អានតួអត្ថបទ
កម្ពុជា

តុលាការ​​កំពូល​នៃ​​សាលាក្ដី​​ខ្មែរ​​ក្រហម​ សម្រច​​លើ​​​សំណើ​​របស់​​សហព្រះរាជអាជ្ញាក្នុង​ការ​​ឆ្លើយតបបណ្ដឹង​សារទុក​​​សំណុំរឿង០០២​​​/១​​

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លើ​​សំណើ​​របស់សហព្រះរាជអាជ្ញា​ទាក់ទង​នឹង​ការ​បន្ថែម​ទំព័រ​និង​ពេល​វេលា ក្នុង​​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដឹង​សាទុក្ខ​​ក្នុង​សំណុំ​រឿង​០០២​ដំណាក់​កាល​ទី១ ត្រូវ​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ​នៅ​ថ្ងៃ​ចន្ទ ទី​៤​ខែ​មេសា​ម្សិលមិញ​។ ជា​សេចក្ដី​សម្រេច តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ​បដិសេធ​សំណើ​សុំ​បន្ថែម​ពេល​វេលា ប៉ុន្តែ​ទទួល​យក​ផ្នែក​ខ្លះ​នៃ​សំណើ​បន្ថែម​ទំព័រ​​សារណា​របស់ សហព្រះ​រាជអាជ្ញា​ តប​ទៅ​នឹង​​បណ្ដឹង​សា​ទុក្ខ​របស់​មេធាវី​ការពារ​ក្ដី​៕

អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម
អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម RFI
ផ្សាយពាណិជ្ជកម្ម

តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ​បដិសេធ​សំណើ​សុំ​បន្ថែម​ពេល​វេលា ប៉ុន្តែអនុញ្ញាត​ឲ្យសហ​​ព្រះ​រាជ​អាជ្ញា​បន្ថែម​៣០​ទំព័រ ទៅ​លើ​សារណាកម្រាស់​២៨០​ទំព័រ​​របស់​ខ្លួន ក្នុង​ការ​​ឆ្លើយ​តប​ទៅ​នឹង​​បណ្ដឹង​សា​ទុក្ខ​ ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី១​។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហព្រះ​រាជអាជ្ញា​ក្នុង​សំណុំ​រឿង​០០២​វគ្គ​១ បាន​ស្នើ​សុំ​បន្ថែម​ទំព័រ​និង​ពេល​វេលា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​សាទុក្ខ​របស់​មេធាវី​ការពារក្ដី លើ​សាលក្រម​នៃ​សំណុំ​រឿង​០០២​វគ្គ​១​ ដែល​មាន​ជន​ជាប់​ចោទ នួន ជា និង​ខៀវ សំផន​។

សហ​ព្រះ​រាជអាជ្ញា​ក្នុង​សំណុំ​រឿង​០០២​វគ្គ​១ បាន​លើក​ឡើង​ថា សារណា​តប​រួម​កម្រាស់​២៨០​ទំព័រ​របស់​ខ្លួន គួរ​តែ​ត្រូវ​បាន​បន្ថែម​ឲ្យ​ដល់​៤៦០​ទំព័រ ហើយ​កាល​បរិច្ឆេទ​ដាក់​សារណា​តប​នេះ គួរ​តែ​គិត​រហូត​ដល់​ថ្ងៃ​ទី​១៤​ខែ​ឧសភា ឆ្នាំ​២០១៥​។ ​បើ​តាម​សហព្រះ​រាជអាជ្ញា ការ​កំហិត​ត្រឹម​២៨០​ទំព័រ​សម្រាប់​សារណា​តប ពុំ​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សារណា​បណ្ដឹង​សារទុក្ខ​នៃ​សំណុំ​រឿង​០០២​វគ្គ​១​នោះ​ឡើយ​​។ សារណា​បណ្ដឹង​សារទុក្ខ​នៃ​សំណុំ​រឿង​០០២​វគ្គ​១ របស់​នួន ជា និង​ខៀវ សំផន ដែល​មាន​កម្រាស់​ជា​រួម​​​រហូត​ដល់​ទៅ៤៨០​ទំព័រ​។

ជា​ការ​ឆ្លើយ​តប តុលាការ​កំពូល​បាន​បដិសេធ​ចោល​នៅ​ការ​លើក​ឡើង​របស់​សហព្រះ​រាជ​អាជ្ញា​ដែល​ថា ចំនួន​ទំព័រ​សរុប​ចូល​គ្នា នៃ​សារណា​សាទុក្ខ​របស់​នួន ជា និង ខៀវ សំផន មាន​ភាព​ចាំ​បាច់​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​។ ប៉ុន្តែ​ដោយ​សារ​តែ​តុលាការ​កំពូល​ធ្លាប់​បាន​អនុញ្ញាតបន្ថែម​៦០​ទំព័រ​ដល់​​សារណា​បណ្ដឹង​សាទុក្ខ​របស់ នួន ជា តុលាការ​កំពូល​ពិចារណា​ឃើញ​ថា វា​ជា​ការ​សម​ស្រប​ក្នុង​ការ​ផ្ដល់​៣០​ទំព័រ​បន្ថែម​ទៀត​ដល់​សហព្រះ​រាជ​អាជ្ញា ក្នុង​ការ​ឆ្លើយ​តប​ជា​ភាសា​អង់គ្លេស​។ យ៉ាង​ណា​ក៏​ដោយ ចំពោះ​បញ្ហា​បន្ថែម​ពេល​វេលា​៣០​ថ្ងៃ​សម្រាប់​សារណា​តប​របស់​ព្រះ​រាជអាជ្ញា តុលាការ​សម្រេច​បដិសេធ​ចោល​ទាំង​ស្រុង ដោយ​អះអាង​ថា វា​មិន​មាន​ភាព​ចាំ​បាច់​ឡើយ​។​

គួរ​​ជម្រាប​ជូន​ថា​​ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លើ​សំណើ​របស់​សហព្រះរាជអាជ្ញា សុំ​បន្ថែម​ទំព័រ​និង​ពេល​វេលា​ដើម្បី​ឆ្លើយ​តប​នឹង​បណ្ដឹង​សារ​ទុក្ខ​លើ​សាលក្រម​សំណុំ​រឿង​០០២​វគ្គ​១​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ ទី៤​ខែ​ឧសភា​ ​​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ តុលាការកំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ទទួល​សំណើ​របស់​សហព្រះ​រាជ​អាជ្ញា នៅ​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១៥​។ ហើយ​តុលាការ​កំពូល​បាន​សម្រេច​លើ​បញ្ហា​នេះ និង​បាន​ជូន​ដំណឹង​ពី​សេចក្ដី​សម្រេច​របស់​ខ្លួន​ដល់​ព្រះ​រាជអាជ្ញា​រួច​ហើយ នៅ​ថ្ងៃ​ទី​០៣​ខែ​មេសា​ឆ្នាំ​២០១៥ តាម​​រយៈ​សារ​អេឡិច​ត្រូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ