អានតួអត្ថបទ
កម្ពុជា

ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​ជា​មូលហេតុ​នៃ​វិវាទ​ដីធ្លី​នៅ​កម្ពុជា

មជ្ឈមណ្ឌល​ស្រាវជ្រាវ តស៊ូ​មតិ និង​ទំនាក់​ទំនង (RACC) នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តី​ពី កម្ពុជា បាន​ចេញ​ផ្សាយ​របាយការណ៍​វិភាគ​មួយ នៅ​ថ្ងៃ​ទី​ ២៨​មិថុនា​នេះ ស្តីពី​ សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​នេះ គេ​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៥​មក កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​ជិត​២​លាន​ហិចតា ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​២៦៧ ដើម្បី​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម ហើយ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ នៅ​តែ​ជា​មូលហេតុ​នៃ​វិវាទ​ដីធ្លី​នៅ​កម្ពុជា។ ប៉ុន្តែ​ភ្លាម​ៗ​នេះ តំណាង​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ និង​ថា ជា​របាយការណ៍​ចាស់ មិន​ឆ្លុះ​បញ្ចាំង​ស្ថាន ការណ៍​ពិត​។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ធ្វើ​ការ​តវ៉ា​នា​ពេល​កន្លង​មក។​
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ធ្វើ​ការ​តវ៉ា​នា​ពេល​កន្លង​មក។​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​មួយ ដែល​ផ្ដល់​ផល​វិបាក​ចំពោះ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​នោះ។

នេះ​បើ​យោង​តាម​របាយការណ៍ «វិភាគ​ស្ថិតិ​ស្តីពី​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា» ដែល​ត្រូវ​បាន​ដាក់​បង្ហាញ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ តស៊ូ​មតិ និង​ទំនាក់​ទំនង (RACC) នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGO Forum) នៅ​ថ្ងៃ​ទី​ ២៨ មិថុនា​នេះ។

ផ្អែក​តាម​ទិន្នន័យ​នេះ មាន​ក្រុមហ៊ុន​ចំនួន​ ២៦៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​ ១លានហិចតា (១.៥៣២.៧៨៣.៦៥ ហ.ត) ដែល​លាត​សន្ធឹង​លើ​ផ្ទៃដី​ក្នុង​ខេត្ត​ចំនួន​១៨។ ខេត្ត​ទាំង​នោះ​រួម​មាន ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត ខេត្តកោះកុង ក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ ខេត្តរតនគីរី សៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

ជាមួយ​នឹង​ក្ដី​សង្ឃឹម​របស់​រដ្ឋាភិបាល​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ដើម្បី​ជួយ​សម្រាល​ជីវភាព និង​ផ្ដល់​ការងារ​ឲ្យ​ប្រជាជន​កម្ពុជា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​បាន​បង្ក​ទៅ​ជា​ទុក្ខ​ទោស​ដល់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ទៅ​វិញ។ នៅ​ក្នុង​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៥៨ បាន​បង្ក​អោយ​មាន​វិវាទ​ដីធ្លី ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ទៅ​ដល់​ប្រជាជន​រហូត​ដល់​ទៅ ៣៥៦០៤​គ្រួសារ។ ហើយ​ក្នុង​ចំណោម​នោះ​ មាន​តែ ៤២ ករណី​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ដោះស្រាយ ហើយ​៥០​ករណី​ទៀត​បាន​ដោះស្រាយ​ខ្លះ, ៥៤ករណី​មិន​ទាន់​បាន​ដោះស្រាយ និង​១២​ករណី​ទៀត​ដែល​មិន​បាន​ដឹង។

យ៉ាងណា​ក៏​ដោយ តំណាង​រដ្ឋាភិបាល​មក​ពី​ក្រសួង​បរិស្ថាន លោក ស៊ី រ៉ាមន្នី បាន​ចាត់​ទុក​ថា របាយការណ៍​នេះ​ថា ជា​របាយការណ៍​ចាស់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​នោះ​ទេ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​តួលេខ​មួយ​ចំនួន នៅ​ក្នុង​របាយការណ៍​នេះ ពិសេស​តួលេខ​ចន្លោះ​ពី​ខែ​៤ និង​ខែ​៥ នៃ​ឆ្នាំ​២០១៦​នេះ។

គួរ​ជម្រាប​ជូន​ថា ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ១៩៩៥ មក។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥ និន្នាការ​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ខ្លាំង បន្ទាប់​ពី​មាន​បទ​បញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ មាន​ក្រុមហ៊ុន​ចំនួន ២៣ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដក​ហូត​យក​មក​វិញ និង​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ដី​វិនិយោគ​ជូន​រដ្ឋាភិបាល​វិញ ខណៈ​ដែល​ក្រុមហ៊ុន​ខ្លះ​ទៀត​ត្រូវ​បាន​កាត់​បន្ថយ​ទំហំ​ដី​វិនិយោគ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ទុក​ពេល​ចន្លោះ​ពី​៦​ខែ​ទៅ​១ឆ្នាំ ដើម្បី​តាម​ដាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ