អានតួអត្ថបទ
កម្ពុជា-ច្បាប់

សហ​ព្រះរាជអាជ្ញា​ជាតិ​និង​អន្តរជាតិ ខ្វែង​គំនិត​គ្នា លើ​ការ​ចោទ​ប្រកាន់​លោក យឹម ទិត្យ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម

សហព្រះរាជអាជ្ញា​អន្តរជាតិ នៃ​តុលាការ​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ២ ខែ​កក្កដា​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដើម្បី​ការពារ​ជំហរ​របស់​ខ្លួន ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ យឹម ទិត្យ អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម។ សម្រាប់​សហព្រះរាជ​អាជ្ញាធរ​អន្តរជាតិ លោក យឹម ទិត្យ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម ខណៈ​ដែល​សហព្រះរាជ​អាជ្ញា​ជាតិ​យល់​ផ្ទុយ​ពី​នេះ។ យ៉ាង​ណា​ក៏​ដោយ សេចក្តី​សម្រេច​មួយ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា
អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

ភាព​ខ្វែង​គំនិត​គ្នា​នេះ បាន​ស្តែង​ឡើង​តាម​រយៈ​ដីកា​សន្និដ្ឋាន​ស្ថាពរ​នៅ​ក្នុង​សំណុំ​រឿង​០០៤ ដែល​ភាគី​ទាំង​ពីរ​បាន​ដាក់​ទៅ​កាន់​សហចៅក្រម​ស៊ើប​អង្កេត កាល​ពី​ថ្ងៃ​ទី ៣១ ឧសភា និង​ថ្ងៃ​ទី ៤ ខែ​មិថុនា ដើម្បី​សម្រេច​ថា លោក យឹម ទិត្យ ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ខ្មែរ​ក្រហម​ឬ​ទេ។ តាម​ពិត​ទៅ បើ​ផ្អែក​តាម​វិធាន​ផ្ទៃ​ក្នុង​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ដីកា​សន្និដ្ឋាន​ស្ថាពរ​នេះ ត្រូវ​ដាក់​ជា​ការ​សំងាត់ ប៉ុន្តែ​សហព្រះរាជ​អាជ្ញា​អាច​បង្ហាញ​ដល់​សាធារណជន​បាន​នូវ​សេចក្តី​សង្ខេប​ពី​គោល​បំណង​នៃ​ដីកា​សន្និដ្ឋាន​របស់​ខ្លួន។

ម្លោះ​ហើយ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​នេះ សហព្រះរាជ​អាជ្ញា​អន្តរជាតិ​នៃ​តុលាការ​ខ្មែរ​ក្រហម បាន​ចេញ​មក​ការពារ​ជំហរ​របស់​ខ្លួន​ថា លោក យឹម ទិត្យ អតីត​កម្មាភិបាល​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​នៅ​ភូមិ​ភាគ​នីរតី គឺ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ បើ​តាម​សេចក្តី​ថ្លែងការណ៍​នេះ ការ​បញ្ជួន​ខ្លួន​លោក យឹម ទិត្យ ទៅ​ជំនុំ​ជម្រះ នឹង​មិន​ប៉ះ​ពាល់​ដល់​ការ​ផ្សះ​ផ្សា​ជាតិ ស្ថេរភាព សន្តិភាព ឬ​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ប៉ុន្តែ​សហព្រះ​រាជអាជ្ញា​ជាតិ យល់​ផ្ទុយ​ពី​នេះ និង​បាន​រក្សា​គោល​ជំហរ​ដើម​របស់​ខ្លួន​ថា លោក យឹម ទិត្យ មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ ឬ ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​នោះ​ឡើយ។

លោក យឹម ទិត្យ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម ដែល​មាន​តួ​នាទី​ជា​លេខា​តំបន់​ភូមិ​ភាគ​១៣ ភូមិ​ភាគ​និរតី លេខា​ស្រុក​គិរីវង្ស​ខេត្ត​តាកែវ និង​ជា​អនុលេខា​ភូមិ​ភាគ​ពាយ័ព្យ និង​តំបន់​ ១, តំបន់​៣ និង​តំបន់​៤។ នៅ​ក្នុង​តួ​នាទី​ទាំង​នេះ លោក យឹម ទិត្យ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​ជំនួយ​ការ​របស់ តា​ម៉ុក ដែល​ជា​ប្រធាន​ភូមិ​ភាគ​នីរតី។ ហើយ​នៅ​ក្នុង​តួ​នាទី​នោះ​ហើយ ដែល​លោក យឹម ទិត្យ បាន​គ្រប់​គ្រង​មន្ទីរ​សន្តិសុខ (គុក) ហើយ​បាន​អនុវត្ត​គោល​នយោបាយ​បោស​សំអាត​ខ្មាំង​នា​ឆ្នាំ​១៩៧៧។ យ៉ាង​ណា​ក៏​ដោយ ទាក់​ទង​នឹង​ការ​ខ្វែង​គំនិត​គ្នា​នេះ នឹង​ត្រូវ​ដោះ​ស្រាយ​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នៅ​ពេល​សម​ស្រប​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក នេត្រ ភត្រា ប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​ខ្មែរ​ក្រហម។

គួរ​ជំរាប​ជូន​ថា ក្រៅ​ពី​សំណុំ​រឿង​០០១ និង សំណុំ​រឿង ០០២ តុលាការ​ខ្មែរ​ក្រហម​បច្ចុប្បន្ន បាន​ពង្រីក​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​០០៣ ដែល​មាន​ជន​ជាប់​ចោទ​ម្នាក់​ឈ្មោះ មាស មុត អតីត​មេ​បញ្ជា​ការ​កងទ័ព​ជើង​ទឹក​នៅ​ខេត្ត​ព្រះសីហនុ​និង​កំពត និង​សំណុំ​រឿង ០០៤ ដែល​មាន​ជន​ជាប់​ចោទ​ចំនួន​៣​រូប រួម​មាន លោក យឹម ទិត្យ ​លោក អោ អាន និង​អ្នក​ស្រី អ៊ឹម ចែម ជា​ដើម។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា កន្លង​ទៅ លោក​ស្រី អ៊ឹម ចែម អតីត​អភិបាល​ស្រុក​ព្រះ​នេត្រ​ព្រះ​នា​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​វិញ បន្ទាប់​ពី​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ថា លោក​ស្រី គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ