អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក យឹម សុវណ្ណ​៖ ​គណៈកម្មការ​ជំនាញ​ទាំង១០​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​មែន​ជា​“រដ្ឋាភិបាល​ស្រមោល”​

ពីរ​​ថ្ងៃ​​ក្រោយ​ពី​​ការ​ប្រកាស​​របស់​លោក ​សុន ឆ័យ​​ថា ​ការ​បង្កើត​ឡើង​​នូវ​​គណៈកម្មការ​​ជំនាញ​​​ចំនួន​១០​របស់​​គណបក្ស​ប្រឆាំង ​ប្រៀប​ដូចជា​​រដ្ឋាភិបាល​​ស្រមោល ​ឬ ​(Shadow Cabinet ) ​នោះ ​នៅថ្ងៃ​នេះ​​លោក ​យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​​ស​ង្ក្រោះ​​ជាតិ ​ចេញ​​មក​​​ច្រាន​ចោល​​ថា ​មិន​​មែន​ជា​“រដ្ឋាភិបាល​​ស្រមោល​” ​នោះ​ទេ​។ ​បើ​តាម​​ការ​បញ្ជាក់​​ពី​​លោក ​យឹម​ សុវណ្ណ ​គណៈកម្មការ​​ជំនាញ​រ​បស់​​គណបក្ស​ គឺ​​គ្រាន់​តែ​​ជា​​រចនាសម្ព័ន្ធ​​ផ្ទៃ​ក្នុង​​របស់​​គណបក្ស​​​ដែល​​បង្កើត​ឡើង​​ដើម្បី​​ស្រាវ​ជ្រាវ​​ទៅ​លើ​​​វិស័យ​​នានា ​ហើយ​​ផ្តល់​យោបល់​​ទៅ​​ថ្នាក់​ដឹក​នាំ​​គណបក្ស​​ប៉ុណ្ណោះ​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃទី៥វិច្ឆិកា ២០១៣។
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃទី៥វិច្ឆិកា ២០១៣។ @RFI
ផ្សាយពាណិជ្ជកម្ម

ទំនងជា​ដើម្បី​គេច​ចេញពី​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការប្រើ​ពាក្យ​ថា “​រដ្ឋា​ភិ​បាល​​​ស្រមោល”នោះ នៅថ្ងៃនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​​មុខ​មក​បញ្ជាក់​ជាថ្មី​ថា ការបង្កើតឡើង​នូវ​គណៈកម្មការ​ជំនាញ​ទាំង១០ របស់​គណបក្ស​សង្គ្រោះ​​ជាតិ កាលពី​ថ្ងៃទី៩សីហា​នោះ មិនមែនជា “រដ្ឋាភិបាល​ស្រមោល” នោះទេ។​

 
លោក យឹម សុវណ្ណ បានបញ្ជាក់ច្បាស់ៗនៅក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​របស់​គណបក្ស​ប្រឆាំង​​នៅ​ថ្ងៃនេះ​ថា ការបង្កើតឡើង​នូវ​គណៈកម្មការ​ជំនាញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ជា​រចនា​សម្ព័ន្ធ​​ផ្ទៃ​ក្នុង​​របស់​គណបក្ស​និង​នៅក្នុង​ជួរ​គណៈកម្មាធិការ​នាយ​ក ឬ​ក្រុម​សមា​ជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ។ ជា​រចនាសម្ព័ន្ធ ដែល​គណបក្ស​បង្កើត​ឡើង​ដើម្បី​ប្រមូល​ធនធានមនុស្ស ឬ​អ្នកជំនាញ​ទៅតាម​វិស័យ​នានា​ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​តាមដាន​ទៅលើ​វិស័យ​របស់ខ្លួនហើយ​ផ្តល់យោបល់​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស និង​គណៈកម្មការ​ជំនាញ​ដែល​ខ្លួន​បាន​កាន់កាប់​នៅក្នុង​រដ្ឋសភា​ចំនួន៥និង​អនុ​ប្រធាន​​​​ចំនួន៥ទៀត។ លោក យឹម សុវណ្ណ​បាន​បញ្ជាក់ថាវា​មិនមែនជា“រដ្ឋាភិបាល​ស្រ​មោល​”​ដើម្បី​​​ទៅ​តតាំង​ជាមួយ​រដ្ឋមន្ត្រីឬ​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នោះទេ។

គួរ​រំលឹក​ជូន​ថា នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី៩សីហា លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិបាន​ប្រៀប​គណៈកម្មការ​ជំនាញ​ចំនួន១០របស់​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើតឡើងទៅនឹង​គណៈរដ្ឋមន្ត្រី​ស្រមោល ឬ​រដ្ឋាភិបាល​ត្រៀម​​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត។
គណៈកម្មការ​ជំនាញ​ទាំង១០ដែល​ដូចគ្នា​នឹង​គណៈកម្មការ​ជំនាញ​នៅក្នុង​រដ្ឋសភា​នោះ​រួម​មាន ទី១.គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង ទី២.គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ទី៣.គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ទី៤.គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ ទី៥.​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ទី៦.​គណៈកម្មការ នីតិកម្ម និង​យុត្តិធម៌ ទី៧.គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ទី៨. គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ​សម្បទា ទី៩.គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧ​ហ​ស្សា​ហក​ម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ទី១០.គឺ​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ។ គណៈកម្មការនីមួយៗ មាន​ប្រធាន អនុប្រធាន និង​សមាជិក ដែល​មកពី​ក្រៅ​គណបក្សប្រឆាំង​ក៏ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូលរួម​ផងដែរ។

សូមបញ្ជាក់ថា ក្រៅពី​លោក យឹម សុវណ្ណ, លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិក៏បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​នៅថ្ងៃនេះ​ដែរ​ថា គណៈកម្មការ​ជំនាញ​ទាំងនេះ​មិនមែនជា“រដ្ឋាភិបាល​ស្រមោល”នោះទេ។ ប៉ុន្តែ​ទន្ទឹមគ្នានេះ លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធនធានមនុស្ស​ដោយ​បើកទូលាយ​ឲ្យ​មានការ​ចូល​រួម​​​ពី​​មជ្ឈដ្ឋាន​នានា និង​កសាង​សមត្ថភាព សម្រាប់​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ដឹកនាំ​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ