អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​អនុម័ត​សេចក្តី​ព្រាង​កម្ម​វិធី​វិនិយោគ​សាធារណៈ​៣​ឆ្នាំ​រំកិលដែល​មាន​តម្លៃ៥២៣៤លាន​ដុល្លារ​អាមេរិក

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨កក្កដា​បាន​អនុម័ត​រួច​ហើយ​នូវ​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ (​ក​.​វ​.​ស​) ៣​ឆ្នាំ​រំកិល (២០១៧-២០១៩) ដែល​មាន​តម្លៃ​៥២៣៤​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ជាង​៥១៩។ សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ ៣ឆ្នាំរំកិល (២០១៧-២០១៩) គឺ​ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧% ក្នុង​មួយ​ឆ្នាំ និង​ទិស​ដៅ​អាទិភាព​នានា​ដែល​គាំទ្រ​ប្រជាជន​ក្រីក្រ ជាពិសេស​តំបន់​ជនបទ។

រូបថតៈ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ដឹក​នាំ​ដោយ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៨​កក្កដា​ឆ្នាំ​២០១៦
រូបថតៈ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ដឹក​នាំ​ដោយ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៨​កក្កដា​ឆ្នាំ​២០១៦ @RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​កម្មវិធី​វិនិ​យោគ​សាធារណៈ (ក.វ.ស) ៣​ឆ្នាំ​រំកិល (២០១៧-២០១៩) ដែល​មាន​តម្លៃ ៥២៣៤ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​អនុម័ត​ដោយ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​ទី​៨​កក្កដា ដោយមាន​ការ​ចូល​រួម​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផង។

តាម​រយៈ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី កម្ម​វិធី​វិនិយោគ​សាធារណៈ (ក.វ.ស) ៣​ឆ្នាំ​រំកិល (ឆ្នាំ​២០​១៧​-២០១៩) ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ផែនការ​នេះ បាន​បង្ហាញ​ថា ក្នុង​ចំណោម​គម្រោង​សរុប​៥១៩គម្រោង មាន​ចំនួន​១៤៩គម្រោង ជា​គម្រោង​កំពុង​ដំណើរ​ការ​ដែល​ត្រូវ​ការ​ថវិកា​ចំនួន ២៥៩៥ លានដុល្លារ​អាមេរិក និង​៣៧០​គម្រោង​ទៀត ជា​គម្រោង​សម្រាប់​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​ជាតិ (ផ.យ.អ.ជ) ២០១៤-២០១៨ ដែល​ត្រូវ​ការ​ទុន​សរុប ចំនួន ២៦៣៩ លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌​មាន​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី។

ជា​សរុប បរិមាណ​ទុន​តាម​ឆ្នាំ​នី​មួយៗ​គឺ ឆ្នាំ២០១៧ មាន​ចំនួន ១៧៤៦ លាន​ដុល្លារ​អាមេរិក, ឆ្នាំ២០១៨ ចំនួន​១៧៤៤ លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ​២០១៩ ចំនួន ១៧៤៤ លាន​ដុល្លារ​អាមេរិក។

សេចក្តី​ប្រកាស បង្ហាញថា បរិមាណ​ទុន​សរុប​ទាំង ៥២៣៤ លាន​ដុល្លារ​អាមេរិក​នេះ រួម​បញ្ចូល​​​​នូវបរិមាណ​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃ​គូ​អភិវឌ្ឍ​មាន​ចំនួន ២៨២៦,៤ លាន​ដុល្លារ​អាមេរិក (ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​៥២៧,១លាន​ដុល្លារ​អាមេរិក និង​ពី​ដៃ​គូអភិវឌ្ឍ​ចំនួន ២២៩៩,៣ លាន​ដុល្លារ​អាមេរិក)។

សូមបញ្ជាក់​ថា ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​កម្មវិធី​វិនិយោគ​សាធារណៈ​នេះ គឺ​ដើម្បី​ធានា​​ការសម្រេច​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច (ផ.ស.ស.) ក្នុង​រង្វង់​៧% ក្នុង​មួយ​ឆ្នាំ និង​ទិស​ដៅ​អាទិភាព​នានាដែល​គាំទ្រ​ដល់​ប្រជាជន​ក្រីក្រ ជា​ពិសេស​តំបន់​ជនបទ ដូចជា ការអភិវឌ្ឍ​កសិកម្ម និង​ជន​បទ តាមរយៈ​ការ​លើក​កម្ពស់​ផលិត​ភាព និង​ពិពិធកម្ម​កសិកម្ម ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៣ និង​ផែន​ការអភិវឌ្ឍ​ជាតិ (ផ.យ.អ.ជ) ២០១៤-២០១៨។

គួរ​ជម្រាប​ជូន​ថា កម្ពុជា ទើប​តែ​ត្រូវ​បាន​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ការ​កែ​តម្រូវ​ជា​ផ្លូវ​ការ​ដោយ​​​​បានចាត់​ឋានៈ​សេដ្ឋកិច្ច​ពី​ក្រុម​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កណ្ដាលទាប​ដែល​ជា​មធ្យម​នៃ​ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​ចំនួន ១២២៥ ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ និង​ស្រប​ពេលដែល​អត្រា​ក្រី​ក្រ​នៃ​ប្រទេស​នេះ ត្រូវ​បាន​កាត់​បន្ថយ​ពី​៥៣%​នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម ១៤% នៅឆ្នាំ២០១៤៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ