អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាមេរិក​អំពាវនាវ​ឲ្យ​ការ​បោះឆ្នោត​ថ្នាក់​មូល​ដ្ឋាន​នៅ​​កម្ពុជា ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និង​គ្មាន​ការ​គំរាម​កំហែង​

ក្រសួង​​ការ​បរទេស​​អា​មេ​រិ​ក ​បាន​​អំពាវនាវ​​ឲ្យ​​ការ​បោះឆ្នោត​​ជ្រើសរើស​​ក្រុម​ប្រឹក្សា ​ឃុំ​​​-​​សង្កាត់ ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​ប្រព្រឹត្ត​​ទៅ​ដោយ​​សេរី ​និង​​ជៀសវាង​​ការ​គំរាម​កំហែង ​ឬ​​ការ​​បំភិត​បំភ័យ​។ ​ការ​អំពាវនាវ​​នេះ ​បាន​ធ្វើ​​ឡើង ​កាល​ពី​​ថ្ងៃ​ទី​១៩ ​ឧសភា ​ពោល​គឺ​​នៅ​មុន​​មួយ​​ថ្ងៃ ​​ដែល​​គណបក្ស​​ចំនួន​១២​នៅ​​កម្ពុជា ​បាន​ចាប់​ផ្តើម​​បើក​​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​​ជា​​​ផ្លូវ​ការ ​​កាល​ពី​​ថ្ងៃទី ​២០ ​ឧសភា​។

ការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១២។
ការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១២។ @RFI
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​មិនទាន់មាន​ការកត់សំគាល់​ពី​អំពើហិង្សា នៅ​ថ្ងៃទី១នៃ​ការឃោសនាបោះឆ្នោត​ដែល​ផ្តើមធ្វើ​កាលពី​ថ្ងៃទី២០ឧសភា​ម្សិលមិញ​នេះ​ក្តី តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Alicia Edwards បាន​អំពាវនាវ​សុំ​ឲ្យ​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើឡើង​ដោយ​សេរី នឹង​ជៀស​ផុតពី​ការគំរាមកំហែង និង​ការបំភិតបំភ័យ​ជាដើម។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដែល​ទទួលបន្ទុក​ខាង​កិច្ចការ​អាស៊ី (East Asia) លោកស្រី Alicia Edwards បាន​ថ្លែង​កាលពី​ថ្ងៃទី ១៩ ឧសភា​ថា សហរដ្ឋអាមេរិក​សូម​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​នូវ​លំហរ​នៃ​សេរីភាព ជៀស​ផុតពី​ការគំរាមកំហែង ឬ​ការបំភិតបំភ័យ ហើយ​ត្រូវតែ​គោរព​នូវ​សិទ្ធិសេរីភាព និង​ឆន្ទៈ​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់ៗរូប។

 
អ្វី​ជាការ​កត់សំគាល់ ការអំពាវនាវ​នេះ បានធ្វើ​ឡើង​នៅ​មួយថ្ងៃ​មុន ដែល​គណបក្សនយោបាយ​ចំនួន១២នៅ​កម្ពុជា បាន​ផ្តើម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជា​លើកដំបូង កាលពី​ថ្ងៃទី ២០ ឧសភា និង​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់អំណាច​ជាង៣ទស្សវត្ស​ន៍​នៅ​កម្ពុជា​នោះ បាន​ព្រមាន​ពី​ការកើតឡើង​នូវ​សង្គ្រាមស៊ីវិល ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ចាញ់ឆ្នោត។ បន្ថែម​លើ​នេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​លោក ទៀ បាញ់ ក៏បាន​ព្រមាន​វាយបំបាក់​ធ្មេញ អ្នក​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង នឹង​លទ្ធផល​បោះឆ្នោត​ថែម​ទៀតផង។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការអំពាវនាវ​របស់​ក្រសួងការបរទេស​អាមេរិក។ លោក​បានចាត់ទុក​ការ​អំពាវ​នាវ​​នេះ​​ថា ​គឺ​ស្របទៅនឹង​ការចង់បាន​របស់​រដ្ឋា​ភិ​បាល​និង​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការធានា​នូវ​ការរៀបចំ​ការបោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌។
ចំណែក​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​ស្វាគមន៍​ចំពោះ​ការ​អំពាវ​នាវ​របស់​ក្រសួងការបរទេស​អាមេរិក​ផងដែរ។ លោក​បាន​លើកឡើងថា ការព្រួយបារម្ភ​របស់​ប្រទេស​ជា​មិត្ត គឺ​មិន​ចង់​ឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​ដូច​អតីតកាល​ទៀត​នោះទេ។

សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ ​បានចាប់ផ្តើម​ពីថ្ងៃ​ទី២០ឧសភា ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ០២ មិថុនា ហើយ​ការ​បោះ​ឆ្នោត​​នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី៤ មិថុនា ដោយមាន​គណបក្សនយោបាយ​ចំនួន​១២​ចូល​រួម​។ ​ប៉ុន្តែ​ក្នុងចំណោម​នេះ មានតែ​គណបក្សនយោបាយធំៗចំនួន២ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានដាក់​បេក្ខភាព​ប្រកួតប្រជែង​ស្មើគ្នា​ជា​លើកដំបូង ចាប់តាំងពី​មានការ​បោះឆ្នោត​ឃុំ​សង្កាត់​លើក​ទី១ កាលពី​ឆ្នាំ២០០២មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ