អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​អំពាវ​នាវ​ឲ្យ​គណបក្ស​នយោបាយ​ចំនួន​២៣​ទៅ​ចុះ​បញ្ជី

 ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី២២កក្កដា​ឆ្នាំ២០១៦ បានចេញ​សេចក្តីជូនដំណឹង​ឲ្យ​បណ្តា​គណបក្សនយោបាយ​ដែល​ទើប​បង្កើត​ថ្មី ហើយ​មិនទាន់​ចុះបញ្ជី​ស្របតាម​ច្បាប់​នោះ ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ទៅ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​អាចធ្វើ​សកម្មភាព​បាន​ពេញលេញ​ទៅតាម​ច្បាប់​ដែល​បានកំណត់។ សូមបញ្ជាក់ថា រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​គណបក្សនយោបាយ​ចំនួន៦៧ តែមាន​គណបក្សនយោបាយ​តែ៤៤ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ។

ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប
ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​ផ្អែក​តាម​សេចក្តីជូនដំណឹង​នេះ ក្រសួងមហាផ្ទៃ​បាន​កត់សំគាល់ថា កន្លងមក​មាន​គណបក្ស​​នយោបាយ​មួយចំនួន​ដែល​បាន​សុំ​បង្កើត​ស្របតាម​ច្បាប់ ស្តីពី​គណបក្ស​នយោបាយ​​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព តែ​ពុំទាន់​បាន​ចុះបញ្ជី​នៅឡើយ។

សូមបញ្ជាក់ថា ផ្អែក​តាម​បទបញ្ញត្តិ​ក្នុង​មាត្រា៩ ត្រង់​វាក្យខណ្ឌ​ទី២ ជំពូក​ទី២ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ បាន​ចែងថា “គណបក្សនយោបាយ​ដែល​ទើប​ផ្តើម​បង្កើត ត្រូវធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ប​ណ្តោះ​អាសន្ន ដែលមាន​សមាជិក​យ៉ាងតិច៧រូប ហើយ​​ដែលម្នាក់ៗ មាន​អាយុ​យ៉ាងតិច២៥ឆ្នាំ សម្រាប់​រៀបចំ​បែបបទ​និង​បំពេញ​លក្ខខណ្ឌ​នៃ​ការសុំ​ចុះបញ្ជី​គណបក្សនយោបាយ តាម​ការកំណត់​ដូច​មានចែង​នៅក្នុង​ជំពូក​ទី៥ នៃ​ច្បាប់​នេះ។ នៅក្នុង​ជំពូក​ទី៥ ត្រង់​មាត្រា២០ នៃ​ច្បាប់​នេះ ក៏បាន​ចែង​ដែរ​ថា ដើម្បី​ទទួលបាន​ការ​ចុះបញ្ជី​គណបក្ស​ពេញលេញ ប្រធាន​គណបក្សនយោបាយ ត្រូវ​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​​ចុះបញ្ជី​គណបក្សនយោបាយ អមដោយ​ឈ្មោះ​និង​សញ្ញា​សម្គាល់​គណបក្ស, អាស័យដ្ឋាន​ទីស្នាក់​ការ​កណ្តាល​គណបក្ស និង​ឯកសារ​មួយចំនួនទៀត ពិសេស​គឺ​បញ្ជី​ឈ្មោះ​សមាជិក​ដែល​មាន​ស្នាម​មេដៃ​ចាប់ពី៤០០០នាក់​ឡើងទៅ។ ការចុះបញ្ជី​របស់​គណ​បក្ស គឺ​ដើម្បី​ងាយ​ស្រួល​ដល់​ការធ្វើសកម្មភាព​របស់​គណបក្សនយោបាយ ដូចជា ការលើក​ស្លាក​សញ្ញា​ទីស្នាក់​ការ​​សាខា​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ជាដើម។

          គួរ​បញ្ជាក់ថា ការអំពាវនាវ​នេះ ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​ត្រៀម​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ២០១៦ ចាប់ពី​ថ្ងៃទី១កញ្ញា ដល់​ថ្ងៃទី២៩វិច្ឆិកា ដើម្បី​ប្រើប្រាស់​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៤ នៅ​ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខ។

សូម​បញ្ជាក់ដែរថា រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​គណបក្សនយោបាយ​ចំនួន៦៧គណបក្ស តែ​ក្នុងនោះ មានតែ​គណបក្សនយោបាយ​ចំនួន៤៤ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ហើយ​គណបក្សនយោបាយ​ចំនួន២៣ទៀត នៅ​ពុំទាន់​បាន​ចុះបញ្ជី​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ