អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​​សន្ទនា​ ជា​មោទនភាព​​របស់​​អ្នក​​នយោបាយ​ តែ​​អ្នក​​គាំទ្រ​​មិន​​សូវ​​ទុក​​ចិត្ត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វប្បធម៌​​សន្ទនា​ ត្រូវ​​បាន​​អ្នក​​នយោបាយ​​កម្ពុជា​​រំលឹក​​ឡើង​​វិញ​ ជា​​​​រឿយ​ៗ​ នា​​ពេល​​កន្លង​​មក​​នេះ​​។ ក្នុង​​នោះ​ មេ​​ដឹក​​នាំ​​គណបក្ស​​ជាប់​​ឆ្នោត​​ទាំង​​ពីរ​ សុទ្ធ​​តែ​​បាន​​បង្ហាញ​​ពី​​មោទនភាព​​របស់​ខ្លួន​ចំពោះ​​វប្បធម៌​​សន្ទនា​​ និង​​បាន​​អះអាង​​ថា​ តាម​​រយៈ​​វប្បធម៌​សន្ទនា​​នេះ​ ស្ថានការណ៍​​នយោបាយ​​នៅ​​កម្ពុជា​​នឹង​​មាន​​លក្ខណៈ​​ល្អ​​ប្រសើរ​​ឡើង​ជាង​​មុន​​​ថែម​​ទៀត​​ផង​។ នៅ​​ពី​​ក្រោយ​​មោទនភាព​ អ្នក​​គាំទ្រ​​គណបក្ស​ន​យោបាយ​ ហាក់​​ដូច​​ជា​​មិន​​សូវ​​ទុក​​ចិត្ត​​វប្បធម៌​​សន្ទនា​​នេះ​​ប៉ុន្មាន​ទេ​។​

លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូលនាពេលកន្លងមក។
លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូលនាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០១៥​នេះ តាម​រយៈ​ការ​ចរចា​សន្ទនា​គ្នា​រវាង​ក្រុម​ការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជា​បន្ត​បន្ទាប់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ថ្មី​មួយ​បាន​ប្រសូត្រ​ឡើង​។ ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤ ក៏​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​ផង​ដែរ​។

លទ្ធផល​អស់​ទាំង​នេះ​ត្រូវ​បាន លោក សម រង្ស៊ី ប្រមុខ​បក្ស​ជំទាស់ គូស​បញ្ជាក់​ថា បាន​មក​ពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែក​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច ក៏​បានរំលឹក​ពី​វប្បធម៌​សន្ទនា​នេះ​ដែរ​។ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពី​ខេត្ត​សៀមរាប លោកនាយករដ្ឋ​មន្ដ្រី​ ហ៊ុន សែន បាន​ប្រកាសថា វប្បធម៌​សន្ទនា​ដែល​លោក​និង​លោក​សម រង្ស៊ី ជា​សហ​ស្ថាបនិក គឺ​មិនមែន​សម្រាប់​តែមួយ​ជំនាន់​របស់លោក​នោះទេ គឺ​សម្រាប់​ជន​ជំនាន់​ក្រោយ និង ជំនាន់កូនៗរបស់លោក​បន្ថែមទៀត។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ បង្ហាញ​ពី​បំណង​របស់​ខ្លួន ដែល​ចង់ឲ្យ​ប្រជាពលរដ្ឋ​និង​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា ប្រកាន់យក​វប្បធម៌​សន្ទនា។

វប្បធម៌​សន្ទនា​ដែល​បាន​សាប​ព្រួស​នៅ​ក្រោយ​កិច្ច​ព្រម​ព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤ ឥឡូវ​នេះ​ហាក់​ដូច​ជា​កំពុង​តែ​ចេញ​ផ្លែ​ផ្កា​គួរ​ជា​ទី​ពេញ​ចិត្ត​ សម្រាប់​អ្នក​នយោបាយ​នៅ​កម្ពុជា​។ ក៏​ប៉ុន្តែ នៅ​ពី​ក្រោយ​មោទនភាព​របស់​អ្នក​នយោបាយ​ទាំង​នេះ អ្នក​គាំទ្រ​គណបក្ស​នយោបាយ ដោយ​ចំពោះ​អ្នក​គាំទ្រ​គណបក្ស​ជំទាស់ ហាក់​ដូច​ជា​មិន​សូវ​ពេញ​ចិត្ត និង​ទុក​ចិត្ត​វប្បធម៌​សន្ទនា​នេះ​ប៉ុន្មាន​ទេ​។

ជា​ដំបូង និយាយ​ពី​ក្រុម​អ្នក​គាំទ្រ​ដែល​មិន​សូវ​ពេញ​ចិត្ត​។ មិន​ពេញ​ចិត្ត ព្រោះ​​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ទន់​ភ្លន់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ផ្ទុយ​ពី​អ្វី​ដែល​គណបក្ស​ធ្លាប់​បាន​ធ្វើ​នៅ​ក្រោយ​​ការ​បោះ​ឆ្នោត​ភ្លាម​ៗ​​។ កាល​ណោះ គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ពី​ជំហរឹង​ដូច​​ដុំ​ថ្ម បដិសេធដាច់​ខាត​​លទ្ធផល​បោះ​ឆ្នោត​ដោយ​អះអាង​ថា គ.ជ.ប គ្មាន​អព្យាក្រឹត្យ​ភាព និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​។ យ៉ាង​ណា​ក៏​ដោយ ជំហ​ដ៏​រឹង​មាំ​នោះ​​ប្រែ​ក្លាយ​ជា​ទន់ទៅ​វិញ នៅ​ពេល​មាន​ការ​ចរចា​បែង​ចែក​អំណាច​នៅ​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៤​។

រហូត​មក​ទល់​ពេល​នេះ ការ​ចរចា​សន្ទនា​បែប​ទន់​ភ្លន់​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ទាំង​ពីរ​នៅ​តែ​បន្ត បើ​ទោះ​បី​ជា​មាន​ភាព​រកាំ​រកូស​ខ្លះ ក្នុង​អំឡុង​ពេល​៩​ខែ​កន្លង​ទៅ​នេះ​ក៏​ដោយ​។ គណបក្ស​ទាំង​ពីរ សុទ្ធ​តែ​បង្ហាញការ​សាទរ ចំពោះ​វប្បធម៌​សន្ទនា​នេះ​។ ប៉ុន្តែ​អ្នក​គាំទ្រ​​បក្ស​ប្រឆាំង​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ទេ​។ ពួក​គេ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​រឹង​មាំ​ដូច​កាល​ពី​មុន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ទាមទារ​របស់​ខ្លួន​។

ផ្ទុយ​ពី​​ការ​មិន​ពេញ​ចិត្ត​នេះ អ្នក​គាំទ្រ​បក្ស​ជំទាស់​មួយ​ចំនួន​ទៀត បាន​បង្ហាញ​ពី​ការ​គាំទ្រ​វប្បធម៌​សន្ទនា​។ ប៉ុន្តែ​ការ​គាំទ្រ​នេះ កើត​ឡើង​ទន្ទឹម​គ្នា​នឹង​ភាព​មិន​ទុក​ចិត្ត​។ ទី​១ មិន​ទុក​ចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាច​ថា​គណបក្ស​នេះ ចរចា​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​តែ​ផល​ប្រយោជន៍​ខ្លួន​និង​បក្ស​ពួក​។ និង​ទី​២ មិន​ទុក​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​ថា គណបក្ស​នេះ ​ប្រើ​ល្បិច​ដើរ​ខ្សែ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​។

ប៉ុន្តែ បើ​ទោះ​ជា​មិន​ពេញ​ចិត្ត​ក៏​ដោយ ពេញ​ចិត្ត​ក៏​ដោយ អ្នកទាំង​អស់​នេះ​សុទ្ធ​តែ​ទទួល​ស្គាល់​ថា វប្បធម៌​សន្ទនា គឺ​ជា​វិធី​ដោះ​ស្រាយ​បញ្ហា​ដ៏​ល្អ​បំផុត​។ ជា​ការ​ពិត ការ​សន្ទនា​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ដែល​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​របស់​ជាតិ​។ ថ្វី​ត្បិត​តែ​វប្បធម៌​សន្ទនា​​ហាក់​ដូច​ជា​រីក​ចម្រើន​ទៅ​មុខ​បន្តិច​ក្ដី ក៏​ប៉ុន្តែ​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​អ្នក​នយោបាយ​នៅ​តែ​មាន​។ កន្លង​មក នៅ​​ក្នុង​អំឡុង​ពេល​ចរចា ជំនួប​ប្រជុំ​រវាង​អ្នក​នយោបាយ កើត​ឡើង​ទន្ទឹម​នឹង​ការ​គម្រាម​ចាប់​ដាក់​គុក​។ សកម្មភាព​អស់​ទាំង​នេះ​ធ្វើ​ឲ្យ​អត្ថន័យ​នៃ​វប្បធម៌​សន្ទនា បាត់​បង់​អស់​មួយ​ផ្នែក​ធំ​។

សរុប​មក​វិញ វប្បធម៌​សន្ទនា​នៅ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ប៉ុន្តែ​ជាមួយ​គ្នា​នោះ អ្នក​នយោបាយ​គួរ​តែ​រៀន​ធ្វើ​ការ​ជាមួយ​គ្នា​ប្រកប​ដោយ​ការ​គោរព​និង​ទុក​ចិត្ត​។ ព្រោះ​បើ​គ្មាន​ការ​ទុក​ចិត្ត​ទេ វប្បធម៌​សន្ទនា​នេះ នៅ​ទី​បំផុត នឹង​រលាយ​សាបសូន្យ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន​។ ដោយ​ឡែក​ចំពោះ​​អ្នក​គាំទ្រ​គណបក្ស​នយោបាយ ដែល​មិន​ពេញ​ចិត្ត ឬ​មិន​ទុក​ចិត្ត​វប្បធម៌​សន្ទនា​នេះ ថ្នាក់​ដឹក​នាំ​គណបក្ស​ចាំ​បាច់​ត្រូវពន្យល់​ឲ្យ​ច្បាស់​ពី​ការ​សម្រេច​ចិត្ត និង​ជំហ​របស់​ខ្លួន​។ ជា​ការ​ពិត ការងារ​នេះ​ជា​រឿង​ពិបាក ប៉ុន្តែ​មិន​មែន​មិន​អាច​ទៅ​រួច​សោះ​​នោះ​ទេ​។ វា​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ច្រើន​តែ​ប៉ុណ្ណោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ