អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ បង្កើត​រដ្ឋាភិបាល​ស្រមោល​ត្រៀម​ខ្លួន​ទៅ​ដឹកនាំ​ប្រទេស ​ពេល​ឈ្នះ​ឆ្នោត​

គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី​៩​សីហា​ឆ្នាំ​២០១៦​នេះ បាន​ប្រកាស​ពី​ការ​បង្កើត​គណៈ​កម្ម​ការ​​​​ជំនាញ​ចំនួន​១០ នៃ​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ។ គណៈកម្មាការ​ជំនាញ​ទាំង​​១០​​នេះ គឺ​ដូចគ្នា​បេះបិទ ទៅ​នឹង​គណៈកម្មការ​ជំនាញ​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​ភារកិច្ច​ឃ្លាំ​​មើល និង​តាមដាន​សកម្មភាព​ការងារ​របស់​រដ្ឋាភិបាល​ទៅ​តាម​ជំនាញរ​បស់​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​​សំខាន់​ទៅ​ទៀត​នោះ គឺ​គណៈកម្មការ​ជំនាញ​នេះ​ហើយ ដែល​នឹង​ប្រែ​ខ្លួន​ទៅ​ជា​រដ្ឋា​ភិ​បាល​​​ស្រមោល ​ដើម្បី​ត្រៀម​ទៅ​គ្រប់គ្រងប្រ​ទេស នៅ​ពេល​ដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។

រូបថតចាស់៖ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
រូបថតចាស់៖ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ជំនាញ​ទាំង១០របស់​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើតឡើង​នៅថ្ងៃទី៩សីហា គឺ​ដូចគ្នា​​ទៅ​នឹង​​គណៈកម្មការ​ជំនាញ​ទាំង១០នៅក្នុង​រដ្ឋសភា​ដែរ។ ក្នុងនោះ​រួមមាន ទី១.​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ទី២.​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ទី៣.គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធានទឹក ទី៤.គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​​មុខងារ​សាធារណៈ ទី៥.គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ទី៦.គណៈកម្មការ នីតិកម្ម និង​យុត្តិធម៌ ទី៧.គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ​​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ទី៨. គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី ទី៩.​គណៈ​កម្មការ​​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧ​ហ​ស្សា​ហក​ម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ទី១០.គឺ​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើពុករលួយ។

គណៈកម្មការនីមួយៗ មាន​ប្រធាន អនុប្រធាន និង​សមាជិក ដែល​មកពី​ក្រៅ​គណបក្ស​ប្រឆាំង​​​ក៏ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូលរួម​ផងដែរ។ គណៈកម្មការ​នេះ​មាន​ភារកិច្ច ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ជំនាញ និង​វិស័យរៀងៗខ្លួន។ ប៉ុន្តែ​គណៈកម្មការ​ជំនាញ ដែល​លោក សុន ឆ័យ បាន​ហៅថា ជា​រដ្ឋាភិបាល​ស្រមោល​នោះ គឺជា​ការពង្រឹង​ធនធានមនុស្ស​របស់​គ​ណ​បក្ស​ប្រឆាំង ដើម្បី​ត្រៀមខ្លួន​ទៅ​ដឹកនាំ​រដ្ឋាភិបាល​នៅពេលដែល​គណបក្សប្រឆាំង​ឈ្នះឆ្នោត។
បើតាម​លោក សុន ឆ័យ គណៈកម្មការ​ជំនាញ​ទាំង១០របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រែ​ខ្លួន​​ទៅជា​គណៈរដ្ឋមន្ត្រី​ភ្លាម ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត។ ប៉ុន្តែ ប្រសិនបើ​គណបក្ស​​នេះ នៅតែ​បន្ត​ចាញ់ឆ្នោត​ទៀត​នោះ នោះ​គណកម្មកា​រទាំង១០នេះ នឹងត្រូវ​ដើរ​តួនាទី​​ជាទី​ប្រឹក្សា ដើម្បី​ផ្តល់យោបល់​ដល់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តាម​​វិស័យរៀងៗខ្លួន។

សូម​បញ្ជាក់ដែរថា ការប្រកាស​ពី​ការបង្កើតឡើង​នូវ​គណៈកម្មការ​ជំនាញ​នៃ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​លោក សុន ឆ័យ បាន​ហៅថា ជា​រដ្ឋាភិបាល​ស្រមោល​នៅថ្ងៃនេះ គឺ​បន្ទាប់ពី​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានបញ្ចប់​សិក្ខាសាលា​រយៈពេល២ថ្ងៃ ស្តីពី “នីតិវិធី​នៃ​ការតាក់តែង​ច្បាប់” ដែល​រៀបចំឡើង​ដោយ មូលនិធិខុនរ៉ាដ អា​ដិ​ន​ណូ​អ៊ែរ(​Konrad-Adenauer-Stiftung)​នៅឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ