អានតួអត្ថបទ
កម្ពុជា

ករណី​វាយ​តំណាង​រាស្ត្រ​៖ ក្រុម​មេធាវី​ការ​ពារក្តី​ ដាក់​ពាក្យ​បណ្តឹង​ទៅ​ឧទ្ធរណ៍​រួច​ហើយ ​

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​រួច​រាល់​ហើយ ​កាល​ពី​ថ្ងៃ​សុក្រ​ ក្រោយ​ពី​សាលា​ដំបូង​បាន​ចេញ​សាល​ក្រម​កាត់​ទោស​ឲ្យ​ជន​ល្មើស​៣នាក់​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ។​ ការ​សម្រេច​ប្តឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​នេះ ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​មិន​ពេញ​ចិត្ត​នឹង​សេច​ក្តី​សម្រេច​របស់​សាលា​ដំបូង​កាល​ខែ​​ឧសភា​​។ ​តាម​​គំរោង​​តំណាង​​រាស្ត្រ​​ទាំង​​ពីរ​​រូប​​អាច​​នឹង​​ប្តឹង​​ទៅ​​តុលាការ​អាមេរិក ​និង​តុលាការ​អន្តរ​ជាតិ​ផង​ដែរ​ ក្រោយ​ពី​តុលាការ​កម្ពុជា​កាត់​ទោស​រួច​រាល់​។ ​

តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ
តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ Um Saman
ផ្សាយពាណិជ្ជកម្ម

លោក​ ជួង ជូងី ជា​​តំណាង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​ញ៉យ ​ចំរើន​ និង​លោក ​គង់ ​សភា ​បាន​បញ្ជាក់​ថា​ការ​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​កាល​ពីថ្ងៃទី​២៧​ ខែ​ឧសភា ​កន្លង​ទៅ ​គឺ​មិន​ត្រឹម​ត្រូវ​ ដោយ​សារ​តែ​ការ​វាយ​តំណាង​រាស្ត្រ​គឺ​ជា​រឿង​ឧក្រិដ្​ឋ ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​ពីរ​រូប​ពិការ​។ ​លោក​បន្ថែម​ការ​សម្រេច​ឲ្យ​ជន​ល្មើស ​សង​ជំងឺ​ចិត្ត​ និង​ដាក់​ទោស​១ឆ្នាំ​គឺ​មិន​សម​ទៅ​នឹង​អំពើ ​ដែល​ជន​ល្មើស​បាន​ប្រ​ព្រឹត្ត​ទេ។​ ​
 

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​រួច​រាល់​ហើយ ​កាល​ពី​ថ្ងៃ​សុក្រ​ ទី១៧​ មិថុនា។ ​នេះ​បើ​តាម​លោក​ជួង ​ជូងី​។ ​លោក​បន្ថែម​ថា ​ក្រុម​មេធាវី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ ក្រៅ​ពី​ការ​ដាក់​ប្តឹង​ទៅ​ឧទ្ធរណ៍​ទេ ​ជុំវិញ​ការ​រក​យុត្តិធម៌​ឲ្យ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ។​ លោក​មេធាវី​បាន​លើក​ឡើង​ថា ​កូន​ក្តី​របស់​លោក​ទាមទារ​សំណង​ម្នាក់​១០០​លាន​រៀល ​និង​ឲ្យ​តុលាការ​ដាក់​ទោស​តាម​កម្រិត​មួយ​ឲ្យ​សម​ទៅ​នឹង​កំហុស។​
 

នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​ខែ​ឧសភា​ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស ​ជន​ជាប់​ចោទ​៣នាក់​ពាក់​ព័ន្ធ​នឹង​ករណី​វាយ​តំណាង​រាស្ត្រ​គណបក្ស​ង្រ្គោះ​ជាតិ​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៤ឆ្នាំ។​ ក៏​ប៉ុន្តែ​ទោស​នេះ ​ត្រូវ​អនុវត្ត​រយៈពេល​១ឆ្នាំ​ និង​សង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ម្នាក់ៗ​៤០​លាន​រៀល ​តាម​មាត្រា​២១៨ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​។ ​

លោក​ គង់​ សភា​ កាល​ពី​ថ្ងៃទី៣០​ ខែ​ឧសភា ​បាន​ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា ​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង ​មាន​ភាព​អយុត្តិ​ធម៌ សម្រាប់​ពួកលោក​ ហើយ​ពួក​លោក​មិន​គិត​ពី​សំណង​ទេ ​តែ​គិត​ពី​ស្ថាន​ទំងន់​ទោស​ ដែល​តុលាការ​បាន​ដាក់​លើ​ជន​ល្មើស​ទាំង​៣រូប។​ លោក​បន្ថែម​ថា ​“តុលាការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ទំងន់​ទោស​នោះទេ​ ហើយ​មិន​បាន​ស្វែង​រក​ជន​សង្ស័យ​ផ្សេង​ទៀត​ទេ។​ ដូច្នេះ​លោក​មិន​អាច​ទទួល​យក​បាន​ទេ ​ចំពោះ​សាល​ក្រម​របស់​សាលា​ដំបូង​”។​

គួរ​រំលឹក​ជូន​ថា ​លោក ​គង់ ​សភា ​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង ​និង​លោក ​ញ៉យ ​ចំរើន​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម ​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​បាតុ​កម្ម​ទំលាក់​លោក ​កឹម ​សុខា ​ពីតំ​ណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋ​សភា ​កាល​ពី​ថ្ងៃទី២៦​ខែ​តុលា​ឆ្នាំ​២០១៥។​ កាល​ណោះ ​លោក​ គង់​ សភា​ បាន​រង​របួស​បាក់​ឆ្អឹង​ខ្ទង់​ច្រមុះ ​និង​រហែក​ក្រដាស​ត្រចៀក​ ដែល​ត្រូវ​តែវះ​កាត់​ជា​ប​ន្ទាន់​។ ចំណែក​ឯ​លោក ​ញ៉យ ​ចំរើន​ បាន​រង​របួស ​បាក់​ឆ្អឹង​កដៃ​ខាង​ស្ដាំ ​និង​បាក់​ឆ្អឹង​រង្វង់​ភ្នែក​ខាង​ស្ដាំ ​ដែល​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់​ដូចគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ