អានតួអត្ថបទ
កម្ពុជា

កូន​របស់​លោក សុខ ​អាន​ នឹង​ក្លាយ​ជា​តំណាងរាស្ត្រ​ជំនួស​ លោក​ សូ ឃុន​

ព្រឹក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​កម្ពុជា​បានសម្រេច​ទទួលយក​បេក្ខភាព​របស់លោក សុខ សូកាន ដែលជា​កូនលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យធ្វើជា​តំណាងរាស្ត្រ​ជំនួស​លោក សូ ឃុន តាម​សំណើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហើយ។ ប៉ុន្តែ គេ​ត្រូវ​រងចាំ​រហូតដល់​មានការ​អនុម័ត​ពី​កិច្ចប្រជុំ​សភាពេញអង្គ និង​ការធ្វើ​សច្ចាប្រណិធាន​សិន​ទើប លោក សុខ សូកាន អាច​ក្លាយជា​តំណាងរាស្ត្រ​ពេញសិទ្ធិ​បាន។

លោក សុខ​ សូកាន
លោក សុខ​ សូកាន រូបភាពពីទំពរ័facebook លោក សុខ សូកាន
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ បានសម្រេច​តាម​សំណើ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​បេក្ខភាព​លោក សុខ សូ​កាន ឱ្យធ្វើជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​នៃ​គណៈកម្មាការ​ទី៩នៃ​រដ្ឋសភា​កម្ពុជា ជំនួស​លោក សូ ឃុន ដែល​ទើបបាន​ទទួលមរណភាព។

លោក ឈាង វុន អ្នកតំណាងរាស្ត្រ និង​អ្នកនាំពាក្យ​ឱ្យ​រដ្ឋសភា​កម្ពុជា បញ្ជាក់៖ «យើង​សម្រេច​រួចហើយ។ យើង​ត្រូវ​ដាក់ចូល​ទៅសុំ​ការអនុម័ត​របស់​សភា​ពេញអង្គ​ពេលដែល​មាន​កិច្ចប្រជុំ​សភាពេញអង្គ ណាមួយ»

កើត​ឆ្នាំ១៩៨៣ លោក សុខ សូកាន ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី៨របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​តាកែវ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី៣ នីតិកាល​ទី៥ បាន​បិទ​តាំងពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤មក។ ប្រសិនបើ​គ្មានអ្វី​ជា​ឧបសគ្គ​ទេ សម័យប្រជុំ​រដ្ឋសភា​លើក​ក្រោយ​នឹង​ប្រកាស​សុពលភាព​របស់លោក សុខ សូកាន ថា​ជា​អ្នកតំណាងរាស្ត្រ​ក្មេង​ជាងគេ​បំផុត​របស់​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ