អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរ​ក្រហម​រំពឹង​ថា​សាលដីកា​ស្ថាពរ​០០២វគ្គ១ នឹង​អាច​ចេញ​នៅ​ដើម​ឆ្នាំ​២០១៦ បើ​ទោះបី​ជា​ចម្រូង​ចម្រាស​

សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​អង្គារ​ទី​៣០ មិថុនា​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​បង្ហាញ​សាធារណៈជន​មុន​នឹង​ការ​ចាប់​ផ្តើម​សវនាការ​លើ​បណ្តឹង​សារទុក្ខ​ក្នុង​សំណុំរឿង​០០២/០១ ប្រឆាំង​នឹង​អតី​មេដឹកនាំ​ខ្មែរ​ក្រហម លោកនួន ជា និង​ខៀវ សំផន។ បើទោះបី​ជា​មាន​បណ្តឹង​សារទុក្ខ​គ្រប់​ភាគី​យ៉ាង​ចម្រូង​ចម្រាស់​ក៏​ដោយ ក៏​សាលាក្តី​ខ្មែរ​ក្រហម​រំពឹង​ថា​សាលដីកា​ស្ថាពរ​នឹង​អាច​ចេញ​តាម​កាល​កំណត់។

សាលាក្តីខ្មែរក្រហម។
សាលាក្តីខ្មែរក្រហម។ @Google
ផ្សាយពាណិជ្ជកម្ម

អង្គជំនុំជំរះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម រំពឹង​ថា​ខ្លួន​នឹង​អាច​ប្រកាស​សាលក្រម​ជា​ស្ថាពរ​ក្នុង​សំណុំរឿង​ ០០២វគ្គទី១ ប្រឆាំង​នឹង​លោក​ខៀវ សំផន និង នួន ជា នៅ​ត្រឹមត្រី​មាស​ទី​១ ឆ្នាំ២០១៦ តាម​ការ​គ្រោង​ទុក។ ប៉ុន្តែ​សាល​ក្រម​នេះ​មាន​ភាព​ចម្រូង​ចម្រាស់​ក៏​ព្រោះ​តែ​អតីត​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​ទាំង​ពីរ​ បាន​លើក​ទឡ្ហីករណ៍​បណ្តឹង​សារទុក្ខ​ជំទាស់​ប្រមាណ​៣៧០​បណ្តឹង​ទៅ​លើ​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។ អតីត​មេដឹកនាំ​ទាំងពីរ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ប្តឹង​ទាស់​លើ​ការ​សម្រេច​របស់​តុលាការ​ដែល​បាន​សម្រេច​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​បទឧក្រិដ្ឋ​ចំនួន​ពីរ គឺ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ ក្នុង​អំឡុង​ពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ​ ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់​ រួម​ទាំង​ការ​សម្លាប់​នៅ​ទួល​ពោធិ៍​ជ្រៃ ​ក្នុង​ខេត្ត​ពោធិ៍សាត់។

លោក ខៀវ សំផង បាន​ស្នើ​ឱ្យ​តុលាការ​កំណត់​រយៈពេល​នៃ​កំហុស​របស់​ខ្លួន​ដែល​តុលាការ​បាន​រកឃើញ ដោយ​ឡែក​លោក​នួន ជា​វិញ បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ ក៏​ព្រោះ​តែ​ថា ការ​សម្រេច​របស់​តុលាការ​គឺ មាន​កំហុស​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់។ ដោយ​ឡែក​សហព្រះរាជ​អាជ្ញាវិញ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​សារទុក្ខ​លើ​សហឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី​៣ ដែល​អាច​ឱ្យ​មេដឹកនាំ​ទាំងពីរ​នេះ​ទទួល​កំហុស​រួម​លើ​ទង្វើ​របស់​គ្នីគ្នា​ខ្លួន។

សូម​បញ្ជាក់​ថា សវនាការ​លើ​បណ្តឹង​សារទុក្ខ​លើក​ទី​១​ក្នុង​សំណុំ​រឿង​ ០០២/០១ នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កក្កដា ២០១៥ខាងមុខ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​សវនាការ​ខាង​មុខ​គឺ​នឹង​ទទួល​ស្តាប់​សាក្សី​សំខាន់​ចំនួន​៣​នាក់​បន្ថែម​ទៀត។ ជា​ការ​ផ្តល់​សក្ខីកម្ម​លើ​បទ​ចោទ​ការ​សម្លាប់​អតីត​មន្ត្រី​រដ្ឋការ​នៃ​សម័យ​លន់ នល់ និង​អង្គ​ហេតុឧក្រិដ្ឋកម្ម​នៅ​ទួល​ពោធិ៍ជ្រៃ។  ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បាន​បញ្ជាក់​ថា បើ​ទោះបី​សំណុំ​រឿង​សាលក្រម​ចម្រូង​ចម្រាស់​ក៏​ដោយ ក៏​ប៉ុន្តែ​តុលាការ​កំពុង​ព្យាយាម​ធ្វើ​កិច្ចការងារ​ដើម្បី​អាច​ឱ្យ​សាលក្រម​ក្នុង​សំណុំ​រឿង​០០២វគ្គទី១នេះ អាច​ដំណើរ​ការ​បាន​តាម​ការ​គ្រោង​ទុក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ