អានតួអត្ថបទ
កម្ពុជា

ពិព័រណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​-កម្ពុជា​ លើក​ទី៩​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ

«ពិព័រណ៌​ផលិត​ផល​នាំ​ចេញ​-នាំ​ចូល​ និង​ខេត្ត​១​ផលិត​ផល​១ ​កម្ពុជា​លើក​ទី​៩» របស់​ក្រសួង​ពាណិជ្ជកម្ម​ នឹង​ចាប់​ផ្តើម​បើក​សម្ពោធ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។​ ជា​ពិព័រណ៌​ខ្នាត​អន្តរជាតិ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​នៅក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ជួបជុំ​គ្នា​ ដើម្បី​ស្វែង​រក​ដៃគូ​ និង​សេវាកម្ម។

ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម។ Ministry of Commerce
ផ្សាយពាណិជ្ជកម្ម

ជា​លើក​ទី៩​ហើយ​ ដែល​កម្ពុជា​រៀបចំ​ «ពិព័រណ៌​ផលិត​ផល​នាំ​ចេញ​-នាំ​ចូល ​និង​ខេត្ត​១​ផលិត​ផល​១»។ ​ពិព័រណ៌​នេះ​នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដូចជា​ វេទិកា​ស្តី​ពីវិនិយោគ​និង​ធុរកិច្ច​ សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​ ជា​ដើម។ ​មិន​តែប៉ុណ្ណោះ​ ក៏​នឹង​មាន​ការ​តាំង​បង្ហាញ​ផលិតផល​ស្រូវ​អង្គរ​ និង​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​សម្រាប់​អ្នក​នាំចេញ​អង្គរ​កម្ពុជា​ទៀត​ផង។

នាយក​ដ្ឋាន​កិច្ចការ​ពិព័រណ៌ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ពន្យល់​ថា ​មូលហេតុ​នៃ​ការ​រៀប​ចំ​ពិព័រណ៌​ពាណិជ្ជកម្ម​លើក​ទី៩​នេះ ​គឺ​ក្នុង​គោល​បំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ និង​វិយោគ​នៅ​កម្ពុជា​ ជា​ពិសេស​បង្កើន​សកម្មភាព​នាំ​ចេញ។ ​លើស​ពីនេះ ​គឺ​ដើម្បី​តភ្ជាប់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ក្នុង​ស្រុក​ ពី​គ្រប់​ក្របខណ្ឌ​ខេត្ត​ ក្រុង​ និង​រាជធានី​ ព្រម​ទាំង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ពាណិជ្ជករ​កម្ពុជា​និង​បរទេស។

សាធារណជន​និង​អ្នក​រកស៊ី​ដែល​ទៅ​ចូលរួម​ពិព័រណ៌​នេះ​ អាច​ទិញ​ទំនិញ​និង​សេវាកម្ម​ដែលមាន​គុណភាព​ ព្រម​ទាំង​ងាយ​ស្រួល​ស្វែង​រក​ដៃគូ​វិនិយោគទុន​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក។ ​នេះ​បើ​តាម​ការ​អះអាង​របស់​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៌។

កាល​ពី​ឆ្នាំ​២០១៣​ មាន​ទឹកប្រាក់​វិនិយោគ​ជិត​ ១២០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ បាន​ត្រូវ​ចុះ​កិច្ច​សន្យា​នៅ​ក្នុង​ឱកាស​ពិព័រណ៌។​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ុន ចាន់ថុល ​បាន​បញ្ជាក់​ទៀត​ថា ​ពិព័រណ៌​លើក​ទី​៨​កន្លង​ទៅ ​ មាន​ក្រុមហ៊ុន​៣៤៩ ​មក​ពី​១៧​ប្រទេស​ចូលរួម​ ហើយ​មាន​ស្តង់​ចំនួន​៤១៧ ។​ ប៉ុន្តែ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៌​ បាន​កត់​សម្គាល់​ថា​ នៅ​ឆ្នាំ​២០១៤​នេះ ​អាច​នឹង​មាន​ចំនួន​ស្តង់​និង​ក្រុមហ៊ុន​ចូលរួម​តិច​ជាង​ឆ្នាំ​មុន​ ដោយសារ​តែ​ក្រុម​អ្នក​រៀប​ចំ​មាន​ពេល​វេលា​ខ្លី​ពេក​ និង​ការ​ផ្សព្វផ្សាយ​មិន​ទាន់​បាន​ទូលំទូលាយ។

សូម​បញ្ជាក់​ថា​ ពិព័រណ៌​ពាណិជ្ជកម្ម​នេះ ​មាន​រយៈពេល​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៥ដល់​១៨ធ្នូ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ ​នៅ​មជ្ឈមណ្ឌល​ ពិព័រណ៌​និង​សន្និសីទ​កោះ​ពេជ្រ​ ក្នុង​រាជធានី​ភ្នំពេញ។​ ការ​រៀប​ចំ​ពិព័រណ៌​នៅ​លើក​ទី៩នេះ​ ផ្តួច​ផ្តើម​ដោយ​ ក្រសួង​ពាណិជ្ជកម្ម​ និង​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ក្រុង​ក្នុង​ទាំង​អស់ ​រួមទាំង​មាន​ការ​គាំទ្រ​ពី​ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ក្រសួង​រ៉ែ​និង​ថាមពល​ ក្រសួង​កសិកម្ម​ និង​ក្រសួង​ទេសចរណ៍​ ព្រម​ទាំង​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ៕ 
ដោយ ហេង ឧត្តម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ