អានតួអត្ថបទ
កម្ពុជា

ធនាគារ​ពិភពលោក​​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ថយ​ចុះ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ​

ធនាគារពិភពលោក (World Bank) បាន​បញ្ចេញ​របាយការណ៍​វាយតម្លៃ​ថ្មី​មួយ​ស្តីពី​កំណើន​សេដ្ឋកិច្ច​​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុ​ជា​មួយ​​ដែរ។ និយាយ​ពី​កម្ពុជា ធនាគារពិភពលោក (World Bank) បាន​វាយតម្លៃ​បែប​ទុទិដ្ឋិនិយម​ពី​ស្ថាប័ន​នានា​ថា ក្នង​រយៈពេល៣ឆ្នាំ​ខាងមុខនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ល្បឿន​បន្តិច ពោលគឺ ពី៧%នៅ​ឆ្នាំ២០១៥ មក​នៅ ៦.៩% នៅ​ឆ្នាំ២០១៦ ហើយនឹង​បន្ត​ធ្លាក់ចុះ​ដល់ ៦.៧% នៅ​ឆ្នាំ២០១៩។ យ៉ាងណាក្តី អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ (World Bank) បានផ្តល់​ជា​យោបល់​ថា កម្ពុជា​គួរ​បង្កើន​ផលិតកម្ម​របស់ខ្លួន​ឲ្យ​ខ្លាំង ទាំង​ផ្នែក​ឯកជន និង​ទាំង​រដ្ឋាភិបាល។ 

អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារពិភពលោក ​World Bank ​បានលើកឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​តាមរយៈវីដេអូ ​ខនហ្វើរ៉ែន ​(Video Conference)​ ពី​ប្រទេស​សិង្ហបុរី​នៅ​​ថ្ងៃទី​១៣​មេសា​ឆ្នាំ​២០១៧នេះ។
អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារពិភពលោក ​World Bank ​បានលើកឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​តាមរយៈវីដេអូ ​ខនហ្វើរ៉ែន ​(Video Conference)​ ពី​ប្រទេស​សិង្ហបុរី​នៅ​​ថ្ងៃទី​១៣​មេសា​ឆ្នាំ​២០១៧នេះ។ @Seng Thai
ផ្សាយពាណិជ្ជកម្ម

កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បាន​ថយ​ល្បឿន​បន្តិច ពោលគឺ ពី៧%នៅ​ឆ្នាំ២០១៥ មក​នៅ​ត្រឹម​៦.៩​% នៅ​ឆ្នាំ២០១៨។ ​អត្រា ៦.៩% នេះ នឹងមិន​ប្រែប្រួល​ទេ រហូតដល់​ឆ្នាំ២០១៨ ប៉ុន្តែ​នឹង​បន្ត​ធ្លាក់​ចុះ​បន្តិចទៀត នៅត្រឹម ៦.៧% នៅ​ឆ្នាំ២០១៩។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារពិភពលោក World Bank បានលើកឡើង​នៅក្នុង​សន្និសីទ​កាសែត​​តាមរយៈ​វីដេអូ ខន​ហ្វើ​រ៉ែ​ន (Video Conference) ពី​ប្រទេស​សិង្ហ​បុរី​​នៅថ្ងៃ ទី១៣ មេសា​នេះ​​ថា ​មូលហេតុសំខាន់ៗ នៃ​ការ​ថមថយ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា គឺ​មកពី​ការ​ធ្លាក់ចុះ​នៃ​វិស័យសំខាន់ៗមួយចំនួន ដែលជា​ប្រភព​អូសទាញ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ក្នុងនោះ​រួមមាន ការថយចុះ​នៃ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ពី១២.៣%នៅ​ឆ្នាំ២០១៥ មក​នៅត្រឹម៨.៤% នៅ​ឆ្នាំ២០១៦, ការធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍ ពី៦.១%នៅ​ឆ្នាំ២០១៥ មក​នៅត្រឹម៥%នៅ​ឆ្នាំ២០១៦ ដោយសារតែ​កម្ពុជា​ពុំ​សូវ​មាន​ភាព ជោគជ័យ​ក្នុង​ការធ្វើ​ពិពិធ​កម្ម​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផ្សេង​ឲ្យ​លើសពី​តំបន់​ប្រាសាទ​អង្គរ។ ក្រៅពីនេះ មានការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ដើម។

ប៉ុន្តែ​វិស័យ​សំណង់​វិញ នៅតែមាន​ភាពរស់រវើក​ដដែល។ បើតាម​របាយការណ៍​នេះ ការ កើន ឡើង​នៃ​ថ្លៃ​ពលកម្ម ដែល​បង្ក​មួយផ្នែក​ដោយសារ​ការ​កើន​ឡើង​​ថ្លៃ​ចំណាយ​នៃ​ការរស់នៅ, ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លា​អាមេរិក, ជាមួយនឹង​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ដទៃទៀត​ដែល មាន​តម្លៃ​ពលកម្ម​ថោក ជាពិសេស​ពី​ប្រទេស​ភូមា ដែល​បាន​បន្ត​ដាក់​សម្ពាធ​ដល់​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​របស់​កម្ពុជា​ផងដែរ។ ទន្ទឹមនឹងនេះ ភាពមិនប្រាកដប្រជា​នៃ​ការ បោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៨ ក៏​ទំនង​ជាមាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ស​ន្ទ​ស្សន៍​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅពេល​ខាងមុខ​នេះដែរ។

អ្វី​ជាការ​កត់សំគាល់ ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​របស់​ធនាគារពិភពលោក World Bank នេះ ខុសគ្នា​បន្តិច​ប៉ុណ្ណោះ ពី​ការ​ព្យាករ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាន​ប្រមាណ​ជា ៧.១% និង​ការ​ព្យាករ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​រង្វង់​អត្រា ៧% ផងដែរ។

យ៉ាងណាក្តី អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ (World Bank) បានផ្តល់​ជា​យោបល់​ថា ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ក្នុង​អត្រា​ថេរ​នេះ កម្ពុជា​គួរ​បង្កើន​ផលិតភាព​របស់ខ្លួន តាមរយៈ​ការពង្រឹង​ស្ថាប័នរដ្ឋ និង​ឯកជន, ការបង្កើន​ការវិនិយោគ​មូលធន​ដែល​បាននិងកំពុង​ធ្លាក់ចុះ, ការលើកកម្ពស់​ការគ្រប់គ្រង​វិនិយោគ​វិស័យ​សាធារណៈ គឺជា​បុ​រេ​លក្ខ​ខ័​ណ្ឌ​ដើម្បី​ធានា​ប្រសិទ្ធភាព​ចំណាយ ទន្ទឹមនឹង​ការ​ជម្រុញ​វិនិយោគ​ក្នុង​វិស័យ​គាំពារ​កំណើន និង​វិស័យ​គាំទ្រ​ដល់​ពលរដ្ឋ​ក្រីក្រ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ធារាសាស្ត្រ ការអប់រំ និង​ប្រព័ន្ធ​សុខាភិបាល​​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ