អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​សន្ទនា​​ក្នុង​​បរិបទ​​នៃ​​ការ​​ប្រជែង​​អំណាច​​ក្នុង​​ទឹក​​ផ្តាច់ព្រ័ត្រ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ថ្មី​​ម្តងទៀត​ គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​បញ្ជាក់​ថា ​ខ្លួន​​ប្តេជ្ញា​​អនុវត្ត​​កិច្ច​ព្រមព្រៀង​​ថ្ងៃ​ទី ​២២ ​កក្កដា ​ឆ្នាំ ​២០១៤។ ​ការ​ប្តេជ្ញា​ចិត្ត​​បែប​នេះ ត្រូវ​បាន​​បញ្ជាក់​​ក្នុង​​សេចក្តីថ្លែងការណ៍​​របស់​​បក្ស​​កាន់​អំណាច ​កាល​ពី​​ថ្ងៃ​ទី០១​កុម្ភៈ ​និង​​សេចក្តីថ្លែងការណ៍​​ឆ្លើយ​តប​​របស់​​គណបក្ស​​ស​ង្គ្រោះ​ជាតិ​ ថ្ងៃ​ទី០២​កុម្ភៈ​។ ​ការរ​ក្សា​បាន​​ស្មារតី​​កិច្ចព្រមព្រៀង​​នេះ​​ជា​​របត់​ផ្លូវ​​ដ៏​​វិជ្ជមាន​​សម្រាប់​នយោបាយ​​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ ​តើ​​វប្បធម៌​​សន្ទនា​​អាច​រ​ស់​បាន​​បែបណា ​ក្នុង​​បរិបទ​​ដែល​​គណបក្ស​ទាំងពីរ​ ត្រូវ​​ប្រជែង​​អំណាច​​គ្នា​​យ៉ាង​​ស្រួច​ស្រាល់​​បំផុត​ ក្នុង​​ទឹក​​ផ្តាច់​ព្រ័ត្រ​​នេះ​?​

លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូល ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤
លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូល ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«វប្បធម៌​សន្ទនា»កំពុង​ក្លាយជា​ពាក្យ​ពេញនិយម​មួយ​ទាំង​នៅក្នុង​គណបក្សកាន់អំណាច ទាំង​ក្នុង​គណបក្សប្រឆាំង។ ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​កាន់តែ​ច្រើនឡើង​បន្ទាប់ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃទី២២កក្កដា​ឆ្នាំ ២០១៤ ដោយ​សន្យា​ប្រើប្រាស់​យន្តការ​សន្ទនា​ជំនួស​ឲ្យ​ការប្រឈមមុខ។

ជាការ​ពិត ការបោះឆ្នោត​លើកចុងក្រោយ​នេះ​គឺជា​របត់​នយោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ សំខាន់​មិនមែន​ត្រឹមតែ​តុល្យភាព​នៅក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​ទេ តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​បាន​តម្រូវ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ត្រូវ​ចេះ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិសំខាន់។ មែនទែនទៅ ចំណុច​ចាប់ផ្តើម​នៃ​វប្បធម៌​សន្ទនា​បានកើត​មាន​តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ មកម្ល៉េះ។ ប៉ុន្តែ រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងផុតទៅ អ្នកនយោបាយ​ខ្មែរ​នៅ​មិនទាន់​ស៊ាំ​នឹង​ទម្លាប់​បែប​ថ្មី​ប្រជាធិបតេយ្យ​នៅឡើយ​ទេ។


ទម្លាប់​ចាស់​នៃ​ការធ្វើ​នយោបាយ​ដោយ​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង​បានធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​មិនសូវមាន​ខ្លឹមសារ​ពិតប្រាកដ។ មេរៀន​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ក្លាយជា​ឧទាហរណ៍​ដែល​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​ខ្លាចរអារ​ក្នុង​ការចូល​កៀក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​វា​បាន​ក្លាយជា​ចំណុចរសើប​ដែល​នាំ​ឲ្យ​អ្នកនយោបាយ​ក៏ដូចជា​អ្នកគាំទ្រ​បក្សប្រឆាំង​នៅតែ​ចង់​រក្សា​ភាព​ដាច់​ណាត់​ដូច«ទឹក​និង​ប្រេង»ជាមួយ​គណបក្សកាន់អំណាច។

ប្រតិកម្ម​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយពេល​គណបក្ស​នេះ​យល់ព្រម​ចូល​អង្គុយ​ក្នុង​រដ្ឋសភា​កាលពីពេល​កន្លងទៅនេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ យ៉ាងណា​ក៏ដោយចុះ ស្ថានភាព​បច្ចុប្បន្ន​មិនសូវ​ជាមាន​ជម្រើស​ច្រើន​សម្រាប់​អ្នកនយោបាយ​ប៉ុន្មាន​ទេ​ក្រៅតែពី​ការបង្ខំចិត្ត​អង្គុយ​ទល់មុខ​គ្នា​ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា។ «វប្បធម៌​សន្ទនា»មាន​ផល​ល្អ​ច្រើនយ៉ាង​សម្រាប់​នយោបាយ​ប្រទេស​កម្ពុជា។ ល្អ​ម្យ៉ាង​ដោយសារតែ វប្បធម៌​នេះ​អាច​លុបបំបាត់​ទស្សនៈ​ចូលគ្នា​មិន​ចុះ​ដែលជា​ប្រភព​នៃ​នយោបាយ​សងសឹក​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដែល​ពិបាក​លុបបំបាត់។ រីឯ​ល្អ​ម្យ៉ាងទៀត​គឺ​វា​បាន​កាត់បន្ថយ​ការពឹង​ពាក់​ទៅលើ​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​បាន​មួយចំណែក​ធំ។

ជាក់ស្តែង ចុងក្រោយ​នេះ មេដឹកនាំ​នយោបាយ​តែង​ជួបពិភាក្សា​ទល់មុខ​គ្នា​ហើយ​សម្រេចបាន​លទ្ធផល​ជា​បន្តបន្ទាប់។ តាមរយៈ​កិច្ចសន្ទនា​រវាង​ខ្មែរ​និង​ខ្មែរ​នេះហើយ​ដែល​គេ​មិនសូវ​ឃើញ​មានការ​ពឹងពាក់​ឬ​ស្រែក​ដង្ហោយ​រក​បរទេស​ឲ្យ​ជួយ​យ៉ាង​កងរំពង​ដូច​ពីមុន​ទេ។ ម្យ៉ាងទៀត អ្នកនយោបាយ​ខ្មែរ​ហាក់​បាន​រៀនសូត្រ​ពី​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក​បានខ្លះៗហើយ។ មេរៀន​ដ៏​ល្អ​ជាងគេ​គឺ បើទោះជា​មកពី​គណបក្ស​ដែលមាន​នយោបាយ​ផ្ទុយគ្នា​ក៏ដោយ​ក៏​គេ​អាច​ធ្វើការ​ជាមួយគ្នា​បានដែរ។ រីឯ​ការផ្ទេរអំណាចរ​វាង​អ្នកចាញ់​និង​អ្នកឈ្នះឆ្នោត​ក៏មាន​ភាពរលូន​និង​ដោយ​ចាប់ដៃគ្នា​រលាក់។ រវាង​អ្នកឈ្នះ​និង​អ្នក​ចាញ់ឆ្នោត ពួកគេ​រស់នៅ​ជាមួយគ្នា​ដោយ​សុខដុមរមនា​និង​ក្នុង​សេចក្តីថ្លៃថ្នូរ។ នេះ​ជា​រូបភាព​ដែល​ពលរដ្ឋ​ខ្មែរ​ប្រាថ្នា​ចង់ឃើញ​នៅលើ​ទឹកដី​កម្ពុជា។

ដូច្នេះ នេះ​ជា​ពេលវេលា​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវបង្កើត​ឲ្យ​បាន​ទម្លាប់​ថ្មី​មួយ​ដែល​អាច​ធ្វើការ​ជាមួយគ្នា​ដោយ​ចុះសម្រុង​ផង​និង​ដោយ​មិន​ឲ្យ​ខាត​ប្រយោជន៍​គណបក្ស​ណាមួយ​ផង។ សូម​កុំភ្លេចថា ភាពចុះ​សម្រុង​នេះ​ក៏​ជា​កត្តា​សំខាន់​ណាស់​ក្នុងការ​ឈានទៅ​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​រវាង​គណបក្ស​ចាញ់ឆ្នោត​និង​គណបក្ស​ឈ្នះឆ្នោត។ ដើម្បី​ឈានដល់​គោលដៅ​នេះ ការពង្រឹង​ទំនុកចិត្ត​តាមរយៈ​ការពង្រីក​វប្បធម៌​នយោបាយ​ស្មោះត្រង់​និង​ទុកចិត្ត​គ្នា​គឺជា​បេស​សកម្ម​ទី១របស់​អ្នកនយោបាយ​ខ្មែរ។ រីឯ​ការកាត់បន្ថយ​វប្បធម៌​ស្អប់ខ្ពើម​និង​ចងគំនុំ​គ្នា​គឺជា​បេសកកម្ម​របស់​អ្នកគាំទ្រ​នយោបាយ។

ឥឡូវនេះ មេដឹកនាំ​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​ហាក់ដូចជា​ផ្តើម​ផ្តល់​តម្លៃ​ដល់​ការសន្ទនា​ហើយក៏​ហាក់ដូចជា​ស៊ាំ​នឹង​ជំនួប​ទល់មុខ​គ្នា​ជាបណ្តើរៗហើយ។ នៅឡើយ​តែ​អ្នកគាំទ្រ​នយោបាយ​ដែល​ហាក់​នៅតែ​រក្សា​ភាព​ដាច់​ណាត់​យ៉ាងខ្លាំង​ដដែល។ ក្នុង​បរិបទ​នេះ តើ«វប្បធម៌​សន្ទនា»អាចរ​ស់បាន​ដោយ​របៀប​ណា​បើ​ការប្រកួតប្រជែង​យក​ប្រជាប្រិយភាព​បាន​ឈានដល់​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ទៅហើយនោះ? តើ​នេះ​មិនមែនជា​ជម្រើស​ទ្វេ​គ្រោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ឬ?

សំណួរ​ទាំងនេះ​អាច​បញ្ជាក់បាន​ពី​ភាពផុយស្រួយ​នៃ«វប្បធម៌​សន្ទនា»នៅ​កម្ពុជា​ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អំណាច​ក្នុង​ទឹក​ផ្តាច់ព្រ័ត្រ​ដ៏​ស្រួចស្រាល់​បំផុត​សម្រាប់​ការបោះឆ្នោត​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ