អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៧ គឺ​ជា​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤

នៅ​ទី​បំផុត​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​យក​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧ គឺ​ជា​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤។ នេះ​គឺ​ជា​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា ហើយ​ក៏​ទំនង​ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​ផង​ដែរ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា ឆ្នាំ​២០១៤។ ភ្លាម​ៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​អំពាវនាវ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះឆ្នោត​នេះ។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ទន្ទឹង​រង​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ នៅ​ទី​បំផុត​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​យក​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ឆ្នាំ​២០១៧​ខាង​មុខ គឺ​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៤។

យោង​តាម​សេចក្តី​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ​ចុះ​ថ្ងៃ​ទី​២៤​ ឧសភា​បាន​កំណត់​ថា រាល់​បទ​បញ្ញត្តិ​ទាំង​ឡាយ​ណា​ ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​សេចក្តី​សម្រេច​នេះ ត្រូវ​ទុក​ជា​និរាករណ៍។

គួរ​ជម្រាប​ជូន​ថា នេះ​គឺ​ជា​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា ដែល​ជា​ទូទៅ​ គេ​តែង​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ សប្តាហ៍​ទី​៤​ នៃ​ខែ​កក្កដា ពោល​គឺ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រង​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ធំ​ៗ​ពីរ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ ជា​កិច្ច​ព្រម​ព្រៀង​ ដែល​បាន​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នយោបាយ​រយៈ​ពេល​១​ឆ្នាំ​នៅ​កម្ពុជា រួម​ទាំង​ការ​ឈាន​ទៅ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី និង​ការ​កំណត់​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ផង​ដែរ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ស្វាគមន៍​ចំពោះ​ការ​កំណត់​កាល​បរិច្ឆេទ​ថ្មី​នេះ តែ​លោក​មិន​ចង់​រំលឹក​ឡើង​វិញ ពី​ការ​ទាមទារ​របស់​គណបក្ស​ដែល​ចង់​បាន​ការ​បោះឆ្នោត​មួយ ដែល​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ដូច​មុន​ទៀត​នោះ​ទេ តែ​លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ពេល​នេះ គណបក្ស​ចង់​បាន​ការ​ធានា​បរិយាកាស​នយោបាយ​ល្អ​មួយ នៅ​មុន​ការ​បោះឆ្នោត​នេះ​មក​ដល់។ តែ​នៅ​ភ្លាម​ៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ក៏​បាន​អំពាវនាវ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ដោយ​សុំ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះឆ្នោត​នេះ។

លោក ហង់ ពុទ្ធា អ្នក​នាំ​ពាក្យ​ និង​ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប បាន​ចាត់​ទុក​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្មី​នេះ​ថា គឺ​ជា​មូលដ្ឋាន​សម្រាប់ គ.ជ.ប ថ្មី​ក្នុង​ការ​រៀបចំ​ប្រតិទិន​ការងារ​របស់​ខ្លួន។ បើ​តាម​លោក ហង់ ពុទ្ធា គ.ជ.ប នឹង​ចាប់​ផ្តើម​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ខែ​កញ្ញា រហូត​ដល់​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ។ ការ​ចុះ​ឈ្មោះ​ដែល​មាន​រយៈ​ពេល​៣​ខែ​នេះ​ នឹង​ចំណាយ​ថវិកា​ជាង​២៣​លាន​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ឆ្នាំ២០១៧​ ខាង​មុខ​នេះ គឺ​ជា​ការ​បោះឆ្នោត​ឃុំ​លើក​ទី​៤ នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ហើយ​បើ​តាម​អ្នក​វិភាគ ការ​បោះឆ្នោត​ឃុំ​សង្កាត់​លើក​នេះ នឹង​ក្លាយ​ជា​វិញ្ញាសា​ដ៏​សំខាន់​មួយ ​ដើម្បី​កំណត់​ជ័យ​ជំនះ​របស់​គណបក្ស​នយោបាយ​ធំ​ៗ​ពីរ​នៅ​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ឆ្នាំ​២០១៨​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ