនាដោយពួកប្រទេសឈ្នះសង្គ្រាម បន្ទាប់ពីការផុតរលត់ទៅនៃសង្គ្រាមលោកលើកទី២ ប៉ុន្តែនៅគ្រានេះ ពួកទាំងប្រទេសនោះកំពុងតែឈាន់ឈ្លីសណ្តាប់ធ្នាប់ពិភពលោក។ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានអង្អុរបង្ហាញថា ជាងកន្លះឆ្នាំមកនេះ សហរដ្ឋអាមេរិក បានការពាររដ្ឋអំណាចអ៊ីស្រាអែល ដោយបោះឆ្នោតវេតូជំទាស់ជាច្រើនដង នៅក្រុមប្រឹក្សាសន្តិសុខ ពាក់ព័ន្ធនឹងសេចក្តីសម្រេចឲ្យធ្វើបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។ ការលើកដៃវេតូរបស់អាមេរិក ធ្វើអ៊ីស្រាអែលបានចិត្តប្រព្រឹត្តអំពើរំលោភអំពានសិទ្ធិមនុស្សកាន់តែខ្លាំង នៅតំបន់ហ្កាហ្សា។
មានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍, អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ក៏បានរិះគន់ រុស្ស៊ី និងចិន ជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានចូលរួមរៀបចំប្រព័ន្ធសណ្តាប់ធ្នាប់ពិភពលោក និងស្ថាប័នអន្តរជាតិ ក៏ប៉ុន្តែប្រទេសមហាអំណាច រុស្ស៊ី បានបង្កសង្គ្រាមនៅអ៊ុយក្រែន ហើយ ចិន បានគាំទ្រដោយផ្ទាល់ឬដោយប្រយោល ក្នុងការបំពានសិទ្ធិមនុស្ស។ កងទ័ពរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មសម្លាប់មនុស្សនៅអ៊ុយក្រែន និង ធ្វើទារុណកម្មឈ្លើយសឹកអ៊ុយក្រែន។
បន្ថែមពីនេះ Amnesty International ក៏បានថ្កោលទោសរបបក្រុងប៉េកាំងដែរ។ មហាអំណាចចិន បានបិទភ្នែកធ្វើមើលមិនឃើញការកាប់សម្លាប់ ការបណ្តេញចេញទាំងបង្ខំ និង ការរំលោភបំពានសព្វបែបយ៉ាង ទៅលើបណ្តាក្រុមពលរដ្ឋជនជាតិភាគតិចនៅភូមា ហើយរបបក្រុងប៉េកាំងខំប្រឹងការពារកងទ័ពរបបសឹកភូមាថែមទៀត ធ្វើឲ្យមានសង្គ្រាមស៊ីវិល និងរំលោភច្បាប់អន្តរជាតិ។
ករណីទាំងអស់នេះ បង្ហាញឲ្យឃើញច្បាស់ថា សណ្តាប់ធ្នាប់ពិភពលោក ឈានដល់ច្រកទ្វារគ្រោះថ្នាក់។ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ជំរុញឲ្យសើរើសមើលឡើងវិញ ស្ថាប័នអង្គការសហប្រជាជាតិ និង កែប្រែជាបន្ទាន់ រៀបរបបបោះឆ្នោតវេតូជំទាស់ របស់ក្រុមប្រឹក្សាសន្តិសុខ ហើយធ្វើយ៉ាងណា ដើម្បីកុំឲ្យប្រើសំឡេងវេតូនោះ ទៅជំរុញឲ្យស្ថានការណ៍រំលោភបំពានសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ