អានតួអត្ថបទ
កម្ពុជា

ការ​លើកលែង​ទោស​ទណ្ឌិត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ត្រូវ​បាន​លើក​ពេល​

មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​យុត្តិធម៌​​បាន​​ឲ្យ​​ដឹង​ថា ​នៅ​ក្នុង​​ឱកាស​​នៃ​​ពិធី​បុណ្យ​​ចូល​ឆ្នាំថ្មី​​ប្រពៃ​ណី​ជា​តិ​​ខ្មែរ​​នេះ ​នឹង​មិន​​មាន​ការ​​លើក​​លែង​​ទោស ​និង​​ការ​​បន្ធូ​​បន្ថយ​ទោស​​សម្រាប់​​ទណ្ឌិត​​នោះ​ទេ​ ដោយ​លើក​ពេល​ទៅ​ធ្វើ​​​នៅ​ក្នុង​​ឱកាស​​នៃ​​ពិធី​បុណ្យ​​ពិសាខ​បូជា​​ខាង​មុខនេះ​​វិញ​។ ​សូម​បញ្ជាក់​ថា ​ជា​​ប្បវេណី ​កម្ពុជា​​តែង​តែ​​ធ្វើ​​ពិធី​​លើក​លែង​ទោស ​ឬ​​បន្ធូ​បន្ថយ​ទោស​​ដល់​​ទណ្ឌិត​៣​ដង​​ក្នុង​​មួយ​ឆ្នាំ។​

អ្នក​ទោស​ស្ត្រី​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​កាល​ពីថ្ងៃ​ទី ​៨ មីនា ឆ្នាំ ២០១៥។
អ្នក​ទោស​ស្ត្រី​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​កាល​ពីថ្ងៃ​ទី ​៨ មីនា ឆ្នាំ ២០១៥។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​លើកលែង​ទោស ​ឬ​​បន្ធូ​បន្ថយទោស​​ទណ្ឌិត​​នៅ​ក្នុង​​ឱកាស​​នៃ​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​ណី​​ជាតិ​​​ខ្មែរ​​នេះ ​នឹង​​មិនមាន​​នោះ​ទេ ​តែ​​សំណើរ​​នេះ​​នឹង​​យក​ទៅ​​ពិនិត្យ​​សម្រេច​​នៅ​ក្នុង​​ឱកាស​​នៃ​​ពិធី​បុណ្យ​​ពិសាខ​បូជា​​ខាង​មុខ​នេះ​​វិញ​។ ​នេះ​​បើ​​យោង​តាម​​អ្នក​នាំ​ពាក្យ​​ក្រសួង​យុត្តិធម៌​​កម្ពុជា​​លោក ជីន ម៉ា​លីន។​

 
លោក​ ជីន ម៉ា​លីន ​បាន​​លើក​​ហេតុ​ផល​​ថា ​គណៈកម្មការ​​ថ្នាក់​ជាតិ ​មិន​មាន​​ពេល​វេលា​​គ្រប់​គ្រាន់​​ក្នុង​ការ​​ពិនិត្យ​​ទៅលើ​​ឯកសារ​​រឺ​​បញ្ជី​​ឈ្មោះ​​របស់​​ទណ្ឌិត​​ដែល​​ត្រូវ​បាន​​បញ្ជូន​​មក​ពី​​ថ្នាក់​ខេត្ត​​នោះទេ​។ ​ដោយ​ឡែក ​នៅ​ក្នុង​​សេចក្តី​ជូន​ដំណឹង​​របស់​​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌ ​លោក ​អង្គ វង្ស​វ​ឌ្ឍ​នា​ កាល​ពី​​ថ្ងៃទី៧មេសា បាន​លើកឡើងថា ក្នុងចំណោម​របាយការណ៍​ស្នើសុំ​បន្ធូ​បន្ថយ​​ទោស និង​​លើក​លែង​ទោស​​របស់​​គណៈ​កម្ម​ការ​ថ្នាក់​រាជធានី-ខេត្ត ចំនួន១២ ពុំទាន់​អនុវត្ត​​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ និង​ការរៀបចំ​ឯកសារ​មិនបាន​ត្រឹមត្រូវ​ទៅតាម​គោល​ការណ៍ និង​ទម្រង់​​លក្ខខណ្ឌ​​ដែល​មាន​​ចែ​ង​​ក្នុង​បទបញ្ញត្តិ​​ច្បាប់​​ជា​ធរមាន​​នៅ​ឡើយ​​ទេ ​ខណៈ​សំណុំ​​ឯកសារ​​របស់​ទណ្ឌិត​មួយចំនួន​នៅ​ខ្វះ​ព័ត៌មាន​ជាច្រើន។

ត្បិត​​មាន​​មូលហេតុ​​យ៉ាង​នេះ​​ក្តី ​ការ​លើក​លែង​ទោស​ និង​​ការ​បន្ធូ​បន្ថយទោស​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ នឹង​ទៅធ្វើ​រួមគ្នា​នៅក្នុង​ពិធីបុណ្យ​ពិសាខបូជា ដែលជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​របស់​កម្ពុជា ត្រូវ​នឹង​ថ្ងៃទី២០ខែឧសភា​ខាងមុខនេះ​វិញ។

ជា​ប្បវេណី ព្រះមហាក្សត្រ​កម្ពុជា​តែងតែ​ធ្វើ​ពិធី​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ទៅ​ដល់​​ទណ្ឌិត​ក្នុងមួយឆ្នាំៗ ចំនួន៣ដង គឺ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ម្តង, បុណ្យ​វិសាខ​បូជា​ម្តង​ និង​​ពិធីបុណ្យ​អុំទូក​ម្តងទៀត។ ទណ្ឌិត​ដែល​គួរ​ទទួលបាន​ការលើក​លែង​ទោស ជា​ទណ្ឌិត​​​ដែល​​បាន​អនុវត្ត​ទោស២ភាគ៣នៃ​ទោស​សរុប និង​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​១​ភាគ​​៣​នៃ​ទោស​សរុប អាច​ទទួលបាន​ការបន្ធូរបន្ថយ​ទោស ប្រសិនបើ​ពួកគេ​ត្រូវបាន​គេ​រក​ឃើញ​ថា​ បាន​កែខ្លួន​នៅក្នុង​អំឡុងពេល​នៃ​ការជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។

សូម​បញ្ជាក់​ថា ​កម្ពុ​ជាមាន​ពន្ធនាគារ​ទាំងអស់​ចំនួន២៧កន្លែង​នៅ​ទូទាំងប្រទេស និង​មាន​អ្នកទោស​សរុប​ជាង១ម៉ឺន៨ពាន់​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ