អានតួអត្ថបទ
កម្ពុជា

សហគមន៍​ការពារ​ព្រៃ​ឡង់៖ការ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ទៅ​វៀត​ណាម​នៅ​តែ​បន្ត​កើតមាន

សហគមន៍​ការពារ​ព្រៃ​ឡ​ង់ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ធ្វើ​សន្និ​សីទ​សារព័ត៌មាន​ បង្ហាញ​លទ្ធផលផ្លូវ​ការ នៃ​ដំណើរ​ចុះ​ល្បាត​ព្រៃ​ឡង់​ដែល​មាន​រយៈពេល​ប្រាំ​ថ្ងៃ​ក្នុង​ខេត្ត​ចំនួន​បួន​រួម​មាន​ក្រចេះ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ។ ក្នុង​នោះ​សហគមន៍ រក​ឃើញ​ឈើ​ជ្រៀក​រួច​ចំនួន៧៥​ម៉ែត្រ​គូប ឈើ​កាប់​រំលំ​មិន​ទាន់​ជ្រៀក​ចំនួន​១៥៩​ដើម និង គល់​ឈើ​កាប់​រួច​ថ្មី​ចំនួន៧៨៧គល់ ហើយ​បាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​។ បន្ថែម​ពី​លើ​នេះ​ទៀត​ពួក​គេ​បាន​រកឃើញ​ថា ការ​ដឹក​ឈើ​ចេញ​ពី​ព្រៃឡង់​ទៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន ​បើ​ទោះ​បី​ជា​គណៈកម្មការ​ជាតិ​កាល​ពី​ពេល​ថ្មី​ៗនេះ​ប្រកាស​បិទ​ច្រក​នាំ​ ចេញ​ឈើ​ទៅ​វៀតណាម​ក៏​ដោយ។

ការកាប់​ឈើក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន និង​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​
ការកាប់​ឈើក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន និង​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​ @RFI
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះលោក ហឿន សុភាព តំណាង​សហគមន៍​ការពារ​ព្រៃឡង់​មក​ខេត្ត​កំពង់ធំ​លើក​ឡើង​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​នៅ​តែ​បន្ត​កើត​មាន​ដដែល ។ ពិសេស​ការ​ដឹក​ឈើ​ចេញ​ពី​ព្រៃឡង់​នាំ​បន្ត​ទៅ​កាន់ប្រទេស​វៀតណាម​តាម​ច្រក​ព្រំដែន។  

តាម​រយៈ​ការ​ចុះល្បាត​ជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​០១ដល់​ថ្ងៃ​ទី​០៥កុម្ភៈ ក្នុង​ខេត្ត​ចំនួន​បួន​សហ​គមន៍​​ការពារ​ព្រៃឡង់​សហការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គឺ​ចាប់​បាន រណា​យន្តសរុប​ចំនួន​១៩​គ្រឿងដោយ​បាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​និង​រក​ឃើញ​កាំភ្លើង​ឆ្នៃ​២ដើម​និង​ស្នាតេះ​មួយ​ដើម។ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​សហគមន៍​នៅពេល​ល្បាត​ព្រៃ​នោះពួក​គេ​បាន​ប្រទះ​ឃើញ​កាំភ្លើង​កែច្នៃ​ ដែល​ផលិត​ឡើង​ដើម្បី​បំបាក់ស្មារតី​ដល់​ដំណើរ​ចុះល្បាត​ព្រៃ​របស់​ពួក​គេ។

បន្ទាប់​ពី​ការ​រក​ឃើញ​វត្ថុ​តាង​ទាំង​អស់​នេះ​ពួកគេ​បាន​ធ្វើ​របាយការណ៍​សង្ខេប​ដាក់​​ជូនរដ្ឋ​បាល​ព្រៃឈើ មុន​នឹង​ដាក់​ជូន​ស្ថាប័ន​ជំនាញ។

លោក ហឿន សុភាព ឲ្យ​ដឹង​ថា ដំណើរ​ចុះ​ល្បាត​របស់​សហគមន៍​ការពារ​ព្រៃឡង់​ធ្វើឡើង​ដោយ​ពុំ​មាន​កិច្ច​សហការណ៍​ជាមួយ​គណៈកម្មការ​ជាតិ​របស់​រដ្ឋាភិបាល​ដឹក​នាំដោយ​លោក សៅ សុខា ជា​ប្រធាន​នោះ​ទេ។ តាំង​ពី​រដ្ឋាភិបាល​បង្កើត​គណៈកម្មការជាតិ​នេះ​ឡើង​លោក​ថា គណៈកម្មការ​ជាតិ​មួយ​នេះពុំ​ដែល​ឃើញ​ចុះ​ទៅ​កាន់​តំបន់​ព្រៃឡង់​នោះ​ទេ​។

ព្រៃឡង់​បើ​តាម​ការ​អះអាង​របស់​ប្រជាសហគមន៍​គឺ​នៅ​ពេល​នេះ​កំពុង​រង់​ការ​កាប់បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ដែល​បង្ក​ផល​ប៉ះពាល់​ផង​ដែរ​ដល់​សត្វ​ព្រៃ​និង​មច្ឆាជាតិ​ ពីសំណាក់​ក្រុម​ឈ្មួញ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​។ ដំណោះស្រាយ​ចំពោះ​មុខ​សហគមន៍​ការពារ​ព្រៃឡង់​ស្នើ​ឲ្យ​គណៈ​កម្មការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ចាត់​វិធានការ​និង​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ