អានតួអត្ថបទ
កម្ពុជា

ជម្រើស​ ៤ យ៉ាង របស់​សហភាព​អឺរ៉ុប​ សម្រាប់​ការ​ធ្វើ​បញ្ជី​បោះឆ្នោត​នៅ​កម្ពុជា

អ្នកជំនាញ​ការ​ខាង​បោះឆ្នោត​ របស់​សហភាព​អឺរ៉ុប​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ ​ទី២៣​មករា ​បាន​បង្ហាញ​ក្រុម​ការងារ​ចរចា​កំណែទម្រង់​ការ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុម​ការងារ​​គណបក្ស​សង្គ្រោះជាតិ​ នូវ​ជម្រើស​ ៤ យ៉ាង ​សម្រាប់​ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ នៅ​កម្ពុជា។ ​ជម្រើស​ទាំង​ ៤ ​របស់​សហភាព​អឺរ៉ុប​ រួមមាន​៖ ទី១​-ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ ដោយ​ប្រើ​សំបុត្រ​កំណើត​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ ទី២​-ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ជី​បោះឆ្នោត​ចាស់​ របស់​គជប​ សព្វ​ថ្ងៃ​ ទី៣-​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​ ដោយ​ប្រើ​ស្នាម​ម្រាមដៃ​ទាំង​ ១០ ​និង​ជម្រើស​ទី៤-​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​ ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពីគ្នា​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ទី២៣​ ខែមករា​ នៅ​រដ្ឋសភា​ ក្រុម​អ្នក​ជំនាញ​ការ​សហភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ជម្រើស​ ៤ ​នៃ​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ នៅ​កម្ពុជា។ ​ជម្រើស​ទាំង​៤នោះ ​ រួមមាន​៖ ទី១-​ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ ដោយ​ប្រើ​សំបុត្រ​កំណើត​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ចុះឈ្មោះ​ ទី២-​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​​ចាស់​ របស់​គជប​ សព្វថ្ងៃ​ ទី៣​-ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​ ដោយ​ប្រើ​ស្នាម​ម្រាមដៃ​ទាំង ១០​ និង​ជម្រើស​ទី៤​-ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​ ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ សម្រាប់​​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​សម្រាប់​បោះឆ្នោត។​

ជម្រើស​ទាំង​ ៤ ​របស់​សហភាព​អឺរ៉ុប​នោះ​ ត្រូវ​បាន​លោក​ ប៊ិន ឈិន ​ប្រធាន​ក្រុម​ការងារ​កំណែ​ទម្រង់​កា​របោះ​ឆ្នោត​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​  យល់​ឃើញ​ថា​ ជម្រើស​ទី៤​ អាច​យក​ប្រើប្រាស់ ​សម្រាប់​ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ ដូច​អ្វី​ដែល​ក្រុម​ការងារ​ចរចា ​បាន​លើក​ឡើង​ក្នុង​ការកែប្រែ​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ នៅ​ពេល​នេះ។

លោក​ ប៊ិន ឈិន ​បាន​បញ្ជាក់​ថា ​ជម្រើស​ទី៤ យើង​ប្រើ ​ប៉ុន្តែ​យើង​ប្រើ​អត្តសញ្ញាណប័ណ្ណ ​យក​ទៅ​បោះ​តែម្តង​ ហើយ​យក​ទៅ​បង្ហាញ​គេ ​ចុះឈ្មោះ​ មិនមែន​មនុស្ស​ម្នាក់​ មាន​អត្តសញ្ញាណប័ណ្ណ​ ចេះ​តែ​ទៅ​បោះឆ្នោត​បានទេ ​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ព្រោះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ គេ​មិន​ឲ្យ​បោះឆ្នោត​ទេ។ ​ត្រូវ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ហើយ​មាន​អត្តសញ្ញាណប័ណ្ណ​ហ្នឹង​ បាន​ទៅ​បោះឆ្នោត​បាន។

ចំណែក​លោក​ គួយ ប៊ុនរឿន​ ប្រធាន​ក្រុមការងារ​ចរចា​កំណែទម្រង់​ការ​បោះឆ្នោត​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​បទ​បង្ហាញ​របស់​ក្រុម​អ្នក​ជំនាញ​ការ​ សហភាព​អឺរ៉ុប​ លើ​បច្ចេកទេស​ ប្រសិទ្ធភាព​ និង​ពេលវេលា សម្រាប់​ធ្វើបញ្ជី​ចុះឈ្មោះ​អ្នក​បោះឆ្នោត។ ​តាម​លោក គួយ ប៊ុនរឿន​ គណបក្ស​សង្គ្រោះជាតិ​ ពេញចិត្ត​លើ​ជម្រើស​ទី៤ តែ​ចង់​ឲ្យ​គជប ចេញ​ប័ណ្ណបោះឆ្នោត​មួយទៀត សម្រាប់​ប្រើប្រាស់​ពេល​បោះឆ្នោត។   

លោក គួយ ប៊ុនរឿន បាន​បញ្ជាក់ថា​ “ជំរើស​ទាំងអស់ ​មាន​បី​បួន។ ប៉ុន្តែ​ជំរើស​ដែល​អាច​ងាយស្រួល ហើយ​លឿន គឺ​ជំរើស​ទី៤។ ជំរើស​ទី៤ហ្នឹង​ បាន​ន័យថា ​មាន​ទិន្នន័យ​ពី​ក្រសួងមហាផ្ទៃ​ ដែល​ទាក់ទង​នឹង​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ មក​ប្រគល់​ឲ្យ​គជប ហើយ​គជប ត្រូវ​មាន​ប្រព័ន្ធ​មួយទៀត​ហ្នឹង ដូចគ្នា​នឹង​ប្រព័ន្ធ​របស់​ក្រសួងមហាផ្ទៃ ហើយ​ឲ្យ​គជប ធ្វើការ​ត្រួតពិនិត្យ​ជាមុនសិន​ថា សុក្រិតភាព​ ទិន្នន័យ​ដែល​ក្រសួង មហាផ្ទៃ​ ផ្តល់​មក​ឲ្យ​គជប​ហ្នឹង មាន​ប្រសិទ្ធភាព​យ៉ាងម៉េច​ថែមទៀត ដើម្បី​បញ្ជាក់ថា អ្នកនោះ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត និង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង ការបោះឆ្នោត។ អីចឹង ក្នុងនោះ គជប អាច​បន្ថែម​ចំណុច​មួយទៀត លើ​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ ដែល​ផ្តល់​មក​ឲ្យ​នោះ រួមមាន ឈ្មោះ អាយុ ថ្ងៃខែ​ឆ្នាំ​កំណើត ទីលំនៅ​បច្ចុប្បន្ន អីចឹង​គជប​អាច​បន្ថែម​មួយ គឺ​ទីតាំង​ការិយាល័យ ដែល​ត្រូវ​បោះឆ្នោត។ អាហ្នឹង​គឺថា អាច​បញ្ចូល​ទិន្នន័យ​ភ្លាម ហើយ​អាច​ព្រី​ន​ប័ណ្ណបោះឆ្នោត សម្រាប់​អ្នកបោះឆ្នោត​នៅពេលនោះ​តែម្តង។ អាហ្នឹង​លក្ខណៈ​ងាយស្រួល​ជាទីបំផុត។

ពី​រសៀល​ថ្ងៃ​សុក្រ ទី២៣មករា ​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ មិនបាន​បន្ត​ជួបប្រជុំ​ចរចា កែប្រែ​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ នោះទេ។ នៅ​សប្តាហ៍​ក្រោយ ក៏​ក្រុមការងារ​គណបក្ស​ទាំងពីរ មិន​ជួបគ្នា​ដែរ ដោយសារតែ​ជាប់រវល់។ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ក្រុមការងារ​ចរចា​គណបក្ស​ទាំងពីរ បាន​ជជែក​កែប្រែ​ច្បាប់បោះឆ្នោត ដល់​ជំពូក​ទី៨ ក្នុងចំណោម ១២ ជំពូក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ