រួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយការផ្ដល់តម្លៃឲ្យគ្រូបង្រៀន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤២
ថ្ងៃទី០៥ខែតុលានេះ គឺ ជាទិវាគ្រូបង្រៀន។ នៅលើសកលលោក ទិវាគ្រូបង្រៀនត្រូវបានប្រារព្ធឡើងដើម្បីលើកកម្ពស់តម្លៃរបស់គ្រូបង្រៀន។ ប៉ុន្តែជាការកត់សម្គាល់ នៅកម្ពុជា ជារៀងរាល់ឆ្នាំ ទិវាគ្រូបង្រៀនតែងតែប្រារព្ធឡើងដោយមានគ្រូបង្រៀនរាប់រយនាក់ ជួបជុំ ថ្លែងការណ៍ និងដាក់ញត្តិ ដើម្បីទាមទារឡើងប្រាក់ខែ។ តាមរយៈសកម្មភាពនេះ មតិមួយចំនួនលើកឡើងថា តម្លៃរបស់គ្រូបង្រៀននៅកម្ពុជា កំពុងតែធ្លាក់ចុះយ៉ាងគំហុក។ តើហេតុអ្វីបានជាដូច្នេះ? ហើយថាតើគេអាចលើកកម្ពស់តម្លៃគ្រូបង្រៀនខ្មែរបានយ៉ាងដូចម្ដេច?
ទិវាគ្រូបង្រៀន ត្រូវបានប្រទេសជាច្រើនលើលោក ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីគុណូបការៈ និងលើកកម្ពស់តម្លៃរបស់គ្រូបង្រៀន។ គ្រូបង្រៀន ដែលត្រូវបានគេទទួលស្គាល់ជាទូទៅថា ជាអ្នកផ្ដល់ចំណេះ ជាអ្នកមានគុណ ជាមាតាបិតាទី២របស់សិស្ស។
នៅប្រទេសចិន រៀងរាល់ថ្ងៃទី១០ខែកញ្ញា សិស្សានុសិស្សបានជួបជុំគ្នា សម្ដែងការគោរពចំពោះលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ។ ចំណែកនៅប្រទេសថៃ ទិវាគ្រូបង្រៀនត្រូវរៀបចំឡើងនៅថ្ងៃទី១៦ខែមករាជារៀងរាល់ឆ្នាំ ដោយមានរៀបចំកម្មវិធីសំពះគ្រូនៅគ្រប់សាលាទាំងអស់។ នៅកម្ពុជាវិញ ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោកនិងទិវាដឹងគុណគ្រូកម្ពុជា ថ្ងៃទី៥តុលា គ្រូបង្រៀនរាប់រយនាក់ ចុះផ្លូវដើរក្បួនដើម្បីដាក់ញត្តិ ដោយមានការរារាំងពីកងកម្លាំងមានសមត្ថកិច្ចរាប់រយនាក់។
តម្លៃរបស់គ្រូបង្រៀន កំពុងតែធ្លាក់ចុះយ៉ាងគំហុក នៅក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន។ តើហេតុអ្វីបានជាដូច្នេះ? ចម្លើយដែលគេតែងតែបានលឺជារឿយៗ គឺបញ្ហាជីវភាពគ្រូបង្រៀន។ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជីវភាពខ្សត់ខ្សោយរបស់គ្រូបង្រៀន បានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានទៅលើគុណតម្លៃរបស់ពួកគេ។ ប្រាក់បៀរវត្សដ៏តិចតួចរបស់គ្រូបង្រៀន មិនអាចឲ្យពួកគេផ្គត់ផ្គង់ជីវភាពបានសមរម្យឡើយ។ ជីវភាពខ្សត់ខ្សោយនេះហើយ ដែលធ្វើឲ្យគ្រូ បាត់បង់តម្លៃនៅចំពោះមុខសិស្ស។ មុខរបរគ្រូបង្រៀនដែលធ្លាប់តែជាជម្រើសទី១ និងជាទីកោតស្ញប់ស្ញែងរបស់មនុស្សទូទៅ បានក្លាយជាជម្រើសបន្ទាប់បន្សំ ឬ ជាជម្រើសចុងក្រោយបំផុតសម្រាប់អ្នកស្វែងរកការងារធ្វើ។
យ៉ាងណាក៏ដោយ បញ្ហាជីវភាព មិនមែនតែជាកត្តាតែមួយគត់ ដែលធ្វើឲ្យតម្លៃរបស់គ្រូបង្រៀនធ្លាក់ចុះនោះទេ។ សីលធម៌សង្គមដែលស្រុតចុះ ក៏ជាមូលហេតុមួយដែរ។ ក្នុងនោះ សីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀន ត្រូវបានសង្គមសព្វថ្ងៃវាយតម្លៃថា កំពុងស្រុតចុះជាបណ្ដើរៗ បើប្រៀបធៀបនិងសម័យមុនឆ្នាំ១៩៧០។ គ្រូបង្រៀនមួយចំនួនប្រើប្រាស់ពាក្យសម្ដី និងកាយវិការ ដែលមិនស័ក្តិសម និងមិនគួរឲ្យសិស្សយកគំរូតាម។ ចំណែកសិស្សានុសិស្សមួយចំនួនក៏មិនសូវគោរពគ្រូ មិនសូវស្តាប់បង្គាប់គ្រូដូចពីមុន និងមានខ្លះ ហ៊ានរហូតដល់ទៅជេរប្រមាថគ្រូថែមទៀតផង។
មួយវិញទៀត បរិបទសង្គមដែលប្ដូរផ្លាស់ ក៏បានធ្វើឲ្យគុណតម្លៃរបស់គ្រូបង្រៀនធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ ពីមុន នៅក្នុងសង្គមខ្មែរ គុណសម្បត្តិរបស់គ្រូ ត្រូវបានជនជាតិខ្មែរទទួលស្គាល់ និងឲ្យតម្លៃយ៉ាងខ្លាំង។ អាជីពជាគ្រូបង្រៀនទទួលបានការគោរព ទទួលស្គាល់ កោតសរសើរ ស្ញប់ស្ញែង និងលើកតម្កើង។
បច្ចុប្បន្ន ការទទួលស្គាល់ពីគុណតម្លៃនៃអាជីពជាគ្រូបង្រៀន គឺនៅតែមានក្នុងសង្គមខ្មែរ។ ទទួលស្គាល់ ទើបពលរដ្ឋខ្មែរបញ្ជូនកូនឲ្យទៅរៀននៅសាលា ដែលជាកន្លែងធ្វើការរបស់គ្រូបង្រៀន។ ប៉ុន្តែគ្មានទេការឲ្យតម្លៃ និងលើកតម្កើងដូចមុន។ ជាក់ស្ដែង នៅពេលកូនទទួលបានលទ្ធផលល្អក្នុងការសិក្សា មាតាបិតាខ្មែរមួយចំនួន ច្រើនភ្លេចគិតពីគុណូបការៈរបស់គ្រូ ដែលចំណាយកម្លាំងកាយចិត្ត បង្ហាត់បង្រៀនកូនរបស់ខ្លួន ដោយគិតតែម្យ៉ាងថា លទ្ធផលល្អនៃការសិក្សរបស់កូន គឺមកពីជាតិកំណើត ឬវង្សត្រកូលរបស់ពួកគេផ្ទាល់។
ជាការពិត ជាតិកំណើត ឬពូជពង្សវង្សត្រកូលរបស់គ្រួសារ គឺជាកត្តាមួយ ប៉ុន្តែបើគ្មានគ្រូបង្រៀន ដែលជាអ្នកបង្ហាត់ចំណេះជំនាញនិងជួយបង្ហាញផ្លូវទេនោះ សិស្សពិតជាពិបាកទទួលបានលទ្ធផលល្អក្នុងការសិក្សាណាស់។
នៅកម្ពុជា ការធ្លាក់ចុះនៃតម្លៃរបស់គ្រូបង្រៀន បានទាញវិស័យអប់រំ ឲ្យធ្លាក់ចុះជាមួយដែរ។ ដូច្នេះហើយ តម្លៃរបស់គ្រូបង្រៀននៅកម្ពុជា ត្រូវលើកកម្ពស់ជាចាំបាច់ ប្រសិនបើគេចង់អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានភាពប្រសើរជាងនេះ!
វិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន និងកំពុងព្យាយាមតម្លើងប្រាក់ខែជូនគ្រូបង្រៀន គឺជាប្រការមួយគួរលើកទឹកចិត្ត។ ប៉ុន្តែការងារនេះចាំបាច់ត្រូវរៀបចំឲ្យបានលឿន។ ទន្ទឹមគ្នានេះ គេក៏មិនត្រូវភ្លេចផងដែរ ការលើកកម្ពស់សីលធម៌របស់សិស្សដែលធ្លាក់ចុះ និងជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀន។ ចំណែកប្រជាពលរដ្ឋទូទៅ ក៏គួរតែចាប់ផ្ដើមផ្ដល់តម្លៃ និងលើកតម្កើងគ្រូបង្រៀនឡើងវិញ។ ត្រូវផ្ដល់តម្លៃ និងលើកតម្កើងគ្រូបង្រៀន សូមកុំភ្លេចថា ប្រសិនបើគ្មានគ្រូបង្រៀន សិស្សនិងនិស្សិត រាប់សែននាក់ ប្រាកដជាមិនអាចបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំដូច្នេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ