អានតួអត្ថបទ
កម្ពុជា

អ្នករាយការណ៍​ពិសេស​UN៖ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​និង​សេរីភាព

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោក​ស្រី រ៉ូណា ស្មីត (Rohna Smith) បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ ៣ នៅ​កម្ពុជា​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​ ១៩​តុលា​នេះ។ ក្នុង​រយៈ​ពេល​ជិត​ ១០​ថ្ងៃ​មក​នេះ លោក​ស្រី បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​មន្រ្តី​គណបក្ស​ប្រឆាំង​ផង​ដែរ។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍ ដែល​មាន​កម្រាស់​ ១០​ទំព័រ​នេះ ភាគ​ច្រើន គឺ​ជា​ការ​ណែនាំ និង​ផ្តល់​អនុសាសន៍​ជា​ជាង​ការ​ស្តី​បន្ទោស។

អ្នករាយការណ៍​ពិសេស​UN៖ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​និង​សេរីភាព
អ្នករាយការណ៍​ពិសេស​UN៖ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​និង​សេរីភាព
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ដែល​មាន​កម្រាស់​ជាង​ ១០​ទំព័រ ហើយ​ត្រូវ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ ដោយ​លោក​ស្រី រ៉ូណា ស្មីត (Rohna Smith) អ្នក​រាយការណ៍​ពិសេស​របស់​រាយការណ៍​ពិសេស​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​ ១៩​តុលា​នេះ ភាគ​ច្រើន គឺ​ជា​ការ​ណែនាំ​ និង​ជា​ការ​ផ្តល់​អនុសាសន៍ ជា​ជាង​ការ​ស្តី​បន្ទោស។

ក្នុង​ចំណោម​ចំណុច​សំខាន់​ៗ​ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ លោក​ស្រី​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​កែ​លម្អ​លើ​បញ្ហា​មួយ​ចំនួន ពិសេស​លើ​បញ្ហា​របស់​ក្រុម​ងាយ​រង​គ្រោះ, ក្រុម​ជនជាតិ​ដើម​ភាគ​តិច បញ្ហា​ជម្លោះ​ដីធ្លី​ ដែល​នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ​នៅ​កម្ពុជា។ លើ​បញ្ហា​គោលការណ៍​ច្បាប់​ និង​យុត្តិធម៌​វិញ ត្រូវ​បាន​លោក​ស្រី​ស្មីត ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌ ពិចារណា​តាក់​តែង​គោលការណ៍​ណែនាំ ស្តីពី លក្ខខណ្ឌ​ត្រូវ​នៃ​ការ​បង្ហាញ​ភស្តុតាង​ និង​ធានា​ថា ចៅក្រម​ទាំង​អស់​ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​លើ​បញ្ហា​នេះ និង​ផ្សព្វផ្សាយ​សំអាង​ហេតុ​ផ្នែក​ច្បាប់​ ដែល​បាន​ប្រើប្រាស់​នៅ​ក្នុង​សំណុំ​រឿង​ក្តី​នីមួយៗ។ លើ​បញ្ហា​ពន្ធនាគារ​វិញ លោក​ស្រី​បាន​បង្ហាញ​ការ​បារម្ភ​ពី​ការ​ផ្ទុក​លើស​ចំនួន​នូវ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ រួម​ទាំង​ការ​កើន​ឡើង​នៃ​ជន​ជាប់​ឃុំ​បណ្តោះ​អាសន្ន​នៅ​ក្នុង​សំណុំ​រឿង​ជា​ច្រើន។ លើ​បញ្ហា​បោះឆ្នោត​វិញ លោក​ស្រី​មិន​បាន​លើក​ឡើង​ច្រើន​នោះ​ទេ ដោយសារ​បច្ចុប្បន្ន​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដែល គ.ជ.ប កំពុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី។ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធានា​សិទ្ធិ​បោះឆ្នោត និង​សេរីភាព​របស់​ប្រជាពលរដ្ឋ។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០​ថ្ងៃ​នៅ​កម្ពុជា​នេះ លោក​ស្រី​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប ក្នុង​ការ​ធ្វើ​សកម្មភាព​លើក​ស្ទួយ និង​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ហោច​ណាស់ ក៏​អនុវត្ត​តាម​ច្បាប់​ស្តីពី ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដែរ។ លើស​ពី​នេះ​លោក​ស្រី ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ គួរ​តែ​ពិចារណា​លុប​ចោល​បទ​ល្មើស​ព្រហ្មទណ្ឌ​បរិហាកេរ្តិ៍​ពិសេស​មាត្រា ៣០៥ និង ៣០៦ និង​ការ​ប្រមាថ​ជា​សាធារណៈ មាត្រា ៣០៧​ចេញ ដែល​ជា​បទ​ល្មើស​កំពុង​ត្រូវ​បាន​យក​មក​ប្រើ​ធ្វើ​ជា​សម្អាង​ ដើម្បី​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ចំណែក​លើ​បញ្ហា​បរិយាកាស​នយោបាយ ដែល​ទាក់​ទង​នឹង​គណបក្ស​ប្រឆាំង​វិញ ក៏​អ្នក​រាយការណ៍​ពិសេស​មិន​បាន​លើក​ឡើង​ច្រើន​នោះ​ដែរ ប៉ុន្តែ​បាន​យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍ ដែល​ត្រូវ​បាន​លើក​ឡើង​រួច​មក​ហើយ​ដោយ​ក្រុម​ប្រទេស​ចំនួន​ជាង​ ៣០​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​មុន។

បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ លោក​ស្រី​នឹង​សរសេរ​ជា​របាយការណ៍​នេះ ដាក់​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៧​ខាង​មុខ។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ស្រី​បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា មន្រ្តី​អង្គការ​សង្គម​ស៊ីវិល ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំព​ង់ស្ពឺ ទស្សន​កិច្ច​នៅ​ពន្ធនាគារ​ព្រៃស និង​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​មនុស្ស​អនាថា​នៅ​តាម​ផ្លូវ​។ ប៉ុន្តែ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក​ស្រី​មិន​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ