អានតួអត្ថបទ
កម្ពជា

សហគមន៍​បុរីកីឡា​រម្លឹក​ខួប​បួន​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ខណៈ​១៥៤​គ្រួសារ​ទៀត​នៅ​មិន​ទាន់ទទួល​បាន​សំណង

សហគមន៍​​​បុរី​​កីឡា​​​បាន​​​រម្លឹក​​​ខួប​​​បួន​​​ឆ្នាំ​​​នៃ​​​ការ​​​បណ្ដេញ​​ដោយ​​បង្ខំ​​ពី​​សំណាក់​​​ក្រុមហ៊ុន ផានអ៊ីម៉ិច ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​វិនិយោគ​​​ពី​​​រដ្ឋាភិបាល ។ ពិធី​​នេះ​​ធ្វើ​​ឡើង​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​​នៅ​សហគមន៍​​បុរី​កីឡា​​ផ្ទាល់​​តែ​​ម្ដង ក្នុង​​សង្កាត់ វាលវង្ស ខណ្ឌ​៧​មករា ដែល​​មាន​ប្រជាពល​រដ្ឋ​​ចូល​១០០​​នាក់​​និង​​ព្រះសង្ឃ​​០៦​​អង្គ។  សូម​ជម្រាប​ថា មក​​ទល់​​ពេល​​នេះ​​បញ្ហា​ដ៏​​រ៉ាំរ៉ៃ​​នៅ​​សហគមន៍​​បុរីកីឡា​​បាន​បន្សល់​​ទុក ពលរដ្ឋ​​១៥៤​​គ្រួសារ​​ទៀត នៅ​​មិន​​ទាន់​​បាន​សំណង​​ពី​​ក្រុមហ៊ុន​​និង​​អាជ្ញាធរ ក្នុង​ចំណោម ពលរដ្ឋ​​១៧៧៤ គ្រួសារ។

បុរីកីឡា​​ជាទីដែល​អាជ្ញាធរ​សមត្ថកិច្ច​បង្រ្កាប​ដោយ​ហិង្សា​និងចាប់ឃុំខ្លួន​ក្រុម​អ្នកតរ៉ាដីធ្លី​នៅទីនេះ​​
បុរីកីឡា​​ជាទីដែល​អាជ្ញាធរ​សមត្ថកិច្ច​បង្រ្កាប​ដោយ​ហិង្សា​និងចាប់ឃុំខ្លួន​ក្រុម​អ្នកតរ៉ាដីធ្លី​នៅទីនេះ​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ឆ្នាំ​ទី​បួន​ហើយ​ដែល​ពលរដ្ឋ​សហគមន៍​បុរីកីឡា​រម្លឹក​ខួប​នៃ​ការ​បណ្ដេញ​ចេញ​កាល​ពី​ថ្ងៃ​ទី០៣ មករា​ឆ្នាំ​២០១២ ។ កាល​ណោះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា ត្រូវបាន​ឈូសបំផ្លាញ​ដោយ​ត្រាក់​ទ័រ​របស់​ក្រុមហ៊ុន។ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួនចន្លោះ​ពី​មួយ​ខែ​ទៅ​ពីរ​ខែ​បន្ទាប់​ផ្ទុះ​ហិង្សា។ បន្ទាប់មក អ្នក​រស់នៅ​បុរីកីឡា​ជាង ​៣០០ គ្រួសារ ​ត្រូវ​បាន​ក្រុម​ហ៊ុន​​ផាន​​​​អ៊ី​មិច និង​អាជ្ញាធរ​ ​បណ្តេញ​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត​ ក្នុង​ខេត្ត​កណ្តាល និង​មួយ​ចំនួន​បញ្ជូន​​ទៅ​រស់នៅ​ទួលសំបូរ ​ក្បែរ​ពន្ធធនាគារ​ព្រៃស។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោកស្រី ឆាយ គីមហ៊ន តំណាង​សហគមន៍​បុរី​កីឡា​ឲ្យ​ដឹងថា ការ​ម្លឹក​ខួប​បួន​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​នេះ គឺជា​ការ​ផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​ក៏​ដូច​ជា​រដ្ឋាភិបាលឲ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេស​សស់​ជូន​ពលរដ្ឋ​១៥៤​គ្រួសារ​ឲ្យ​បាន​ឆាប់​ក្នុង​ឆ្នាំ២០១៦​នេះ។ លោក​ស្រី ឆាយ គីមហ៊ន បន្តថា ស្ថាន​ភាព​បច្ចុប្បន្ន​របស់​ពលរដ្ឋ​១៥៤​គ្រួសាររស់​នៅ​ក្រោម​សំយ៉ាប​ផ្ទះ​គេ និង រស់​នៅ​ក្រោម​តំបូល​តង​ធ្លុះ​ធ្លាយ​ដោយ​សារ​នៅ​មិន​ទាន់​ទទួលបាន​សំណង​ពី​ក្រុម​ហ៊ុន។

អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​១៥៤​គ្រួសារ ក្នុង​ចំណោម​១៧៧៤គ្រួសារ ដែល​ទទួល​បាន​ដំណោះ​ស្រាយ​ហើយ​នោះ គឺ​ចង់​ឲ្យ​ក្រុមហ៊ុន​សាងសង​ផ្ទះ​ឲ្យ​បាន​គ្រប់១០​អាគារ​ដូច​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋាភិបាល។ តែ​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​បាន​សាងសង​តែ​ប្រាំបី​អាគារ​ប៉ុណ្ណោះ។ បើ​តាម លោកស្រី ឆាយ គីមហ៊ន ដំណោះ​ស្រាយ​សម្រាប់​ពលរដ្ឋដែល​នៅ​សេសសល់​គឺ​ភាគី​ពាក់ព័ន្ធ​កំពុង​សហការ​គ្នា​រក​ដំណោះ​ស្រាយ​ជា​បណ្ដើរៗ​ហើយ ប៉ុន្តែវា​នៅ​មាន​ភាព​យឺត​យ៉ាវ ព្រោះ​ការ​សន្យា​ផ្តល់​សំណង​ផ្សេងៗ​ធ្វើ​ឡើង​នៅ​ត្រឹម​តែ​ក្រដាស​ស្នាម។

តែ​យ៉ាង​ណា​ក៏​ដោយ ដំណោះ​ស្រាយ​នា​ពេល​បច្ចុប្បន្ន​សម្រាប់​សហគមន៍បុរី​កីឡា គឺ​អាជ្ញាធរ ក្រុមហ៊ុន សង្គមស៊ី​វិល និង ពល​រដ្ឋរងគ្រោះ ឯកភាព​គ្នា​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ។ គណៈកម្មការ​ចម្រុះ​នោះ​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​១៥៤​គ្រួសារ បោះ​ឆ្នោត​ជ្រើស​ល័ក្ខខ័ណ្ឌ​ចំនួន​បី​ទី១-ពលរដ្ឋ​រស់​នៅ​អាគារ​បុរីកីឡា​មាន​ចំនួន​៣៥​គ្រួសារ ទី២-ទៅ​រស់​នៅ​ភូមិ​អណ្ដូង​មាន​ចំនួន​៨៥គ្រួសារ ទី៣-ផ្ដល់​ប្រាក់​៣​ពាន់​ដុល្លារ​ជាថ្នូរ​នឹង​ចាក់​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង។ ល័ក្ខខ័ណ្ឌ​ទាំងនេះ​ហើយ​ដែល លោកស្រី ឆាយ គីមហ៊ន ថា​នៅ​មិន​ទាន់​បាន​ដំណោះ​ស្រាយ​ពិត​ជាក់​ស្ដែង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ