អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រដ្ឋ​នឹង​ខាត​បង់​ប្រាក់ គណៈកម្មការ​នឹង​បាត់បង់​ប្រសិទ្ធ​ភាព​ការងារ ប្រសិន​បើ​ឈើ​​នៅ​តែ​ឆេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ គួរ​មាន​ការ​អង្កេត​នូវ​ហេតុការណ៍​ភ្លើង​ឆេះ​ឈើ​ឲ្យ​បាន​ច្បាស់​លាស់ រួម​ទាំង​មាន​វិធាន​ការ​ទប់​ស្កាត់​ផង​ដែរ​កុំ​ឲ្យ​មាន​ឆេះ​ជា​បន្ត​ទៀត ដែល​នេះ​គឺ​ជា​ការ​ខាត​បង់​ថវិកា​ចូល​ជាតិ។ មួយ​វិញ​ទៀត​ប្រសិន​បើ​អគ្គិភ័យ​នេះ ជា​ចេតនា​ដុត​បំផ្លាញ​វត្ថុ​តាង​វិញ​នោះ វា​គឺ​ជា​ការ​ផ្គើន​នឹង​យទ្ធនាការ​របស់​គណៈកម្មការ និង​ជា​បរាជ័យ​ក្នុង​ការ​ទប់​បទល្មើស​ព្រៃឈើ​ដែរ ក្នុង​ការ​រក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ។

ការ​ចុះ​ត្រួត​ពិនិត្យ ​បទ​ល្មើល​ព្រៃ​ឈើ ​នៅ​ស្រុក​មេមត់​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។
ការ​ចុះ​ត្រួត​ពិនិត្យ ​បទ​ល្មើល​ព្រៃ​ឈើ ​នៅ​ស្រុក​មេមត់​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ សហការី
ផ្សាយពាណិជ្ជកម្ម

ឈើ​ប្រណីត​ៗ​ជា​ច្រើន​កំណាត់ ត្រូវ​បាន​ភ្លើង​ឆេះ ជា​បន្ត​បន្ទាប់ ខណៈ​ដែល​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ​នាយក​ឧត្តម​សេនីយ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​ធ្វើការ និង​មិន​ទាន់​បាន​ចេញ​របាយកាណ៍​ជា​លទ្ធផល​ម្តង​នៅ​ឡើយ បន្ទាប់​ពី​គណៈកម្មការ​នេះ​បង្កើត​ឡើង​ប្រមាណ​ជា​២​ខែ។

កាល​ពី​សប្តាហ៍​មុន​ឈើ​ប្រណីត​រាប់​ពាន់​កំណាត់​វែង​ៗ របស់​ក្រុមហ៊ុន យូនីហ្គ្រីន និង​ក្រុមហ៊ុន ​កសិករ​ខ្មែរ​អង្គរ មាន​ទីតាំង​នៅ​ក្នុង​ដី​សម្បទាន​នៃ​ខេត្ត​មណ្ឌល​គីរី បាន​ក្លាយ​ជា​រងើក​ភ្លើង​ ក្រហម​ឆ្អិនឆ្អៅ ដោយសារ​ការ​ឆេះ​មាន​លក្ខណៈ​ធំធេង និង​បង្ក​ការ​ខូចខាត​ឈើ ដែល​សុទ្ធ​សឹង​ជា​លុយ​រាប់​លាន​ដុល្លារ។ តាម​ការ​កត់​សម្គាល់ អគ្គិភ័យ​បំផ្លាញ​ឈើ​នេះ មិន​មែន​ជា​លើក​ទី​១ទេ​នៅ​ខេត្ត​មណ្ឌល​គីរី គឺ​កាល​ពី​ខែ​មករា​កន្លង​ទៅ ឈើ​ក៏​ត្រូវ​ភ្លើង​ឆេះ​ផង​ដែរ នៅ​ក្រុម​ហ៊ុន​ដី​សម្បទាន​វៀតណាម​ឈ្មោះ​ប៊ិញ​ហ្វឿក​១ ក្នុង​ស្រុក​កែវ​សីមា។

ការ​ឆេះ​កំណាត់​ឈើ​ទាំង​ដុំ​ៗ​ក្រហម​រងាល ដែល​មើល​ទៅ​ហាក់​ចង់​ស្រក់​ទឹកមាត់​គ្រប់​គ្នា​នេះ​ ត្រូវ​គេ​មើល​ឃើញ​ និង​លើក​ជា​ចំងល់​ថា វា​ជា​រឿង​ចៃដន្យ​ម៉្លេះ ដែល​ឈើ​បែប​នេះ​កន្លង​មក​មិន​ដែល​ឮ​ថា​មាន​ភ្លើង​ឆេះផ្តេសផ្តាស​យ៉ាង​ងាយ​ៗ​បែប​នេះ​ទេ។ ក៏​ប៉ុន្តែ​ទើប​តែ​មាន​គណៈកម្មការ​ថ្នាក់​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កើត​ឡើង ទើប​មាន​រឿង​ឆេះ​ព្រៃ​ និង​ឆេះ​ឈើ​ជា​ហូរហែ ​ដំណាល​គ្នា​ដែរ!

តែ​នេះ​គ្រាន់​តែ​ជា​រឿង​ជួន​គ្នា​ប៉ុណ្ណោះ ដរាប​ណា​គណៈកម្មការ​បង្រ្កាប​ព្រៃឈើ​នៅ​មិន​ទាន់​បញ្ជាក់​ពី​លទ្ធផល​ការងារ​ផ្លូវ​ការ​ថា​យ៉ាង​ណា​ទេ គេ​មិន​អាច​ធ្វើ​ការ​វាយ​តម្លៃ​ថា​យ៉ាង​ណា​បាន​ទេ។ ក៏​ប៉ុន្តែ​មាន​ការ​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ឈើ​មិន​ដែល​ឆេះ​ខ្លួន​ឯង​បាន​ទេ។ ហើយ​ឈើ​ប្រណីត​បែប​នេះ​មិន​អាច​ឆេះ​ដោយ​ងាយ​ៗ​ទាំង​គំនរ​បាន​ដែរ បើ​ទោះ​ណា​ជា​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ណា​ក៏​ដោយ។

ម្យ៉ាង​ទៀត​ឈើ​ប្រណីត​ៗ​ក្រហម​រលោង វា​ស្មើ​នឹង​លុយ​ដុល្លារ​ដ៏​ខៀវ​ស្រងាត់​យ៉ាង​ក្រាស​ក្រែល ការ​រៀប​ចំ​ទុកដាក់​របស់​ឈ្មួញ ក៏​មាន​ការ​ថែទាំ និង​ការពារ​ឈើ​ទាំង​អស់​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន​ផង​ដែរ គឺ​ការ​ថែរក្សា​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​ការពារ​ពី​អគ្គិភ័យ ដោយ​ប្រការ​ណា​មួយ​នេះ​ឯង។

ដំណាល​គ្នា​នេះ ក៏​មាន​ការ​លើក​ឡើង​ផង​ដែរ​ពី​មជ្ឈដ្ឋាន​នានា ដែល​តាម​ដាន​ដំណើរ​ការងារ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ និង​អគ្គិភ័យ​នេះ ដោយ​មាន​ការ​លើក​ឡើង​ថា​ពេល​នេះ​ឈ្មួញ លែង​អាច​ទាញ​យក​ប្រយោជន៍​ពី​គំនរ​ឈើ​ដ៏​ប្រណីត​នេះ​ទៀត​ហើយ ដូច្នេះ​អគ្គិភ័យ​ ដែល​ឆាប​ឆេះ​កំ​ណាត់​ឈើ​នេះ អាច​ជា​ចេតនា​របស់​ឈ្មួញ​ឈើ​ក៏​ថា​បាន។ ប្រសិន​បើ​ឈើ ទាំង​អស់​នេះ ​អាច​ជា​វត្ថុ​តាង​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃឈើ គេ​គិត​ថា​វា​អាច​ជា​ចេតនា​ផង​ដែរ​ក្នុង​ការ​បំបាត់​ភស្តុតាង​និង​វត្ថុ​តាង​ទាំង​នេះ។

តាម​ការ​គិត​មួយ​ផ្នែក វា​ប្រហែល​ជា​មិន​មាន​ការ​លំបាក​ទេ​ក្នុង​ការ​អង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត​ពី​អគ្គិភ័យ​ និង​រក​អ្នក​ទទួល​ខុស​ត្រូវ ដោយ​ហេតុថា អគ្គិភ័យ​ដែល​បាន​កើត​ឡើង​ទាំង​ពីរ​លើក​ ហើយ​បំផ្លាញ​ឈើ​ប្រណីត​អស់​ជា​ច្រើន​កំណាត់​កន្លង​ទៅ​នេះ គឺ​ស្ថិត​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋ​ប្រគល់​ឲ្យ​ទាំង​អស់!

មួយ​វិញ​ទៀត ទីតាំង​ដែល​មាន​ភ្លើង​ឆេះ​ឈើ​ គឺ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ដែល​ជា​ការ​សម្រេច​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មករា​នោះ បាន​ចូល​ទៅ​ដល់​ហើយ និង​មាន​កម្លាំង​គ្រប់​គ្រង​តំបន់​នោះ​ទៀត​ផង ហេតុ​ដូចម្តេច​បាន​ជា​មាន​ការ​ថ្លោះធ្លោយ ឲ្យ​ភ្លើង​ឆេះ​ឈើ​ដូច្នេះ? សំណួរ​នេះ​ត្រូវ​បាន​សួរ​ពី​គ្រប់​ទិសទី និង​លើក​ជា​ចំងល់​លើ​ចំណាត់​ការ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ពី​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មការ​នេះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​សន្និដ្ឋាន​ពី​ខាង​ក្រៅ​បាន​ទេ ខណៈ​ដែល​គណៈកម្មការ​ជាតិ​មួយ​នេះ​កំពុង​តែ​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ឡើយ និង​មិន​ទាន់​បាន​ប្រកាស​ពី​លទ្ធផល​ ឬយ៉ាងណា​ដែរ គ្រាន់​តែ​ដឹង​ខ្លះ​ៗ​ថា​មាន​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​កសាង​សំណុំ​រឿង​ទៅ​កាន់​តុលាការ​ហើយ នេះ​បើ​តាម​ការ​បង្ហើប​ជា​បន្ត​បន្ទាប់​ពី​អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

ក៏​ប៉ុន្តែ​សាធារណៈជន នៅ​តែ​ទទូច​ថា គណៈកម្មការជាតិ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​នានា គួរ​តែ​ស្វាហាប់ ទប់ស្កាត់ ជា​ពិសេស​បង្កា​ឲ្យ​បាន​នូវ​អគ្គិភ័យ ជាយថាហេតុ ឬ​ក៏​ដោយ​ចេតនា​ណា​មួយ​បន្ថែម​ទៀត ព្រោះ​ថា​ការ​ដុត​ឈើ​ចោល ប្រៀប​បាន​នឹង​ដុត​លុយ​ដុល្លារ​ទាំង​គីប​ៗ​ចោល​ដូច្នោះ​ដែរ។ ប្រសិន​បើ​ឈើ​ដែល​ប្រមូល​បាន​ពី​យុទ្ធនាការ​បង្ក្រាប​នេះ ឬ​ក៏​តម្រូវ​ឲ្យ​មាន​ការ​បង់ពន្ធ នោះ​ការ​បង្ក្រាប​នេះ​មាន​អត្ថន័យ​ច្រើន ពោល​គឺ​ជា​សករាជ​ថ្មី​មួយ​នៃ​ការ​ជួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ និង​បាន​ចំណូល​ថវិកា​ចូល​រដ្ឋ​ផង​ដែរ​ពី​ការ​រិបអូស​ឈើ​ខុសច្បាប់ ឬ​ឈើ​ដែល​ត្រូវ​បង់ពន្ធ។ អត្ថន័យ​មួយ​ទៀត លទ្ធផល​ជា​វិជ្ជមាន​ណាមួយ​ពី​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​នេះ នឹង​អាច​នាំ​មក​នូវ​ផល​ចំណេញ​ច្រើនដែរ ​ដល់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​បើ​លទ្ធផល​ដែល​ចេញ​មក​នៅ​ពេល​ខាង​មុខ មើល​ទៅ​មិន​ដុំ​កំភួន​ទេ វា​នឹង​ក្លាយ​ជា​បរាជ័យ​របស់​គណៈកម្មការ​មួយ​នេះ ហើយ​ក៏​វា​អាច​ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ