អានតួអត្ថបទ
កម្ពុជា

សកម្មជន​បរិស្ថាន៖ ឡាវ​បញ្ជូន​គ្រឿង​ចក្រ ទៅ​បន្ត​គម្រោង​សាងសង់​ទំនប់​ដន​សាហុង

ប្រទេស​ឡាវ នៅ​តែ​បន្ត​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​ដន​សាហុង បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​កម្ពុជា​និង​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដទៃ​ទៀត​ក៏​ដោយ​។ សកម្ម​ជន​បរិស្ថាន​ដែល​រស់​នៅ​ព្រំដែន​កម្ពុជា​ឡាវ ក្នុង​ខេត្ត​ស្ទឹង​ត្រែង បានបញ្ជាក់​អះអាង​ថា ប្រាំ​ថ្ងៃ​​ចុង​ក្រោយ​នេះ ប្រទេស​ឡាវ​បាន​បញ្ជូន​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ឆ្លង​ទៅ​ត្រង់​​​ចំណុច​ត្រូវ​សាងសង់​ទំនប់​ដន​សាហុង​។ តាម​រយៈ​ការ​វិវឌ្ឍ​​ចុង​ក្រោយ​នេះ ប្រភព​ដដែល​បាន​សម្ដែង​ពី​ក្ដី​បារម្ភ និង​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ឲ្យ​​ម៉ត់ចត់ ដើម្បី​រារាំង​សកម្មភាព​សាងសង់​ទំនប់​ដន​សាហុង​របស់ឡាវ​។

ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ដែល​ទទួល​ខុស​ត្រូវ​សាងសង់​ទំនប់​ដន​សាហុង បាន​ចាប់​ផ្ដើម​ទម្លាក់​គ្រឿង​ចក្រ​ពី​ដី​គោក និង​បន្ត​ដឹក​ជញ្ជូន​តាម​សាឡាង​ទៅ​លើ​កោះ ត្រង់​ចំណុច​ដែល​ត្រូវ​សាងសង់​ទំនប់​ដន​សាហុង​។ លោក សំរិទ្ធ វណ្ណា សមាជិក​​ក្រុម​យុវជន​ខ្មែរ​មហានគរ ដែល​រស់​នៅ​ព្រំដែន​កម្ពុជា​ឡាវ ក្បែរ​ចំណុច​សាងសង់​ទំនប់​ដន​សាហុង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី​២៩​មិថុនា​នេះ​ថា គ្រឿង​ចក្រ​ដែល​បញ្ជូន​ទៅ​ដល់​លើ​កោះ មាន​ចម្រុះ​ទាំង​អស់​ជាង​១០​គ្រឿង រួម​មាន​ទាំង​ឡាន​បែន ឡាន​ឈូស​ដី និង​អេស្កាឡេទ័រ​ជា​ដើម​។ គ្រឿង​ចក្រ​ដែល​បាន​បញ្ជូន​ទៅ​ដល់​កោះ​នោះ ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ឈូស​ឆាយ​ដី​នៅ​ទី​នោះ​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ដដែល​។

ការ​វិវឌ្ឍ​ថ្មី​នៃ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ដន​សាហុង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាសហគមន៍​មាន​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង និង​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ឲ្យ​​ម៉ត់ចត់ ដើម្បី​រារាំង​សកម្មភាព​សាងសង់​ទំនប់​ដន​សាហុង​របស់​ឡាវ​។

ចំណែក ​លោក សំរិទ្ធ វណ្ណា បាន​អះអាង​ថា ក្រុម​យុវជន​ខ្មែរ​មហានគរ​របស់​លោក នឹង​ជំរុញ​ដល់​​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ ជា​ពិសេស​​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ចាត់​វិធានការ​ជាមួយ​ប្រទេស​ឡាវ​ឲ្យ​បាន​ម៉ត់ចត់​ជាង​សព្វ​ថ្ងៃ​នេះ នៅ​ចំពោះ​មុខ​បញ្ហា​ទំនប់​វារី​អគ្គីសនី​ដន​សាហុង។

រី​ឯ លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល មិន​ទាន់​បាន​ផ្ទៀង​ផ្ទាត់​ពី​ការ​រីក​ចំរើន​ថ្មី​នៃ​ការ​សាង​សង់​ទំនប់​ដន​សាហុង​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​នេះ​ជា​ការ​ពិត លោក​នឹង​បង្កើន​សកម្មភាព​តស៊ូ​មតិ​បន្ថែម​ទៀត ទាំង​ជាមួយ​អន្ដររដ្ឋាភិបាល ទាំង​ជាមួយ​អន្ដរ​សង្គម​ស៊ីវិល​នៃ​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង​​។ គឺ​តស៊ូ​មតិ​យ៉ាង​ណា​ឲ្យ​ឡាវ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ដ៏​ចម្រូង​ចម្រាស់​នេះ​ ដើម្បី​រង់​ចាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ផល​ប៉ះពាល់​ជា​មុន​សិន​។

សូម​រំលឹក​ជូន​ថា ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ដន​សាហុង ជាប់​នឹង​ព្រំដែន​ខេត្ត​ស្ទឹង​ត្រែង គឺ​ជា​គម្រោង​​មួយ ក្នុង​ចំណោម​គម្រោង​ទំនប់​វារី​អគ្គីសនី​ទាំង​១២ ដែល​គ្រោង​សាងសង់​នៅ​លើ​តួ​ទន្លេ​មេ នៃ​ទន្លេ​មេគ្គ​ក្រោម ក្នុង​តំបន់​ស៊ីផាន់ដន របស់​ប្រទេស​ឡាវ​។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សង្គម​ស៊ីវិល គម្រោង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង នឹង​ប៉ះពាល់​ដល់​មនុស្ស​ជាង​៦០​លាន​នាក់ ដែល​កំពុង​រស់​នៅ​អាស្រ័យ​ផល​នៅ​ផ្នែក​អាង​ទន្លេ​មេគង្គ​ក្រោម​។ វា​នឹង​បង្ក​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ចរន្ត​ទឹក និង​ធ្វើ​ឲ្យ​ប៉ះពាល់​​​ដល់​មច្ឆាជាតិ​ ព្រម​ទាំង​​ជីវ​ចម្រុះ​ជា​ច្រើន​នៅ​ក្នុង​ទន្លេ​​មេគង្គ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ