កម្ពុជាគួរពង្រីកវិស័យអេកូទេសចរណ៍ ដើម្បីថែរក្សាតំបន់ធម្មជាតិ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៤
កម្ពុជាជាប្រទេសដែលមានសក្ដានុពលធនធានធម្មជាតិខ្ពស់ ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យប្រទេសនេះប្រឈមមុខយ៉ាងខ្លាំងក្លាដែរ ចំពោះការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាពិសេសសត្វព្រៃ និងព្រៃឈើ។ កន្លងមក រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលបានធ្វើការងារជាច្រើនដើម្បីថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្ស។ ការងារមួយក្នុងចំណោមនោះ គឺការប្រែក្លាយតំបន់ធនធានធម្មជាតិឲ្យទៅជាតំបន់អេកូទេសចរណ៍ ដែលគេជឿថា អាចរួមចំណែកថែរក្សាធនធានធម្មជាតិបាន ប្រកបដោយប្រសិទ្ធិភាព។
បន្ទាប់ពីវិស័យវាយនភណ្ឌនិងកសិកម្ម វិស័យទេសចរណ៍នៅកម្ពុជាត្រូវបានគេចាត់ទុកថាជាមាសបៃតង និងជាឆ្អឹងខ្នងដ៏ចម្បងមួយនៃសេដ្ឋកិច្ចជាតិ ដែលបានផ្ដល់ចំណូលប្រមាណ៣ពាន់លានដុល្លារអាមេរិក តាមរយៈភ្ញៀវទេសចរណ៍អន្ដរជាតិប្រមាណ៤លាន៧សែននាក់កាលពីឆ្នាំ២០១៥កន្លងទៅ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវបរទេសដែលមកទស្សនាកម្ពុជាភាគច្រើន តម្រង់គោលដៅទៅកម្សាន្តនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ។ ជាតំបន់បណ្ដុំនៃសេដ្ឋកិច្ច នយោបាយ និងរមនីយដ្ឋានវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សក្តានុពលវិស័យទេសចរណ៍មិនមែនមានត្រឹមបណ្ណឹងទេ។ ក៏មានផងដែរ តំបន់អេកូទេសចរណ៍ ឬទេសចរណ៍ធម្មជាតិ ដែលមានរាយប៉ាយនៅទូទាំងប្រទេស និងដែលមិនទាន់មានសន្ទុះខ្លាំងក្លាទេ បើធៀបទៅនឹងវិស័យទេសចរណ៍វប្បធម៌និងឆ្នេរសមុទ្រ។ កាលពីឆ្នាំ២០១៥ ភ្ញៀវទេសចរណ៍បរទេសតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ ដែលបានទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ នៅកម្ពុជា។
គិតត្រឹមឆ្នាំ២០១៦នេះ កម្ពុជាមានសហគមន៍អេកូទេសចរណ៍ចំនួន៤៥កន្លែងនៅទូទាំងប្រទេស កើនឡើងលើសឆ្នាំ២០០៩ ចំនួន១៧កន្លែង។ អេកូទេសចរណ៍ គឺជាការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី ដើម្បីរួមចំណែកថែរក្សាប្រព័ន្ធអេកូឡូស៊ី។ នៅក្នុងសកម្មភាពទេសចរណ៍របៀបនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានទទួលចំណូលតាមរយៈការទទួលភ្ញៀវទេសចរឲ្យស្នាក់នៅជាមួយ ចម្អិនម្ហូបអាហារឲ្យអ្នកទេសចរទទួលទាន និងជូនភ្ញៀវទស្សនាធម្មជាតិ ជាដើម។ បច្ចុប្បន្ន បើតាមក្រសួងទេសចរណ៍ សក្ដានុពលនៃតំបន់អេកូទេសចរណ៍របស់កម្ពុជា ជាអាថិ៍ ព្រៃភ្នំ ព្រៃព្រឹក្សា ទឹកជ្រោះធម្មជាតិ សត្វព្រៃ ព្រមទាំងជីវចម្រុះច្រើនសន្ធឹកសន្ធាប់ មាននៅខេត្តចំនួន៤ក្នុងភាគឦសាន ខេត្តចំនួន៤នៅតំបន់មាត់សមុទ្រ និងខេត្តចំនួន៦ផ្សេងទៀតនៅជុំវិញបឹងទន្លេសាប ។ ប៉ុន្តែតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបអស់ទាំងនេះ មានតិចតួចណាស់ដែលត្រូវបានផ្សព្វផ្សាយ និងរៀបចំបានស្រួលបួល។ តំបន់មួយចំនួនធំទៀត នៅមិនទាន់មានលក្ខណៈជាកន្លែងទេសចរណ៍នៅឡើយ ហើយក៏មិនសូវមានដែរ អ្នកទេសចរដែលស្គាល់និងបានទៅកម្សាន្តដល់ទីនោះ។
ការរៀបចំនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីតំបន់អេកូទេសចរណ៍ មិនត្រឹមតែអាចបង្កើតឱកាសការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ុណ្ណោះទេ វាក៏អាចរួមចំណែកជួយថែរក្សាធនធានធម្មជាតិបាន ប្រកបដោយប្រសិទ្ធិភាពផងដែរ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានទទួលចំណូលពីសកម្មភាពទេសចរណ៍ ជាទូទៅលែងធ្វើចំណាកស្រុក ហើយបញ្ឈប់រាល់ទង្វើបំផ្លាញធនធានធម្មជាតិ ដូចជាកាប់ទន្ទ្រានព្រៃ និងសម្លាប់សត្វព្រៃជាដើម ដើម្បីទុកសម្រាប់ទេសចរកម្សាន្ត។
អ្នកជំនាញផ្នែកធនធានធម្មជាតិនិងទេសចរណ៍បានពន្យល់បន្ថែមថា ការទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ធ្វើឲ្យអ្នកទេសចរយល់ដឹង និងគោរពផ្ដល់តម្លៃដល់ធនធានធម្មជាតិ។ ហើយផ្ដើមចេញពីការគោរពនេះ អ្នកទាំងនោះនឹងចូលរួមការពារធនធានធម្មជាតិដោយចិត្តឯង មិនចាំបាច់មានការអំពាវនាវ ឬជំរុញពីនរណាឡើយ។
ជាការពិត ការរៀបចំនិងផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍តែម្យ៉ាង មិនអាចការពារធនធានធម្មជាតិបានទាំងស្រុងទេ។ ការការពារធនធានធម្មជាតិ គឺជាការងារដ៏ធំធេងនិងស្មុគស្មាញ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល ទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងហោចណាស់ នៅពេលបានទៅដល់និងស្គាល់តំបន់អេកូទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឆន្ទៈរបស់អ្នកទេសចរក្នុងការការពារធនធានធម្មជាតិនឹងកាន់តែពុះកញ្ជ្រោលជាក់ជាពុំខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ