អានតួអត្ថបទ
កម្ពុជា

អង្គការ​អន្តរជាតិ​មួយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ករណី​វាយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស

អង្គការ​អន្តរជាតិ Frontline Defender ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ែកឡង់​ និង​ប៊ែលហ្ស៊ិក បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ករណី​វាយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិស័ក សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់។ អង្គ​ការ​អន្តរជាតិ​មួយ​នេះ ក៏​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល ធានា​សុវត្ថិភាព​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ ​Frontline ​Defender ​ចេញ​កាល​ពី​ថ្ងៃ​ទី ​២០​ តុលា ​ឆ្នាំ ​២០១៦។​
សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ ​Frontline ​Defender ​ចេញ​កាល​ពី​ថ្ងៃ​ទី ​២០​ តុលា ​ឆ្នាំ ​២០១៦។​
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​ ២០​តុលា អង្គការ​អន្តរជាតិ Frontline Defender បាន​ទាមទារ​ ៣​ចំណុច។ ក្នុង​ចំណោម​ចំណុច​សំខាន់​ៗ​ទាំង​ ៣​នោះ អង្គការ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ែកឡង់​ និង​ប៊ែលហ្ស៊ិក​នេះ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ករណី​វាយដុំ​លោក អំ សំអាត អ្នក​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ និង​លោក ចាន់ ពុទ្ធិស័ក សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ កាល​ថ្ងៃ​ទី​ ១០​តុលា ក្នុង​អំឡុង​ពេល​ ដែល​ពួកគេ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ហែក្បួន ក្នុង​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភព​លោក។ ក្រៅ​ពី​នេះ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ធ្វើ​ការ​រួមគ្នា​ជាមួយ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួក​គេ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​បាន​ស្តី​បន្ទោស​ថា ការ​បំពាន​លើ​រូបរាង​កាយ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ និង​ការ​បំពេញ​តួនាទី​របស់​ពួកគេ​ប្រកប​ដោយ​សន្តិភាព។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ លោក ខៀវ សុភ័ក្រ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​នេះ។

គួរ​ជម្រាប​ជូន​ថា ក្រោយ​រង​ការ​វាយ​ដំ​ពី​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ដែល​ដឹក​នាំ​ដោយ​លោក ទឹម វុត្ថា ហៅ ជាម រដ្ឋា កាល​ពី​ថ្ងៃ​ទី​ ១០​តុលា​នោះ លោក អំ សំអាត អ្នក​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ខណ្ឌ ជ័យ​ជំនះ។ ប៉ុន្តែ​លោក អំ សំអាត បាន​អះអាង​ថា ចាប់​តាំង​ពី​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​តាំង​ពី​ថ្ងៃ​ទី​ ១០​តុលា​ រហូត​មក​ដល់​ថ្ងៃ​ទី​ ២៥​តុលា​នេះ លោក​មិន​ទាន់​ត្រូវ​បាន​កោះ​ហៅ​ទៅ​សាកសួរ​បន្ថែម​នោះ​ទេ។

សូម​បញ្ជាក់​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិស័ក បាន​រង​អំពើ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​ ១០តុលា ចំ​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត (Rohna Smith) ក៏​កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ