អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហានីភ័យ​នៃ​បំណុល​វ័ណ្ណក របស់​កសិករ​ខ្មែរ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​មុនគេ​នាំ​គ្នា​និយាយ​អំពី​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស ប្រហែល ៥០០០ លាន​ដុល្លារ ឬ​មាន​ន័យ​ថា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ​ជំពាក់​បំណុល​បរទេស​ប្រហែល​ជាង ៣០០​ដុល្លារ។ ប៉ុន្តែ ឥឡូវនេះ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត ជា​ពិសេស​អ្នក​ក្រីក្រ​តាម​ទី​ជនបទ កំពុង​ជំពាក់​លុយ​ស្ថាប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ វ័ណ្ណ​ក។ ចុង​ក្រោយនេះ​ស្រាប់​តែ​លេច​ចេញ​ព័ត៌មាន ស្តីពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​យ៉ាង​ព្រោងព្រាត ដែល​កំពុង​បន្ថែម​បំណុល​ឲ្យ​ពលរដ្ឋ​ក្រីក្រ។ តើ​អ្នកណា​នៅ​ពីក្រោយ​ស្ថាប័ន គ្មាន​ច្បាប់ទម្លាប់​ទាំងនោះ?

ប្រជាកសិករ​ នៅកម្ពុជា។
ប្រជាកសិករ​ នៅកម្ពុជា។ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

វត្តមាន​កាន់តែ​ច្រើនឡើង​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​គួរ​តែ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​គ្រួសារ​ក្រីក្រ​គ្មាន​ទី​ពឹង។ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ខ្ចី​បុល​របស់​អ្នក​ក្រ ពី​ព្រោះ​វា​មិន​តម្រូវ​ឲ្យ​មាន​នីតិវិធី​ស្មុគស្មាញ​ដូច​ធនាគារ​ទេ។ មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​កែប្រែ​ជីវភាព និង​បាន​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ដោយសារ​តែ​កម្ចី​ខ្នាត​តូច​នេះ។ 

ប៉ុន្តែ ទន្ទឹម​នឹង​នោះ ក៏​មាន​ដែរ អ្នក​ដែល​កំពុង​ជំពាក់​គេ​វ័ណ្ណ​ក ដោយសារ​តែ​ប្រាក់​កម្ចី គ្មាន​អ្វី​សង។ ការ​ប្រាក់​ខ្ពស់ ការ​ប្រើប្រាស់​ប្រាក់កម្ចី​មិន​ចំ​ទិសដៅ ឬ​ក៏​ទម្លាប់​ចូលចិត្ត​ខ្ចី ដោយ​មិន​បាន​​គិត​ពី​របៀប​សង... សុទ្ធសឹង​ជា​មូលហេតុ​ចម្បងៗ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​បំណុល​ជាប់​នឹង​ខ្លួន​កាន់​តែ​ច្រើន​ឡើង។ យូរ​ៗ​ទៅ ប្លង់​ផ្ទះ និង​ប្លង់​ដី​ស្រែ​ចម្ការ​បន្តិច​បន្តួច ដែល​ជា​ដង្ហើម​រស់ បាន​រត់​ទៅ​សម្ងំ​ក្នុង​ទូរ​ដែក​របស់​ធនាគារ​យ៉ាង​ស្ងៀមស្ងាត់។

គ្មាន​តួលេខ​ពិតប្រាកដ អំពី​ចំនួន​កសិករ​ក្រីក្រ​ដែល​ជំពាក់​បំណុល​គេ​នោះ​ទេ ប៉ុន្តែ អាជ្ញាធរ​និង​ប្រធាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន បាន​បង្ហាញ​ថា ទឹកប្រាក់​សរុប ដែល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ចេញ​ទៅ​ឲ្យ​កូន​បំណុល មាន​មិន​តិច​ជាង ៣ ៥០០ លាន​ដុល្លារ​នោះ​ឡើយ។ ថ្មី​ៗ​នេះ ស្រាប់​តែ​លេច​លឺ​ព័ត៌មាន​ស្តីពី​អង្គការ​ជាច្រើន​កំពុង​ដើរតួ​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ហើយ​ផ្តល់ប្រាក់​កម្ចី ដល់​ជនក្រីក្រ​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់​ថែមទៀត។

ជា​ការ​ពិត ស្ថាប័ន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ​អាច​ដើរ​ប្រក​បរបរ​ផ្តល់​កម្ចី​ដោយ​យក​អត្រា​ការប្រាក់​ខ្ពស់​តាម​បែប​មិន​ស្មោះត្រង់ គឺ​ជា​គ្រោះថ្នាក់​ធំធេង​មួយ​សម្រាប់​អ្នក​ក្រីក្រ។ វត្តមាន​នៃ​ស្ថាប័ន​ទាំងនោះ​មិនមែនជា​រឿង​ចៃដន្យ​ទេ ពោល​គឺ​សុទ្ធ​តែមាន​អ្នក​កាង​ពី​ក្រោយ​យ៉ាងពិត​ប្រាកដ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានចេញ​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន​ត្រួតពិនិត្យ​បញ្ហា​នេះ។ ប៉ុន្តែ បទបញ្ជា​នេះ អាច​ក្លាយ​ទៅ​ជា​វិធី​រកលុយ​របស់​មន្ត្រី​អ្នក​អនុវត្តន៍​ទៅវិញ​ក៏​ថា​បាន។ នេះ​ជា​អ្វីដែល​ថ្នាក់លើ​ច្រើន​តែ​មិនដឹង ពី​ព្រោះតែ​មន្ត្រី​មាន​ឥទ្ធិពល​មួយចំនួន​នៅ​ពីក្រោយ​ទង្វើ​ខុសច្បាប់​ទាំងនោះ។ ហេតុនេះ​ហើយ​បាន​ជា ប្រតិបត្តិការ​របស់​សមត្ថកិច្ច ច្រើន​តែ​រក​មិន​ឃើញ​បទល្មើស​ឡើយ។ រឿង​បែបនេះ​កើត​មាន​ក្នុង​គ្រប់​វិស័យ។

យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍​អាស៊ី ក៏​ដូចជា​ធនាគារពិភពលោក​ដែរ បច្ចុប្បន្ន កម្ពុជា​កំពុង​ជំពាក់​បំណុល​គេ​ប្រហាក់ប្រហែល ៥ ០០០​លាន​ដុល្លារ ឬ​ស្មើ ៣២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​ជាង​នេះ ពលរដ្ឋ​ខ្មែរ​ម្នាក់​មាន​បំណុល​ជាប់​ខ្លួន​ប្រមាណ​ជាង ៣០០​ដុល្លារ​ជា​ស្រេច។ ពិត​ហើយ​ថា​បំណុល​របស់​រដ្ឋ គឺ​រដ្ឋ​ជា​អ្នក​សង ប៉ុន្តែ ប្រាក់​សំណង​ទាំង​នោះ គឺ​បាន​មកពី​ការបង់ពន្ធ​របស់​ពល​រដ្ឋ​គ្រប់គ្នា។ ចំណែក​បំណុល​ផ្ទាល់​ខ្លួន​ដែល​ចេះតែ​កើន​ឡើង​ឥតឈប់ឈរ គឺជា​គ្រោះថ្នាក់​ធំធេង​មួយទៀត សម្រាប់​កសិករ​ក្រីក្រ​ខ្មែរ។

មិន​ថាតែ​បញ្ហា​មីក្រូហិរញ្ញវត្ថុ​ខុសច្បាប់​នេះ​ទេ បណ្តាញ​ឃុបឃិត​បិទបាំង​ភ្នែក​ថ្នាក់លើ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​វិធានការ​នានា​របស់​រដ្ឋា​ភិបាល​គ្មាន​ប្រសិទ្ធភាព។ នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​វិញ ការ​ជំពាក់​បំណុល​គឺជា​បន្ទុក​យ៉ាង​ធ្ងន់​មួយ​របស់​កសិករ​ដែល​គេ​មិនអាច​មើលរំលង​បាន​ឡើយ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជា​បឋម គេ​ត្រូវ​បញ្ឈប់​សកម្មភាព​អនាធិបតេយ្យ​ទាំងឡាយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដោយ​ត្រូវ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​ឲ្យ​បាន។

សម្រាប់​ស្ថាប័ន ដែលមាន​ច្បាប់ ពួកគេ​គួរ​បញ្ចុះតម្លៃ​ការប្រាក់​ឲ្យ​បាន​ទាប​បំផុត និង​ត្រូវ​ផ្តល់​សេវាកម្ម​ពិគ្រោះ​យោបល់ និង​តាមដាន​ការប្រើប្រាស់​ប្រាក់កម្ចី​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ។ មធ្យោបាយ​សំខាន់​មួយទៀត សម្រាប់​ជួយ​អ្នកក្រីក្រ​គឺ ការបង្កើត​មូលនិធិ​ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ត្រី​មាន​ឥទ្ធិពល និង មហាសេដ្ឋី​នានា ពោលគឺ អំណឹះតទៅ ទាំង​មន្ត្រី​មានបុណ្យ​ស័ក្តិ ទាំង​អ្នករស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ទាំងឡាយ​គួរ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការកេងប្រវ័ញ្ច​អ្នកក្រ​ទៅ​ជា​ការជួយ​ពួកគេ​វិញ។ ប្រសិនបើ​មិន​ដូច្នោះ​ទេ អ្នកក្រ​ច្បាស់​ជា​ជាប់បំណុល​វ័​ណ្ណ​ក​ដោះ​មិន​ចេញ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ