អានតួអត្ថបទ
កម្ពុជា

ស្ថានទូត​បារាំង​រៀបចំ​កម្មវិធី​សប្តាហ៍​នៃ​រសជាតិ​បែប​បារាំង​នៅ​កម្ពុជា

ស្ថាន​ទូ​បារាំង និង​សភាពាណិជ្ជកម្ម​បារាំង-កម្ពុជា នឹង​រៀបចំ​កម្មវិធី« សប្តាហ៍​នៃ​រសជាតិ​បែប​បារាំង​នៅ​កម្ពុជា»ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ២០ មីនា​ខាងមុខនេះ ។ កម្មវិធី​នេះ​នឹង​ផ្តល់ជូន​ប្រជាជន​ខ្មែរ និង​បរទេស នូវ​ឱកាស​ដើម្បី​ស្វែងយល់​ពី​របៀប​រស់​នៅ​​តាម​បែប​បារាំង ដែលមាន​ទាំង​កម្មវិធី​ភ្លក់​ម្ហូបអាហារ ការតាំង​ពិ​ព័ណ៌ ការ​បញ្ចាំង​ភាពយន្ត សន្និសីទ និង​ជំនួប​អាជីវកម្ម​នៅតាម​ទីតាំង​ដៃគូ​នានា​ក្នុង​រាជធានី​ភ្នំពេញ។

អគ្គរដ្ឋទូត​បារាំង លោកហ្សង់ក្លូដ ពាំបឺហ្វ(Jean-Claude Poimboeuf ) និងសហការី​ប្រចាំនៅកម្ពុជា​​បានថ្លែងក្នុង​សន្និសីតសារព័ត៌មាន។
អគ្គរដ្ឋទូត​បារាំង លោកហ្សង់ក្លូដ ពាំបឺហ្វ(Jean-Claude Poimboeuf ) និងសហការី​ប្រចាំនៅកម្ពុជា​​បានថ្លែងក្នុង​សន្និសីតសារព័ត៌មាន។ © សហការី
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​បារាំង​បានសម្រេច​បង្កើត​សប្តាហ៍​នៃ​រសជាតិ​បែប​បារាំង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៣ ដល់ ២០ មីនាឆ្នាំ ២០១៥ខាងមុខនេះ។ ឯកអង្គ​រដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា លោក​ហ្ស​ង់​ក្លូដ ពាំ​បឺ​ហ្វ​បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី ៤មីនា​នេះ ក្នុង​ស្ថានទូត​បារាំង ក្នុង​ទីក្រុង​ភ្នំពេញ​ថា​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ ស្វែងយល់​ឲ្យ​បាន​កាន់តែច្រើន​និង​ច្បាស់​ពី​ម្ហូបអាហារ ពាណិជ្ជកម្ម និង​វប្បធម៌​របស់​បារាំង។ ហើយ​ជាពិសេស​នៅ​ថ្ងៃទី ១៩មីនា អាហារ​ពេល​ល្ងាច​តាមបែប​បារាំង នឹងត្រូវ​រៀបចំឡើង​ក្នុង​ភោ​នី​យ​ដ្ឋា​ន​ចំនួន៤ ក្នុង​ទីក្រុង​ភ្នំពេញ។

ការរៀប​ចំនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រឹត្តិការណ៍«សប្តាហ៍​នៃ​រសជាតិ​បែប​បារាំង» ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ជុំវិញ​ពិភពលោក ដោយមាន​ការចូលរួម​ពី​មេ​ចុងភៅ​ជាង ១ពាន់ ៣រយ​នាក់​និង​បណ្តា​ស្ថានទូត​បារាំង​ទាំងអស់។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរ អាហារ​បារាំង​ដែល​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។
លោក​ហ្ស​ង់​ក្លូដ ពាំ​បឺ​ហ្វ​បាន​បន្តថា នៅ​កម្ពុជា​កម្មវិធី​នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដោយ​រួម​ប​ញ្ជូ​ល​បន្ថែម​នូវ​កម្មវិធី​វប្បធម៌ និង​ពាណិជ្ជកម្ម ដែល​បើកទូលាយ​ឲ្យ​សាធារណៈជន​ទូទៅ​អាច​ចូលរួមបាន​នៅតាម​ទីតាំង​មួយចំនួន​ដូចជា វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ហាង សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាដើម។

ជាមួយគ្នានេះដែរ ប្រធានសភា​ពាណិជ្ជកម្ម​បារាំង-កម្ពុជា​លោក Arnaud Darc ក៏បាន​បន្ថែមថា រហូតមកដល់​នឹង​ពេលនេះ សភាពាណិជ្ជកម្ម​បារាំង-កម្ពុជា​ទទួលបាន​សមា​ជិ​ក​សហគ្រិន​បារាំង​នៅ​កម្ពុជា​ចំនួន១៥០នាក់ ហើយ​ក្រុមហ៊ុន​បារាំង​ទាំងអស់​នៅ​កម្ពុជា ដែល​រាប់បញ្ចូល​ទាំង​ការបណ្តាក់ទុន​រួមគ្នា​ទាំង ក្រុមហ៊ុន​តូច និង​ធំ គឺមាន​ចំនួន២៥០ក្រុមហ៊ុន។ ហើយ​ក្រុមហ៊ុន​ទាំងអស់នោះ​វិនិយោគ​ទៅលើ​វិស័យ​សំណង់ ទឹកស្អាត ប្រេង​ឥន​ន្ទៈ គ្រឿងសំអាង និង​ថ្នាំពេទ្យ​ជាដើម។

សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ២០១៤ កម្ពុជា​នាំចូល​ផលិតផល​ពី​ប្រទេស​បារាំង​មាន​ចំនួន ជិត ៧០លាន​អឺរ៉ូ កើនឡើង​ចំនួន​ជាង ១១% ធៀប​នឹង​ឆ្នាំ ២០១៣។ផលិតផល​ដែល​នាំ​ចូលមក​កម្ពុជា​មានដូចជា​ថ្នាំពេទ្យ អាហារ ស្រា និង​គ្រឿងសំអាង​ជាដើម។ ដោយឡែក​កម្ពុជា​នាំចេញ​ផលិតផល​ទៅកាន់​ប្រទេស​បារាំង​មាន​ទំហំ​ទឹកប្រាក់​ចំនួន ជិត៤០០លាន​អឺរ៉ូ កើនឡើង​ចំនួន​ជាង ៣៣% ធៀប​នឹង​ឆ្នាំ ២០១៣។ ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​បារាំង​រួមមាន​អង្ករ សម្លៀកបំពាក់ ស្បែកជើង ហើយ​និង​ផលិតផល​មួយចំនួន​ផ្សេងទៀត។ «សប្តាហ៍​នៃ​រសជាតិ​បែប​បារាំង​នៅ​កម្ពុជា»គឺជាផ្នែកមួយ​នៃ​ការ​បង្កើន​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រទេស​ទាំង​ពីរ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ