អានតួអត្ថបទ
កម្ពុជា-ច្បាប់

ពលរដ្ឋខ្មែរ​ឥស្លាម​ផ្តើម​យុទ្ធនាការ​១០០​លាន​រៀល ​ជួយ​ដល់​មេដឹកនាំ​ឥស្លាម​ដែល​ចាញ់​ក្តី​

មួយ​ថ្ងៃ​​ក្រោយ​ពី​​តុលាការ​​ទីក្រុង​​ភ្នំពេញ ​បាន​​កាត់​ក្តី​​ឲ្យ​​មេដឹកនាំ​​សហគមន៍​​ខ្មែរ​ឥស្លាម​​មួយ​​រូប ​គឺ​​លោក ​អ៉ះ​ម៉ាត់ ​យ៉ះ​យ៉ា ​ចាញ់​ក្តី​​ដោយ​​ផ្តល់​​សំណង​​ជម្ងឺ​​ចិត្ត​១០០​លាន​​រៀល​​ទៅ​​ឲ្យ​​លោក ​អូស្មាន ​ហាស្សាន់ ​រដ្ឋលេខាធិការ​​ក្រសួង​​ការងារ​​មក ​មាន​ការ​​លេច​ចេញ​​នូវ​​យុទ្ធ​នា​ការ​​​មួយ​​ដែល​​គេ​​ឲ្យ​​ឈ្មោះ​ថា​ “យុទ្ធនាការ​១០០​លាន​​រៀល"​ ​ ​ ជា​​យុទ្ធនាការ​​ដើម្បី​រៃ​អង្គាស់​ប្រាក់​​ឲ្យ​​បាន​១០០​លាន​​រៀល​ដើម្បី​​សង​​ជំនួស ​លោក ​អះ​ម៉ាត់​ យ៉ះ​យ៉ា ​ដែល​​ពួក​គេ​​​យល់ថា​ ជា​​បុគ្គល​​ដែល​​បាន​​ការពារ​​ផលប្រយោជន៍​រួម។

យុទ្ធនាការ​១០០​លាន​រៀល​ដើម្បី​គាំទ្រ​ដល់​លោក អ៉ះម៉ាត់ យ៉ះយ៉ា​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​(Facebook)​ ​កាល​ពី​យប់​ថ្ងៃ​ទី ១៥ ​សីហា​​ ឆ្នាំ២០១៦​។​
យុទ្ធនាការ​១០០​លាន​រៀល​ដើម្បី​គាំទ្រ​ដល់​លោក អ៉ះម៉ាត់ យ៉ះយ៉ា​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​(Facebook)​ ​កាល​ពី​យប់​ថ្ងៃ​ទី ១៥ ​សីហា​​ ឆ្នាំ២០១៦​។​ @Faceboook
ផ្សាយពាណិជ្ជកម្ម

គឺជា​យុទ្ធនាការ​មួយ ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា រដ្ឋលេខាធិការ​ក្រ​សួង​​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទាដែល​ទើបតែ​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កាត់​​ក្តី​​ឲ្យ​ចាញ់​លោក អូស្មាន់ ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ សេចក្តីសម្រេច កាលពី​ថ្ងៃទី១៥សីហា ដែល​បាន​បង្គាប់​ឲ្យ​លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា ផ្តល់​សំណង​ជម្ងឺ​ចិត្ត១០០លាន​រៀល​ដល់​លោក អូស្មាន់ ហាស្សាន់ នៅក្នុង​បណ្តឹង​បរិហា​កេរ្តិ៍​។ សេចក្តីសម្រេច​ដែល​បាន​បង្គាប់​ឲ្យ​លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា បង់ប្រាក់​ពិន័យ៥លាន​រៀល​ទៀត ចូលទៅក្នុង​ថវិការ​រដ្ឋ​ផងដែរ។

 
គួរ​ជំរាបជូន​ថា ជម្លោះ​រវាង​មេដឹកនាំ​សាសនា​ឥស្លាម​ដែលមាន​ឥទ្ធិពល​នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ទាំងពីរ​រូបនេះ បាន​ផ្តើមចេញពី​ការខ្វែងគំនិត​គ្នា​លើ​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​ឥស្លាម (អាល់​សៀរ​កាល់) ស្ថិតនៅ​តំបន់​បឹងកក់ជាទី​ដែលមាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។តាម​ដំណើរ​រឿងនេះ បានកើត​ចេញពី​ការផ្តល់​បទ​សម្ភាស​ន៏​មួយ​របស់លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា ដែល​ត្រូវជា​ពូ​ផង​នោះ បាន​លើកឡើងថា លោក អូស្មាន ហាស្សាន់ គឺជា​អ្នក​នៅ​ពីក្រោយ​គម្រោង​សាងសង់​ផ្លូវ​កាត់​បរិវេណ​វិហារ​ឥស្លាម​នៅ​តំបន់​បឹងកក់ និង​ថា គម្រោង​នោះធ្វើឡើង​ដើម្បី​ទទួលបាន​ផលប្រយោជន៍​អ្វីមួយ។ ដោយសារ​ការ​ថ្លែង​ដូច្នេះហើយលោក អូស្មាន ហាស្សាន់ ដែល​ត្រូវជា​ក្មួយ​ផង​នោះ បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ពី​ពូ​របស់ខ្លួន ចំនួន១លាន​ដុល្លារ។

លោក ស្លេះ ណា​ស៊ី អ្នកគ្រប់គ្រង​ការផ្សាយ​របស់​វិទ្យុ​ជា​ភាសា​ចាម​នៅ​កម្ពុជា និង​ជា​សមាជិក​ស្ម័គ្រចិត្ត​ម្នាក់​ដែល​ផ្តួចផ្តើម​ឲ្យ​មាន​យុទ្ធនាការ​នេះ​ឡើង​បាន​ថ្លែងថា “យុទ្ធនាការ១០០លាន​រៀល” គឺ​ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា ដោយបាន​រ៉ៃអង្គាស់ប្រាក់​ពី​សហគមន៍​ខ្មែរឥស្លាម ដើម្បី​សង​សំណង​ជម្ងឺ​ចិត្ត​នេះ​ជួស។ ពួកគេ​បាន​ចាត់ទុកថា លោក​អ៉ះ​ម៉ាត់ យ៉ះ​យ៉ា គឺជា​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​សហគ​មន៍​ខ្មែរឥស្លាម​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ បានចាប់ផ្តើម​ផ្សព្វផ្សាយ​តាម​​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​បុក នៅ​មួយថ្ងៃ​បន្ទាប់ពី​សេចក្តីសម្រេច​របស់​តុលាការ កាល​ពី​ថ្ងៃទី១៥ សីហា ឆ្នាំ២០១។ យ៉ាងណាក៏ដោយ នៅក្នុង​សំណុំ​រឿងនេះ លោក​អ៉ះ​ម៉ាត់ យ៉ះ​​យ៉ា ត្រៀម​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅទៀត ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​នេះ។

          គួរកត់សំគាល់​ដែរ​ថា គម្រោង​សង់​សង់​ផ្លូវ​កាត់​វិហារ​ឥស្លាម​នៅ​តំបន់​បឹងកក់​នាពេល​បច្ចុប្បន្ននេះ ស្ថិតនៅ​ទ្រឹង បន្ទាប់ពី​មានការ​តវ៉ា​ពី​សហគមន៍​ខ្មែរឥស្លាម ដែល​មិន​គាំទ្រ​គម្រោង​​នេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ