អានតួអត្ថបទ
កម្ពុជា

មន្ត្រី​ជំនាញ៖ ប្រជាជន​កម្ពុជា​ជាង​២​លាន​នាក់​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត

គ្រោះរាំង​ស្ងួត​នៅ​ពេល​ថ្មី​ៗ បាន​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ​ចំនួន ២លាន ៥សែន​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។ ក្រៅ​ពី​ប៉ះពាល់​ដល់​មនុស្ស​ហើយ គ្រោះ​រាំងស្ងួត​ក៏​បាន​សម្លាប់​សត្វ​រាប់​រយ​ក្បាល ត្រី​រាប់​សិប​តោន និង​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​រាប់​រយ​ហិច​តា។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ក៏​បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ចុះ​ប្រតិបត្តិការ​ផ្តល់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ឲ្យ​បាន​គ្រប់​ច្រកល្ហក​។

រូបភា​ពតំណាង​៖ គ្រោះ​រាំង​ស្ងួត​ បង្ក​ឲ្យ​មាន​កង្វះ​ទឹក​ប្រើប្រាស់​ នៅ​តាម​តំបន់​មួយ​ចំនួន​ធំ ​ក្នុង​ប្រទេសកម្ពុជា។​
រូបភា​ពតំណាង​៖ គ្រោះ​រាំង​ស្ងួត​ បង្ក​ឲ្យ​មាន​កង្វះ​ទឹក​ប្រើប្រាស់​ នៅ​តាម​តំបន់​មួយ​ចំនួន​ធំ ​ក្នុង​ប្រទេសកម្ពុជា។​ Facebook
ផ្សាយពាណិជ្ជកម្ម

គ្រោះ​រាំងស្ងួត​ខ្លាំង​ដែល​មិន​ធ្លាប់​មាន នៅ​កម្ពុជា​នៅ​ពេល​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន​រស់នៅ​ក្នុង​ស្រុក និង​ក្រុង​ចំនួន ៩៣ និង​ឃុំ សង្កាត់​ចំនួន ៣២៧ ទៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក កែវ វី នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម។ លោក​បន្ត​ថា ក្រសួង​ក៏​បាន​ប៉ាន់​ប្រមាណ​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​រហូត​ដល់​២​លាន ៥​សែន​នាក់​ឯ​ណោះ។

ក្រៅ​ពី​ប៉ះពាល់​ដល់​មនុស្ស​ហើយ សត្វគោ ក្របី​ជា​ច្រើន​រយ​ក្បាល​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រី​ប្រមាណ​៦៨​តោន នៅ​ក្នុង​ខេត្ត​កំពង់​ធំ ក៏​បាន​ងាប់​ផង​ដែរ ខណៈ​ដែល​កម្តៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​ដល់​៤១ ទៅ​៤២ អង្សារ ទៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា។ ប៉ុន្តែ​គ្រោះរាំង​ស្ងួត​នេះ​មិន​ទាន់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ។

ដោយសារ​តែ​គ្រោះរាំងស្ងួត​នឹង​ត្រូវ​អូស​បន្លាយ​តទៅ​មុខ​ទៀត រហូត​ដល់​ខែ​កក្កដា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ត្រូវ​តែ​ចុះ​ធ្វើ​ប្រតិបត្តិការណ៍​ជួយ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយ​គ្មាន​ទឹក​ប្រើប្រាស់​ និង​បរិភោគ​ប្រចាំ​ថ្ងៃ។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ដាក់​បញ្ជា​ហាម​មិន​ឲ្យ​មន្ត្រី​នានា​ឡើង​មក​កាន់​ទីក្រុង​ភ្នំពេញ​ដែរ ប្រសិន​បើ​មិន​ទាន់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​របស់​ខ្លួន​បាន​រួច​រាល់​នោះ។

ដោយ​ឡែក​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មក​ខ្យល់​ព្យុះ​ និង​ភ្លៀង​កក់​ខែ ហើយ​និង​រន្ទះ​បាញ់ ដែល​កើត​មាន​ឡើង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក​ដល់​នឹង​ពេល​នេះ មាន​ចំនួន​៧៣​លើក នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន ២០។ លោក​កែវ វី បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​គ្រោះមហន្តរាយ​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន ៥នាក់ និង​របួស ៥៩​នាក់ ដោយសារ​តែ​ដើម​ឈើ និង​ផ្ទះ​រលំ​បាក់​សង្កត់។ ហើយ​មនុស្ស​១២​នាក់​ស្លាប់ និង ១៦​នាក់​ផ្សេង​ទៀត​រង​របួស ដោយ​សារ​តែ​រន្ទះបាញ់​នា​ពេល​កន្លង​មក​នេះ។ ក្រៅ​ពី​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ ក៏​មាន​សត្វ​ជា​ច្រើន​ក្បាល​ងាប់ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់​រយ​ខ្នង វត្ត​អារ៉ាម សាលារៀន និង​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង​រង​ការ​ខូច​ខាត​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ