អានតួអត្ថបទ
កម្ពុជា

ទូរទស្សន៍​គណបក្សប្រឆាំង​នឹង​ផ្សាយ​តាម​ប្រព័ន្ធ​ Analog ​ក្នុងពេល​ខាងមុខនេះ

​ផ្តើមចេញពី​ជំនួប​ទ្វេរភាគី​រវាង​មេដឹកនាំ​កំពូល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​កាលពី​ម្សិលមិញ​ក្រសួង​ព័ត៌មាន​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ Cambodian Independent Media Co, Ltd​របស់​គណបក្សប្រឆាំង​ ចាប់ផ្តើម​ដំណើរការ​ស្ថានីយ​ផ្សាយ​ទូរទស្សន៍​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត។​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​ខៀវ កាញារិទ្ធ​ និង​មានការ​យល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ផ្តល់​ឲ្យ​ទូរទស្សន៍​បក្សប្រឆាំង​ ផ្សាយ​តាម​ប្រព័ន្ធ​ Analog​ ដោយ​ក្រសួង​បាន​ដក​ហ្វ្រេកង់​មួយ​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែរ​កាប​រាជធានី​ភ្នំពេញ​ចំនួន​១Channel ។

ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។
ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ព័ត៌មាន​បានសម្រេច​កាល​ពីថ្ងៃ​ទី២៧​ខែវិច្ឆិកា​ ឆ្នាំ២០១៤​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ​Cambodian​ Independent​ Media Co, Ltd ​ដំណើរការ​ស្ថានីយទូរទស្សន៍​តាម​ប្រព័ន្ធ​ Analog​នៅ​រាជធានី​ភ្នំពេញ​ ដែលមាន​កំលាំង​ផ្សាយ ​១០​ គីឡូវ៉ាត់ ​កម្ពស់​បង្គោល​អង់តែន ​១២០ម៉ែត្រ​និង​ប្រើ Channel UHF-E41​ និង​ស្ថានីយទូរទស្សន៍​ប្រព័ន្ធ​ Analog ​ផ្សាយ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ដែលមាន​កម្លាំង​ផ្សាយ​ ១គីឡូវ៉ាត់​ កម្ពស់​បង្កោល​អង់តែន​ ១០០ម៉ែត្រ​និង​ប្រើ​Channel​ដដែល។

លើសពីនេះ​ក្រុមហ៊ុន ​Cambodian Independent Media Co, Ltd ​ត្រូវ​ក្រសួង​ព័ត៌មាន​ប្រាប់​ឲ្យ​ទៅ​បំពេញ​បែបបទ​ស្នើសុំ​អាជ្ញាប័ណ្ណ​ដើម្បី​ដំណើរការ​ស្ថានីយ៍ទូរទស្សន៍​ផ្សាយ​បន្ត​នៅតាម​បណ្តា​ខេត្ត​នៅ​ក្រសួង​ព័ត៌មាន។

ការចេញលិខិត​ដែលមាន​ចំណារ​យល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែរនោះ ​ហើយ ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​បន្ទាប់ពី​ជំនួប​រវាង​មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

នៅក្នុង​ចំណុច​ទី១នៃ​លទ្ធផល​ជំនួប​ ហ៊ុន សែន-សម រង្សី​ នេះដែរ​ ត្រូវបាន​គូសបញ្ជាក់ថា​ ចំពោះ​សំណើរ​សុំ​របស់លោក​ សម រង្សី​ ទាក់ទង​ទៅនឹង​ការដាក់​ឲ្យ​ដំណើរការ​ស្ថានីយទូរទស្សន៍​ និង​ការដាក់​ឲ្យ​ស្ថានីយវិទ្យុ​ផ្សាយ​បន្ត​នៅតាម​ខេត្ត​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានផ្តល់​ការឯកភាព​ជាគោលការណ៍​ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវបំពេញ​បែបបទ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​នៅ​ក្រសួង​ព័ត៌មាន។

លោក យ៉ែម បុញ្ញឬទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា​ ជាគោលការណ៍​គណបក្ស​របស់លោក​យល់​ព្រម​ផ្សាយ​ជា​បណ្តោះអាសន្ន​សិន​តាម​ប្រព័ន្ធ​Analog​ ដោយសារ​តែ​ប្រព័ន្ធ​នេះ​មាន​គុណភាព​មិនទាន់​ល្អ​ដូច​ផ្សាយ​តាម​ប្រព័ន្ធ​Digital​ មែន​តែ​អ្នកទស្សនា​ អាច​មើល​ទូរទស្សន៍​ថ្មី​នេះ​បានភ្លាម។​ ដោយឡែក​ទាក់ទង​ទៅនឹង​ការចាប់ផ្តើម​វិញ ​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​ កំពុង​តែ​រៀបចំ​កម្មវិធី​ និង​ដំណើរ​ការ​ផ្សេងៗទៀត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ