អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាល​កម្ពុជា​បដិសេធ ពី​ទំនាក់​ទំនង​ជាមួយ​ម្ចាស់​ថ្មី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ថា ខ្លួន​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​ថៅកែ​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ​ទេ ខណៈ​ដែល​កាសែត​ពីរ​ភាសា​នេះ​ទើប​តែ​បណ្តេញ​បុគ្គលិក​ជាន់​ខ្ពស់​មួយ​ចំនួន​ក្រោម​ហេតុ​ផល​ចេញ​ផ្សាយ​ព័ត៌មាន​ខ្លួន​ឯង​ពី​ការ​លក់​កាសែត​វ័យ​ចំណាស់​ជាង​២៥​ឆ្នាំ​មួយ​នេះ។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្លួន​ថា ​អ្នក​វិនិយោគិន​ម៉ាឡេស៊ី​​ ដែល​ទិញ​កាសែត​នេះ មាន​ទំនាក់​ទំនង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍
កាសែត​ភ្នំពេញ​ប៉ុស្តិ៍ @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា បញ្ហា​បណ្តេញ​បុគ្គលិក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​នេះ។ ដោយ​បដិសេធ​ថា រដ្ឋាភិបាល​មិន​មាន​ទំនាក់​ទំនង​​អ្វី​ជាមួយ​នឹង​ថៅកែ​ថ្មី​នៃ​កាសែត​ពីរ​ភាសា​នេះ​ផង​នោះ លោក សុខ ឥសាន បាន​ចាត់​ទុក​ការ​បណ្តេញ​បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ៍​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​កាសែត​នេះ​ថា ជា​សិទ្ធិ​របស់​ម្ចាស់​លុយ​ដោយ​សារ​តែ​បុគ្គលិក​មិន​ស្តាប់​បង្គាប់។

យ៉ាង​ណា​ក៏​ដោយ ក្រុម​បុគ្គលិក​ជាតិ​ និង​អន្តរជាតិ​ជាង​២០​នាក់ ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ល្ងាច​ពី​ម្សិល​មិញ ដោយ​ថ្កោល​ទោស​ម្ចាស់​ថ្មី​នៃ​កាសែត​ពីរ​ភាសា​នេះ ដែល​បាន​បណ្ដេញ​និពន្ធ​នាយក​របស់​ខ្លួន​គឺ​លោក កៃ គឹមសុង ចេញ​ពី​ការងារ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ចន្ទ។ សេចក្ដី​ថ្លែងការណ៍​ដែល​នាំ​មុខ​ដោយ​បុគ្គលិក​បរទេស​នេះ​ បាន​លើក​ឡើង​ទៀត​ថា បុគ្គលិក​ជា​ច្រើន​នាក់ បាន​លាលែង​ចេញ​ពី​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​រួច​ទៅ​ហើយ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​នេះ។

ការ​បណ្ដេញ​បុគ្គលិក​ជាន់​ខ្ពស់​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​នេះ​កើត​ឡើង បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​នៃ​កាសែត​​នេះ ​គឺលោក​ Brendan O'Byrne ​និង​លោក​ Ananth Baliga​ បាន​សរសេរ​អត្ថបទ​មួយ​អំពី​ការ​លក់​កាសែត​នេះ ទៅ​ឱ្យ​អ្នក​វិនិយោគ​ម៉ាឡេស៊ី​ លោក ​Sivakumar S. Ganapathy​។ ក្នុង​អត្ថបទ​នោះ ក៏​បាន​បង្ហាញ​ព័ត៌មាន​អំពី​ទំនាក់​ទំនង​ដែល​អាច​មាន​រវាង​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ ទៅ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​ដែរ។

ចំណែក អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ចាត់​ទុក​វិវាទ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នា​ពេល​នេះ​ថា«ជា​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បន្ទាប់​ពី​កាសែត​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ជំហរ​ឯករាជ្យ​នេះ ត្រូវ​បាន​លក់​ទៅ​ឱ្យ​អ្នក​ជំនួញ​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​ ដែល​មាន​ទំនាក់​ទំនង​នឹង​នាយក​រដ្ឋមន្រ្តី»។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ ត្រូវ​បាន​សារព័ត៌មាន​បរទេស​មួយ​ចុះ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ថា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ផ្នែក​ពន្ធ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និង​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ពន្ធ​មាន​តម្លៃ ៣.៩​លាន​ដុល្លារ ជុំ​វិញ​ការ​ខក​ខាន​មិន​បាន​រាយការណ៍​អំពី​ការ​ផ្ទេរ​ប្រាក់ ២.៥​លាន​ដុល្លារ​ពី​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន ចាក់​បញ្ចូល​ក្នុង​គណនី​សារព័ត៌មាន​មួយ​នេះ។

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បាន​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​វាយ​តម្លៃ​ថា បាន​ធ្លាក់​ចុះ​មក​នៅ​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភពលោក ពោល​គឺ​ថយ​ចុះ​ចំនួន​១០​ថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ