អានតួអត្ថបទ
កម្ពុជា

តំណាង UN ដាស់តឿន​មេដឹកនាំ​ពិភពលោកឲ្យ​ពិចារណា​លើ​សាលដីការ​សាលាក្តី​ខ្មែរក្រហម

បន្ទាប់ពី​ការប្រកាស​សាលក្រម​របស់​ចៅក្រម​តុលាការ​កំពូល លោកគង់ ស្រី​ម ប្រកាស​សាលក្រម​ស្ថាពរ​នៅក្នុង​សំណុំរឿង ០០២វគ្គ១ ដោយ​ដាក់​ឲ្យ ខៀវ សំផន នួន ជា ជាប់​ពន្ធនាគារ​អស់​មួយជីវិត តំណាង​សហប្រធាន​ក្រុមការងារ​ច្បាប់ និង​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​ភាគី​ជាតិ​និង​ភាគី​អង្គការសហប្រជាជាតិ​បាន​ចាត់ទុកថា ការប្រកាស​សាលដីការ​ស្ថាពរ​នៅពេលនេះ​ជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​មួយ។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក កែវ រ៉េមី តំណាង​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា​តំណាង​ក្រុមការងារ​ច្បាប់ និង​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ពី​ភាគី​ជាតិ បាន​អាន​សារ​លោក សុខ អាន នៅ​ចំពោះមុខ​អ្នកកាសែត​ថា វា​ជា​ថ្ងៃ​ប្រ​វ​តិ​សាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​មនុស្សជាតិ​ទាំងមូល។

លោក សុខ អាន តាមរយៈ​លោក​កែវ រ៉េមី បានបញ្ជាក់​ប្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​សង្ឃឹមថា ការជំនុំជម្រះ​ក្តី និង​ការចេញ​សាលដីការ​ស្ថាពរ​នៅពេលនេះ ពិតជា​អាច​រំលែក​បាន​នូវ​ការឈឺចាប់ និង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​របប​នោះ​ជាពុំខាន។

ជាមួយគ្នានេះ​លោក David Schefferតំណាង​ក្រុមការងារ​ច្បាប់​និង​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ពី​ភាគី​អង្គការសហប្រជាជាតិ បានលើកឡើង​ដែរ​ថា អង្គការសហប្រជាជាតិ​បាន​ជួយ​ដល់​សាលាក្តី​ខ្មែរក្រហម​យ៉ាងច្រើន ទាំង​ធនធានមនុស្ស បច្ចេកទេស​ច្បាប់ និង​ថវិការ ដែល​ទាំងអស់នេះ​បាន​នាំមក​នូវ​លទ្ធផល​ដ៏​គួរ​ឲ្យ​ពេញចិត្ត​នៅថ្ងៃនេះ។

តំណាង​អង្គការសហប្រជាជាតិ​រូបនេះ បញ្ជាក់ថា​សាលដីការ​ស្ថាពរ​របស់​តុលាការ​កំពូល​នៅ ថ្ងៃនេះ គឺជា​សារ​មួយ​ប្រាប់​ដល់​មេដឹកនាំ​ពិភពលោក​ដទៃទៀត គួរតែ​ពិនិត្យឡើងវិញ​នៅ ពេលដែល​ខ្លួន​ចង់​ប្រព្រឹត្តិ​នូវ​ឧក្រិដ្ឋកម្ម​នានា​នោះ។ លោក​ថា នេះ​គឺជា​សារ​មួយ​ដែរ​សំដៅ​ទៅលើ​មេដឹកនាំ​បច្ចុប្បន្ន ដូចជា​មេដឹកនាំ​នៅ​ហ្វីលីពីន នៅ​ស៊ូដង់ ឬ​ស៊ូដង់​ខាងត្បូង។ល។ ជាមួយគ្នានេះ​លោក Scheffer រំលឹក​ដល់​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​ដែរ ថា​គួរតែមាន​ការចាប់អារម្មណ៍​អ្វីដែល​កើតមាន​នៅ​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ